កីឡាអន្តរជាតិ
អន្តរជាតិ
Premier League នឹងសម្រាក៧សប្តាហ៍ ដើម្បីឱ្យកីឡាករត្រៀម World Cup នៅកាតា
24, Sep 2021 , 11:59 am        
រូបភាព
ក្របខណ្ឌ Premier League នឹងអនុញ្ញាតឱ្យសម្រាកនៅពាក់កណ្តាលរដូវកាល ២០២២-២៣ ចំនួន ៧ សប្តាហ៍ ដើម្បីឱ្យកីឡាករត្រៀមខ្លួនចូលរួមការប្រកួត FIFA World Cup ឆ្នាំ ២០២២ នៅកាតា។



ក្រោយកិច្ចប្រជុំមួយដែលធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា លីគកំពូលអង់គ្លេសដែលសម្បូរកីឡាករលំដាប់កំពូលប្រកបអាជីពច្រើន នឹងផ្អាកការប្រកួតរដូវកាល ២០២២-២៣ ពីថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ ខែធ្នូទើបចាប់ផ្តើមប្រកួតឡើងវិញ។ រដូវកាលនោះដែរ ក៏នឹងត្រូវចាប់ផ្តើមលីគមួយសប្តាហ៍មុន ដែលលឿនជាងរដូវកាលធម្មតា ពោលគឺចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
 
Premier League សម្រេចធ្វើបែបនេះ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់កីឡាករត្រៀមខ្លួនពេញលេញជាមួយក្រុមជម្រើសជាតិ ក្នុងការចូលរួមការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅកាតាឆ្នាំ២០២២។ 
 
មិនត្រឹមតែលីគអង់គ្លេសទេដែលត្រូវប្តូរកាលវិភាគថ្មី ដោយត្រូវផ្អាកប្រកួតដល់ទៅ៧សប្តាហ៍ សូម្បីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និង FA Cup នឹងត្រូវពន្យារដល់ខែមិថុនាផងដែរ។ 
 
បើមិនមានការផ្លាសប្តូរនោះទេ ការប្រកួត World Cup ឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ។ ចំណែកស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានកំណត់រួចហើយថាកីឡាករពីគ្រប់លីគធំៗនៅអឺរ៉ុប និងផ្សេងទៀតត្រូវអនុញ្ញាតឱ្យកីឡាករទៅហ្វឹកហាត់ជាមួយជម្រើសជាតិចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា។
មូលហេតុដែល​​ World Cup នៅកាតា ត្រូវរៀបចំឡើងនៅខែវិច្ឆិកា និងខែធ្នូ ដោយសារសីតុណ្ហភាពប្រទេសអាចឡើងដល់៥០អង្សាសេនៅរដូវក្តៅ៕
 

Tag:
 (Premier League
  World Cup)
© រក្សាសិទ្ធិដោយ thmeythmey.com