អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ទៀត ខណៈប្រមុខការទូតកូរ៉េខាងត្បូងនិងចិនជួបចរចាគ្នា
15, Sep 2021 , 5:02 pm        
រូបភាព
មីស៊ីលដែលកូរ៉េខាងជើងបាញ់នាពេលកន្លងមក។ រូបថត KCNA
មីស៊ីលដែលកូរ៉េខាងជើងបាញ់នាពេលកន្លងមក។ រូបថត KCNA
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីចំនួន២គ្រាប់ចូលក្នុងសមុទ្រខាងកើត​នៅថ្ងៃទី១៥ ខែកញ្ញា ខណៈប្រមុខការទូតកូរ៉េខាងត្បូង និងចិនកំពុងជួបចរចាគ្នានៅទីក្រុងសេអ៊ូល។ នេះជាការបាញ់មីស៊ីលលើកទី២ហើយក្នុងរយៈពេល៣ថ្ងៃមកនេះ ដែលត្រូវបានមើលឃើញថា ជាទង្វើបង្កើនកម្ដៅតានតឹងនៅឧបទ្វីបកូរ៉េ។


២ថ្ងៃក្រោយសាកល្បងមីស៊ីលផ្លោងប្រភេទថ្មី នៅថ្ងៃទី១៥ ខែកញ្ញា កូរ៉េខាងជើង ក៏បាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លី២គ្រាប់ទៀតចូលសមុទ្រខាងកើត។ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំងពីរ ត្រូវបានបាញ់ចេញពីតំបន់ Yangdok នៅម៉ោង១២:៣៤ និងម៉ោង១២:៣៩ ដោយហោះបានចម្ងាយ៨០០គីឡូម៉ែត្រ និងកម្ពស់៦០គីឡូម៉ែត្រ។
 
ការសាកល្បងមីស៊ីលបាលីស្ទិកគ្រប់ប្រភេទដោយកូរ៉េខាងជើង ត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ ឯការបាញ់មីស៊ីលផ្លោងអាចធ្វើបាន។
 
ការបាញ់មីស៊ីល២គ្រាប់បន្ថែមរបស់កូរ៉េខាងជើង ធ្វើឡើងស្របគ្នាទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅកូរ៉េខាងត្បូង។ លោក វ៉ាង បានជួបជាមួយសមភាគីកូរ៉េខាងត្បូង Chung Eui-yong នៅទីក្រុងសេអ៊ូល ដោយផ្តោតលើបញ្ហាសន្តិភាពនៅឧបទ្វីបកូរ៉េ ជាពិសេសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃទី១៣ ខែកញ្ញាផងដែរ។ 
 
ក្នុងកិច្ចជំនួបនេះ លោក Chung ប្រាប់ប្រមុខការទូតចិនថា នឹងបន្តជំរុញឱ្យមានសន្តិភាពជាមួយកូរ៉េខាងជើង។ លោសង្ឃឹមថា ព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាពេលខាងមុខ អាចផ្តល់ឱកាសឱ្យកូរ៉េទាំង២ចាប់ផ្តើមកិច្ចរក្សាសន្តិភាពនៅឧបទ្វីបនេះបាន​។ 
 
«យើងរំពឹងថាចិន នឹងគាំទ្រជានិច្ចដំណើរការរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េរបស់រដ្ឋាភិបាល​យើង»។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងរូបនេះប្រាប់លោក វ៉ាង ក្នុងកិច្ចជំនួបថ្ងៃទី ១៥​ ខែកញ្ញា។
 
ទន្ទឹមនឹងការពិភាក្សាលើបញ្ហារក្សាសនិ្តភាពនៅឧបទ្វីបកូរ៉េ លោក វ៉ាង ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីពង្រីកផលប្រយោជន៍រួម និងពង្រឹងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ មានស្ថិរភាព និងពេញលេញ ខណៈប្រទេសទាំងពីរ នឹងអបអរខួបលើកទី ៣០ នៃទំនាក់ទំនងការទូត។
 
គួរបញ្ជាក់ មុនកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសចិននិងកូរ៉េខាងត្បូងនេះ នៅថ្ងៃទី១៤ ខែកញ្ញាប្រេសិតចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូទាក់ទិននឹងការបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើងនៅចុងសប្តាហ៍មុនផងដែរ។ ក្នុងកិច្ចប្រជុំត្រីភាគីនេះ អាម៉េរិកអះអាងថា នៅតែត្រៀមខ្លួនជានិច្ចដើម្បីចូលរួមកិច្ចចរចាជាមួយទីក្រុង​ព្យុង​យ៉ាងទោះបីមានការធ្វើបាញ់មីស៊ីលថ្មីៗនេះក៏ដោយ៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com