ជាតិ
សង្គមជាតិ
ជំនួយការនាយករដ្ឋមន្រ្តី បង្ហោះសារដដែលៗថា ត្រូវឈប់ធ្វើរបាយការណ៍កុហក ដើម្បីអាចដោះស្រាយវិវាទដីធ្លីឆាប់ចប់
13, Sep 2021 , 10:35 pm        
រូបភាព
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក ដួង ដារ៉ា ជួបពិភាក្សាជាមួយប្រជាពលរដ្ឋមួយចំនួន ជាតំណាងរបស់ប្រជាពលរដ្ឋទាំង១៤២គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលមិនទាន់ទទួលបានដីធ្លីតាមការសម្រេចរបស់រដ្ឋាភិបាលតាំងពីឆ្នាំ២០១១មក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ដួង ដារ៉ា
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក ដួង ដារ៉ា ជួបពិភាក្សាជាមួយប្រជាពលរដ្ឋមួយចំនួន ជាតំណាងរបស់ប្រជាពលរដ្ឋទាំង១៤២គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលមិនទាន់ទទួលបានដីធ្លីតាមការសម្រេចរបស់រដ្ឋាភិបាលតាំងពីឆ្នាំ២០១១មក។ រូបពីទំព័រហ្វេសប៊ុករបស់លោក ដួង ដារ៉ា
តើការបង្ហោះសារជាដដែលៗ និងជាញឹកញាប់បែបនេះ ដើម្បីដាស់តឿនមន្រ្តីថ្នាក់ក្រោម ដែលធ្លាប់ធ្វើរបាយការណ៍កុហកសម្តេច ហ៊ុន សែន ឬកុហកថ្នាក់លើ ឲ្យបញ្ឈប់?



បើចូលទៅមើលទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដួង ដារ៉ា ជំនួយការផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គេនឹងបានឃើញសាររបស់លោកយ៉ាងតិច៥ ដែលលោក បង្ហោះចាប់ពីដើមខែកញ្ញា រហូតដល់ជិតពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទដីធ្លី។ សារទាំង៥នោះ គឺលោក និយាយពីបេសកកម្មរបស់លោក ដែលលោក ចុះទៅជួយដោះស្រាយវិវាទដីធ្លីក្នុងករណីផ្សេងពីគ្នា។

ក្នុងចំណោមសារ៥របស់លោក ដែលបរិយាយពីការដោះស្រាយករណីវិវាទដីធ្លីនីមួយៗ លោក សុទ្ធតែបញ្ជូលឃ្លាថា ត្រូវបញ្ឈប់ការធ្វើរបាយការណ៍ភូតកុហក ដើម្បីដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ។

សារ៣ដំបូង គឺលោក បានភ្ជាប់ជាមួយនឹងពាក្យសម្តេច ដោយលោក សរសេរថា៖«យើង ត្រូវរួមគ្នាបញ្ឈប់ការធ្វើរបាយការណ៍ភូតកុហកសម្តេច ដើម្បីដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាក»។

សារ២ចុងក្រោយ លោកបានលុបពាក្យសម្តេចចោលវិញ ដោយលោក សរសេរត្រឹមថា៖«យើង ត្រូវរួមគ្នាបញ្ឈប់ការធ្វើរបាយការណ៍ភូតកុហក ដើម្បីដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ»។

នៅពេលឃើញលោក ដួង ដារ៉ា សរសេរថា រួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហក ក៏មានប្រជាពលរដ្ឋមួយចំនួន ចោទសួរតាមបណ្តាញសង្គមថា តើកន្លងមក ធ្លាប់មានមន្រ្តីថ្នាក់ក្រោម ធ្វើរបាយការណ៍ភូតកុហកក្នុងរឿងដីធ្លី ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ឬជូនទៅថ្នាក់លើផ្សេងទៀត? ហើយដោយសារតែមានមន្រ្តី ធ្វើរបាយការណ៍ខុសការពិតបែបនេះ ទើបវិវាទដីធ្លី មិនអាចដោះស្រាយបាន?

វិវាទដីធ្លីទាំងប៉ុន្មានករណីខាងលើ សុទ្ធតែជាវិវាទដីធ្លីរ៉ាំរ៉ៃ និងអូសបន្លាយពេលដ៏យូរអង្វែង ដោយមិនអាចដោះស្រាយចេញ។ តែវិវាទដីធ្លីទាំងនោះ បែរជាត្រូវបានដោះស្រាយ ក្រោយលោក ដួង ដារ៉ា ជំនួយការរបស់នាយករដ្ឋមន្រ្តី ចុះទៅជួយដោះស្រាយដោយផ្ទាល់។

ជាក់ស្តែង ក្នុងចំណោមវិវាទដីធ្លីទាំងនោះ មានវិវាទដីធ្លី១ករណី ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋដល់ទៅ១៤២គ្រួសារ នៅខេត្តបន្ទាយមានជ័យ បានអូសបន្លាយពេលតាំង២០១១មកម្ល៉េះ នៅតែមិនទាន់បញ្ចប់ទៀត។ លោក ដួង ដារ៉ា អះអាងថា កាលពីឆ្នាំ២០១១ រដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ.) ស្តីពីការផ្តល់ដីដល់ប្រជាពលរដ្ឋទាំង១៤២គ្រួសារនោះ តែរហូតមកដល់ឆ្នាំ២០២១នេះ ពួកគាត់ នៅតែមិនទាន់ទទួលបាន។

ដោយសារមិនទាន់ទទួលបានដី ដែលរដ្ឋាភិបាលផ្តល់ឲ្យ ប្រជាពលរដ្ឋទាំងនោះ បានដាក់សំណើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍។ ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ លោក ដួង ដារ៉ា បានចុះទៅពិភាក្សាជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋទាំងនោះ។ លោក បង្ហាញជំនឿថា លោក និងអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងអាចឈានទៅបញ្ចប់វិវាទដីធ្លីនេះ ឲ្យបានចប់ពិតប្រាកដ។

ថ្វីបើការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋទាំង១៤២គ្រួសារ មិនទាន់ចេញលទ្ធផលពិតមែន តែគេ អាចសន្និដ្ឋានថា បញ្ហាដីធ្លីនេះ អាចមានភាគរយច្រើន ក្នុងការទទួលបានដំណោះស្រាយសមស្រប ដ្បិតថា លោក ដួង ដារ៉ា ទទួលបញ្ជាផ្ទាល់ពីសម្តេចនាយករដ្ឋមន្រ្តី ឲ្យចុះទៅដោះស្រាយ ហើយម្យ៉ាងទៀត គេ បានឃើញបញ្ហាដីធ្លី៣-៤ករណីខាងលើ ត្រូវបានដោះស្រាយដោយជោគជ័យរួចមកហើយ ក្រោមវត្តមានរបស់លោក។ 

ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយអ្នកមានអំណាច ឧកញ៉ា ឯកឧត្តម ឬជាមួយអាជ្ញាធរ គឺជាបញ្ហារ៉ាំរ៉ៃនិងស្មុគស្មាញ១នៅកម្ពុជា។ មកដល់បច្ចុប្បន្ន នៅតែមានប្រជាពលរដ្ឋ បន្តសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល លើការរំលោភបំពានដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ ពីសំណាក់អ្នកមានលុយ-មានអំណាច។ រដ្ឋាភិបាល ហាក់ប្រឹងប្រែងដោះស្រាយខ្លាំងណាស់ដែរលើបញ្ហាដីធ្លីនេះ តែនៅតែមិនអស់៕

Tag:
 ដួង ដារ៉ា
  វិវាទដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com