ជាតិ
ភ្នំពេញនឹងមានស្ថានីយ៍ប្រព្រឹត្តកម្ម «សំណល់ភក់បង្គន់» ក្រោមគម្រោងទឹកប្រាក់៣,៧លានដុល្លារ
14, Sep 2021 , 2:05 pm        
រូបភាព
រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ដំណើការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម «សំណល់ភក់បង្គន់» នៅខែ មេសា ឆ្នាំ២០២២។ នេះជាគម្រោងមួយដែលស្ថិតក្រោមកិច្ច សហប្រតិបត្តិការ រវាងរដ្ឋបាល រាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

 
ស្ថិតក្នុងខណ្ឌកំបូល ស្ថានីយ៍ប្រព្រឹត្តកម្ម «សំណល់ភក់បង្គន់» ទទួលបានការគាំំទ្រពីAIMF , ពីទីភ្នាក់ងារ Agence de l’eau Seine-Normandie រួមទាំងសហជីពអន្តរជាតិដេប៉ាតឺម៉ង់ដើម្បីអនាម័យសាធារណៈ ប្រចាំទីក្រុងប៉ារីស (SIAAP)។ បើតាមការអះអាងរបស់ លោក សារ៉ាម ម៉ារទីន មន្ត្រីគ្រប់គ្រងគម្រោង ស្ថានីយ៍ប្រព្រឹត្តកម្មនេះ មានទំហំទឹកប្រាក់ប្រមាណ៣,៧លានដុល្លារអាមេរិក។
 
លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ថា គោលបំណងនៃគម្រោង សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម«សំណល់ភក់បង្គន់» នេះ គឺដើម្បីធ្វើឱ្យ ប្រសើរឡើងនូវអនាម័យក្នុងរាជធានី និង សម្រប សម្រួលដល់ស្ថាប័នគ្រប់គ្រងខ្សែចង្វាក់តម្លៃសំណល់ភក់បង្គន់។  លើសពីនេះ ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មនេះ ក៏សម្រាប់បង្កើតទីផ្សារសម្រាប់ផលិតផលភក់បង្គន់ និងការកសាងសមត្ថភាពដល់សាលារាជធានីភ្នំពេញ ដើម្បីការគ្រប់គ្រងពេញលេញលើខ្សែច្រវ៉ាក់តម្លៃភក់បង្គន់។ 


 
បើតាមលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ គឺជាការចាប់ផ្តើមនៃជំហានទី២ បន្ទាប់ពីទទួលបានជោគជ័យក្នុងការសិក្សាដែល បានចាប់ផ្តើមក្នុង ជំហានទី១កាលពីឆ្នាំ២០១៨។ លោក នួន ផារ័ត្ន បានបញ្ជាក់នៅទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីថ្ងៃទី៩កញ្ញា ឆ្នាំ២០២១ ថា  ការចាប់ផ្តើមសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាផ្នែកមួយនៃផែនការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។


 
ការគ្រប់គ្រងសំណល់ភក់បង្គន់នេះ ជាការងារអាទិភាពមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រោះបរិមាណសំណល់ភក់បង្គន់បានកើនឡើងជាលំដាប់។ យោងតាមការសិក្សានៅឆ្នាំ២០១១ សំណល់ភក់បង្គន់របស់ពលរដ្ឋនៅភ្នំពេញ មានចំនួន ២៦ ០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ហើយតាមការប៉ាន់ស្មាន នៅឆ្នាំ២០៣៥ ចំនួននេះ នឹងកើនដល់ ៣៣០ ០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឱ្យអាជ្ញាធរយកចិត្តទុកដាក់ ដើម្បីរៀបចំអាងប្រព្រឹត្តកម្ម ក្នុងការជួយដោះស្រាយបញ្ហាសុខុមាលភាពក្នុងទីក្រុងភ្នំពេញ។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន៕


 

Tag:
 សំណល់ភក់បង្គន់
© រក្សាសិទ្ធិដោយ thmeythmey.com