អន្តរជាតិ
កូរ៉េខាងជើង៖ មីស៊ីលបាលីស្ទិកពីរគ្រាប់បាញ់ម្សិលមិញ ត្រូវបាញ់ចេញពីរថភ្លើង
16, Sep 2021 , 10:07 am        
រូបភាព
រូបថតបង្ហាញពីការបាញ់មីស៊ីលបញ្ចេញដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
រូបថតបង្ហាញពីការបាញ់មីស៊ីលបញ្ចេញដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
កូរ៉េខាងជើង នៅថ្ងៃទី១៦ ខែកញ្ញា បានប្រកាសពីការសាកល្បងប្រព័ន្ធបាញ់មីស៊ីលថ្មីមួយ ដែលបាញ់ចេញពីរថភ្លើង។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ការសាកល្បងដែលបានបាញ់មីស៊ីលដល់ទៅ២គ្រាប់នេះ ជាការពង្រឹងសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការវាយប្រហារគោលដៅដែលបង្កការគំរាមលើលប្រទេសខ្លួន។

 
បន្ទាប់ស្ងប់ស្ងាត់មួយរយៈ កូរ៉េខាងជើង ហាក់បង្កើនសកម្មភាពយោធាឡើងវិញ ដោយបានសាកល្បងអាវុធជាបន្តបន្ទាប់។ នៅដើមសប្ដាហ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ដែលមីស៊ីលប្រភេទនេះមិនស្ថិតក្រោមការហាមឃាត់របស់អង្គការសហប្រជាជាតិឡើយ។ នៅថ្ងៃទី១៥ ខែកញ្ញា កូរ៉េខាងត្បូង និងជប៉ុន ក៏ចាប់បានសញ្ញាមីស៊ីល២គ្រាប់ទៀតដែលត្រូវបានបាញ់ដោយកូរ៉េខាងជើង និងជាប្រភេទមីស៊ីលបាលីស្ទិកចម្ងាយខ្លី ដែលស្ថិតក្រោមការហាមប្រាម។
 
 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃទី១៦ ខែកញ្ញា ថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីល២គ្រាប់មែន ដែលជាសាកល្បងប្រព័ន្ធបាញ់មីស៊ីលចេញពីរថភ្លើង។ ក្នុងរូបភាពដែលបញ្ចេញដោយ KCNA មីស៊ីលត្រូវបានបាញ់ចេញពីរថភ្លើងកំពុងចត ហើយមានផ្សែងហុយទ្រលោមចេញពីចំណុចបាញ់មីស៊ីល។ កូរ៉េខាងត្បូងអះអាងថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីតំបន់ Yangdok នៅភាគកណ្ដាលកូរ៉េខាងជើង។
 
លោក Pak Jong-chon សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយបក្សពលករកូរ៉េកំពុងកាន់អំណាច និយាយថា ប្រព័ន្ធបាញ់មីស៊ីលចេញពីរថភ្លើងនេះ នឹងដើរតួជាកម្លាំងវាយបកដ៏មានប្រសិទ្ធភាពដែលមានសមត្ថភាពវាយប្រហារកម្លាំងបង្កការគំរាម។ ដោយសារកម្លាំងប្រតិបត្តិការនៅតូចនៅឡើយ លោក Pak បញ្ជាក់ថា កូរ៉េខាងជើងមានផែនការដំឡើងអង្គភាពនេះទៅជាកងពលតូចតែម្ដង ហើយបង្កើនការសាកល្បងដើម្បីទទួលបានបទពិសោធដូចសង្រ្គាមជាក់ស្ដែង។
 
លោក Adam Mount អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯសហព័ន្ធអ្នកវិទ្យាសាស្រ្តអាម៉េរិក បានសរសេរលើ​Twitter ថា ប្រព័ន្ធបាញ់មីស៊ីលពីរថភ្លើងនេះ មិនចំណាយច្រើនឡើយ ហើយសក្ដិសមសម្រាប់ប្រទេសដែលចង់បង្កើនសមត្ថភាពនុយក្លេអ៊ែរ។ ទោះអាចជាបញ្ហាសម្រាប់កូរ៉េខាងជើងដែលមានប្រព័ន្ធផ្លូវរថភ្លើងមិនសូវល្អ មធ្យោបាយបែបនេះ នឹងធ្វើឱ្យអាម៉េរិកឈឺក្បាលមួយកម្រិតទៀតដដែល៕
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com