ជាតិ
ប្រទះឃើញសម្បុកត្រដក់តូចចំនួន៧ ក្នុងដែនជម្រកសត្វព្រៃកែវសីមា
25, Sep 2021 , 7:59 am        
រូបភាព
រូបភាពដោយ WCS
រូបភាពដោយ WCS
ដោយ:
កាលពីដើមខែកញ្ញានេះ ក្រុមការងារផ្នែកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS ប្រចាំខេត្តមណ្ឌលគិរី បានប្រទះឃើញហ្វូងត្រដក់តូចចំនួន២ និងមាន៧សម្បុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ សម្បុកទាំង៧ របស់ត្រដក់តូចទាំង២ហ្វូងនោះ ត្រូវបានការពារ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកអភិរក្ស ដើម្បីធានាសុវត្ថិភាពសត្វកម្រនេះ ក្នុងរដូវបន្តពូជរបស់វា។ នេះបើតាមលោក សូត្រ វ៉ាន់ឌឿន អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃអង្គការ WCS ។

 
លោក សូត្រ វ៉ាន់ឌឿន បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទថា ខែកញ្ញា និងវិច្ឆិកា ជារដូវពងកូនរបស់សត្វត្រដក់តូច ហើយក្នុងរដូវបន្តពូជនេះ សម្បុកពងរបស់ត្រដក់តូច អាចមានបន្ថែមទៀត ខណៈក្រុមការងារ កំពុងស្វែករកបន្តទៀត។ «នេះជាសម្បុកថ្មី នៅរដូវការបន្តពូជរបស់ត្រដក់តូចឆ្នាំ២០២១ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ពួកយើង និងពលរដ្ឋការពារទាំងយប់ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពសត្វទាំងនេះ ក្នុងបំណងអភិរក្សប្រភេទសត្វកម្រ ឬសត្វព្រៃគ្រប់ប្រភេទ ឱ្យនៅតែមាននៅក្នុងព្រៃធម្មជាតិ»។ នេះជាការរៀបរាប់របស់ លោក វ៉ាន់ឌឿន។ 
 
តាមអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃរូបនេះ ចំនួនសត្វត្រដក់តូច កំពុងថយចុះយ៉ាងខ្លាំង ដោយសារមានការលួចប្រមូលយកពង និងកូនត្រដក់តូចពីហ្វូងរបស់វា។ កត្តាគំរាមកំហែង មួយចំនួនទៀតមានដូចជា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរ និងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។ ត្រដក់តូច ក៏ទទួលរងការគំរាមកំហែងពីសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹក ដើម្បីចាប់ត្រីផងដែរ។
 
សម្រាប់លោក វ៉ាន់ឌឿន វត្តមានសម្បុកថ្មីរបស់ត្រដក់តូចទាំង២ហ្វូងនេះ ជាក្តីសង្ឃឹមរបស់អ្នកអភិរក្ស ប៉ុន្ដែលោក វ៉ាន់ឌឿន នៅតែបារម្ភពីសុវត្ថិភាពរបស់ពួកវា ពីការបៀតបៀន និងការបំផ្លាញជម្រកពីជនខិលខូចមួយចំនួន។ បើតាមរបាយការណ៍របស់អង្គការ WCS  នៅរដូវពងកូនឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃ បានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ប៉ុន្តែសម្បុកពងណាមួយបានញាស់នោះទេ ព្រោះមានការរំខានពីសកម្មភាពមនុស្ស។ លោក វ៉ាន់ឌឿន ចង់ឃើញពលរដ្ឋគ្រប់រូប រួមគ្នាថែរក្សាធនធានកម្រទាំងនេះ ជាមួយក្រុមអ្នកអភិរក្ស។ 
 
សូមបញ្ជាក់ដែរថា ក្រៅពីវត្តមានរបស់ត្រដក់តូចពីរហ្វូង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីរបស់អង្គការ WCS នៅឆ្នាំ២០២១នេះ អង្គការ BirdLife International Cambodia កាលពីថ្ងៃទី៨ ខែកញ្ញា ក៏បានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១ផងដែរ នៅ ដែនជម្រកសត្វព្រៃលំផាត់៕


រូបភាពដោយ WCS


Tag:
 WCS
  មណ្ឌលគិរី
  ត្រដក់តូច
  ដែនជម្រកសត្វព្រៃកែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com