ជាតិ
បុណ្យភ្ជុំបិណ្ឌ
មន្ទីរធម្មការសៀមរាប ណែនាំឱ្យវត្តអារាមទូទាំងខេត្តចូលរួមបង្ការជំងឺកូវីដ-១៩ អំឡុងរដូវបុណ្យភ្ជុំ
25, Sep 2021 , 8:59 am        
រូបភាព
វត្តចេតិយ ស្ថិតនៅភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប
វត្តចេតិយ ស្ថិតនៅភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប
សៀមរាប៖ មន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្អាកការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រួមនឹងសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ មន្រ្តីនៃមន្ទីរធម្មការខេត្តបញ្ជាក់ថា គ្រប់វត្តអារាមទាំងអស់ទូទាំងខេត្ត ត្រូវបានណែនាំឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងស្មារតីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍។

 
ប្រធានការិយាល័យកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប លោក សម្បត្តិ លីយឿត ឱ្យដឹងថា ខេត្តសៀមរាបមានវត្តអារាមសរុប ២៥០វត្ត និងអាស្រម ១៩ និងមានព្រះសង្ឃសរុប ៥ ២០០អង្គ។ លោកបន្តថា អំឡុងពេលរដ្ឋបាលខេត្តបិទខ្ទប់ និងដាក់សង្កាត់មួយចំនួនក្នុងក្រុងជាតំបន់ក្រហម មានវត្តអារាមសរុបប្រមាណ២០ ដែលត្រូវបានបិទខ្ទប់ផងដែរ។ យ៉ាងណា លោក សម្បត្តិ លីយឿត បញ្ជាក់ថា ពុំមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងវត្តអារាមណាមួយទេ អំឡុងពេលបិទខ្ទប់ក្រុងនេះ។ 
 
ក្នុងកាលៈទេសៈនេះ វត្តអារាមដែលស្ថិតក្នុងតំបន់ក្រហម ដែលពុំមានពុទ្ធបរិស័ទយកចង្កាន់ប្រគេន មានការខ្វះខាតខ្លះ  តែមន្រ្តីមន្ទីរធម្មការខេត្តអះអាងថា ព្រះសង្ឃយល់ពីស្ថានភាពនេះ គឺឆាន់អ្វីដែលព្រះសង្ឃមាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។


វត្តចេតិយ ស្ថិតនៅភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប
 
តាមអ្វីដែលោក សម្បត្តិ លីយឿត ប្រាប់ ក្នុងរដូវកាន់បិណ្ឌនេះ មន្ទីរធម្មការ និងសាសនា កំពុងផ្សព្វផ្សាយសេចក្ដីសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សេចក្ដីណែនាំរបស់ក្រសួង រួមនិងសេចក្ដីជូនដំណឹងរបស់មន្ទីរផង ទៅកាន់វត្តអារាម ព្រះវិហារសាសនាផ្សេងៗ ហើយសម្រាប់វត្តអារាម គឺមន្ទីរបានណែនាំឱ្យមានការដាក់ម៉ាស៊ីនវ៉ាស់កម្ដៅ ពាក់ម៉ាស់ បាញ់អាកុល រក្សាគម្លា និងអនុវត្តតាមវិធានការសុខាភិបាលជាចាំបាច់។
 
មន្រ្តីមន្ទីរធម្មការ និងសាសនា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចង់ធ្វើបុណ្យ ឬយកចង្ហាន់ប្រគេនព្រះសង្ឃក្នុងរដូវកាលនេះ អាចធ្វើរួមគ្នា ឬចូលជាចាស់ទុំណាក្នុងភូមិ ដើម្បីកាត់បន្ថយការទៅវត្តគ្នាច្រើន។
 
សូមបញ្ជាក់ថា ស្ថានភាពនៅតាមវត្តអារាមមួយចំនួនធំក្រុងសៀមរាប ទាំងតំបន់ត្រូវដាក់ជាតំបន់ក្រហម និងលឿងទុំ មានភាពស្ងប់ស្ងាត់ខុសប្រក្រតី ខណៈប្រជាពលរដ្ឋមួយចំនួនធំមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះ រីឯអ្នកខ្លះនៅតំបន់លឿងទុំ មិនហ៊ានចេញពីលំនៅឋានជាដើម៕


វត្តប្រម៉ា ស្ថិតនៅភូមិប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប


Tag:
 វត្តអារាម
  បុណ្យភ្ជុំបិណ្ឌ
  កាន់បិណ្ឌ
  កូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com