ជាតិ
សង្គមជាតិ
លោក ស ថេត ៖ មន្រី្តខ្លះ ទុកឯកសារពលរដ្ឋចោល រាប់ខែ រាប់ឆ្នាំ, ពលរដ្ឋត្រូវរាយការណ៍ករណីនេះ
15, Sep 2021 , 2:39 pm        
រូបភាព
លោក ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ រូបភាពពីស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ
លោក ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ រូបភាពពីស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ស ថេត ប្រាប់ឱ្យពលរដ្ឋរាយការណ៍ទៅក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សរបស់ខ្លួន ចំពោះមន្ត្រីនគរបាលណា ដែលបានទុកឯកសារពលរដ្ឋចោលអស់រាប់ខែ រាប់ឆ្នាំ។ ការលើកឡើងរបស់ស្នងការរាជធានីនេះ បន្ទាប់ពីមានពលរដ្ឋរអ៊ូពីបញ្ហាយឺតយ៉ាវ និងអាកប្បកិរិយាមិនសមរម្យរបស់មន្ត្រីនគរបាល តាមបណ្ដាញសង្គម។

 
តាមរយៈហ្វេសប៊ុកខ្លួន លោក ស ថេត បានអះអាងថា សមត្ថកិច្ចមូលដ្ឋាន តាមអធិការដ្ឋាននគរបាល​ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​  ភាគច្រើនបានបម្រើសេវាយ៉ាងល្អដល់​ពលរដ្ឋហើយ។ កិច្ចការទាំងនោះ មានដូចជាការទទួលពាក្យបណ្តឹង​ ការប្រើប្រាស់ពាក្យសម្ដីនិងកាយវិការសមរម្យ​ ដោយយកចិត្តធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ បានយ៉ាងឆាប់រហ័ស។ 
 
ទោះបីជាយ៉ាងនេះក្ដី ក៏មានមន្ត្រីខ្លះ នៅអសកម្មចំពោះការងារខ្លួនដែរ។ លោក ស ថេត ដែលទទួលបានព័ត៌មានពីពលរដ្ឋនោះ បានបញ្ជាក់ថា មានមន្រី្តមួយចំនួន មិនបានបំពេញកិច្ចការជូនពលរដ្ឋឱ្យត្រឹមត្រូវឡើយ ដោយពួកគេយកឯកសារពីពលរដ្ឋ លើករណីនានា ទៅទុកកប់ចោល រួមទាំងប្រើពាក្យសម្តីមិនសមរម្យទៀតផង។ 
 
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះ៖ «ទោះជាយ៉ាងណា​ ក៏នៅតែមានមន្ត្រីមួយចំនួនតូច​ នៅតែអនុវត្តការងារខាងលើមិនទាន់បានល្អនៅឡើយ​ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោលអស់រយៈពេលជាច្រើនខែ​ ឆ្នាំ ដោយមិនបានធ្វើជូនប្រជាពលរដ្ឋ​នោះទេ​»។
 



កាលពីពេលថ្មីៗនេះ ពលរដ្ឋតាមរយៈបណ្ដាញសង្គម បានរអ៊ូពីភាពយឺតយ៉ាវ និងអាកប្បកិរិយាមិនសមរម្យរបស់មន្ត្រីនគរបាលតាមប៉ុស្តិ៍ និងអធិការដ្ឋានផ្សេងៗ។ ក្រោយទទួលបានព័ត៌មាននេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានទាក់ទងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនិងបំពេញកិច្ចការងារដល់ពលរដ្ឋ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ 
 
ជុំវិញបញ្ហានេះ លោក ស ថេត ក៏បានលើកទឹកចិត្តឱ្យពលរដ្ឋ បន្តរាយការណ៍មកកាន់ក្រុមការងារស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងករណីជួបមន្រី្ត ប្រើពាក្យសម្ដីនិងកាយវិការមិនសមរម្យ ជាពិសេស មានភាពយឺតយ៉ាវខ្លាំង លើការជួយសម្រួល និងដោះស្រាយបញ្ហាពលរដ្ឋ ហើយយកឯកសារពលរដ្ឋទុកចោលនេះ៕
 
ពលរដ្ឋក៏អាចទាក់ទងទូរស័ព្ទរបស់ក្រុមការងារប្រតិកម្មរហ័សតាមលេខ ០៦៩ ៥១៦ ៩៩៩ ។
​ 
 

© រក្សាសិទ្ធិដោយ thmeythmey.com