COVID-19
ជាតិ
សង្គមជាតិ
សណ្ឋាគារលំដាប់ផ្កាយមួយកន្លែង ត្រូវបានក្រសួងអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩
18, Sep 2021 , 3:19 pm        
រូបភាព
ពលរដ្ឋជិះកង់ហាត់ប្រាណកាត់មុខសណ្ឋាគារ ឡូទុសប្លង្គ នាព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១។
ពលរដ្ឋជិះកង់ហាត់ប្រាណកាត់មុខសណ្ឋាគារ ឡូទុសប្លង្គ នាព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១។
 សៀមរាប៖ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យសណ្ឋាគារលំដាប់ផ្កាយមួយកន្លែងក្នុងក្រុងសៀមរាប ដែលគេស្គាល់ថាជាកម្មសិទ្ធិភរិយាអតីតអភិបាលខេត្តសៀមរាប ដើម្បីផ្តល់ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។



សណ្ឋាគារ ឡូទុសប្លង្គ អូតែល & រីសត (LOTUS BLANG Hotel & Resort) របស់លោកស្រី គួយ ណាលីន ភរិយាលោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ដែលចប់អាណត្តិនៅចុងឆ្នាំ២០១៨ មានសិទ្ធិផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ លោកស្រី គួយ ណាលីន ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ជោគជ័យមួយរូប និងមានអាជីវជាច្រើននៅក្នុងដៃ។ លោកស្រីជាម្ចាស់អាជីវកម្មសណ្ឋាគារ ផ្សារទំនើប ហាងកាហ្វេ ហាងអាហារ ច្រើនកន្លែងក្នុងទីក្រុងសៀមរាប។

ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមក្នុងការងារខាងលើនេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាបសាទរផងដែរ។ នាយករដ្ឋបាលខេត្ត លោក សុខ ថុល យល់ថា៖« កន្លងមកទាក់ទងមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាល យើងយកសាលារៀនមកប្រើប្រាស់ដែរ ចឹងប្រសិនបើមានការចូលរួមវិស័យឯកជន បើកកន្លែងព្យាបាលឬចត្តាឡីស័ក វាល្អ  ដើម្បីរៀបចំឱ្យស្ដង់ដាដែរសម្រាប់អ្នកមានធនធាន»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា មកដល់ពេលនេះ ក្រសួងទើបទទួលបានសំណើរពីវិស័យឯកជនតែមួយប៉ុណ្ណោះ ដែលសុំបើកកន្លែងព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប។ ប្រាប់អ្នកសារព័ត៌មានអំឡុងចុះចែកថ្នាំចិនព្យាបាលជំងឺកូវីដដល់ពលរដ្ឋនៅសង្កាត់ជ្រាវ លោក ម៉ម ប៊ុនហេង ពន្យល់ថា៖« វាសំខាន់ណាស់ រួមចំណែកគ្នាដើម្បីសម្រាលបន្ទុករដ្ឋ...យើងមានគោលការណ៍ប្រតិបត្តិរបស់ក្រសួង [វិស័យឯកជន] ត្រូវតែធ្វើតាមក្រសួង ប្រធានមន្ទីរនៅទីនេះ ត្រូវតាមដានគោលការណ៍ប្រតិបត្តិនេះ»។

យោងតាមលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ដែលចុះថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ បានណែនាំឱ្យលោកស្រី គួយ ណាលីន និងលោកវេជ្ជបណ្ឌិត អ៊ិតឆប ឆរ័ត្ន ត្រូវអនុវត្តតាមនីតិវិធីស្ដង់ដារស្ដីពីការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមសណ្ឋាគារ និងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងទៀត ហើយមិនត្រូវផ្តល់សេវាព្យាបាលក្រៅពីជំងឺកូវីដ-១៩ ឬផ្តល់សេវាផ្សេងៗឡើយ។ ក្រសួងបញ្ជាក់ថា ការអនុញ្ញាតនេះមានសុពលភាព២ឆ្នាំ គិតពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣៕




Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com