ជាតិ
ពីនេះ ពីនោះ
វិទ្យាល័យច្បារអំពៅជាប់លេខ១ ខណៈវិទ្យាល័យបុរី១០០ខ្នងបានលេខ២ ពីការប្រកួតអំពីបរិស្ថាន
26, Sep 2021 , 7:59 am        
រូបភាព
ការប្រគល់ជ័យលាភី ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១។ រូបភាពដោយ ឆែម ចាន់ធឿន។
ការប្រគល់ជ័យលាភី ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១។ រូបភាពដោយ ឆែម ចាន់ធឿន។
ភ្នំពេញ៖ វិទ្យាល័យច្បារអំពៅ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ លើកទី៤១ តាមប្រព័ន្ធអនឡាញ ។ វេទិកានេះ ផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរចំណេះដឹង ពីវាគ្មិន និងមន្ត្រីជំនាញបរិស្ថាន និងការចែករំលែកទៅកាន់ចំណេះដឹង ទៅសាធារណជនទូទៅ។

 
ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ បានទៅលើ វិទ្យាល័យច្បារអំពៅ។ ជ័យលាភីលេខ២ បានទៅលើវិទ្យាល័យបុរី១០០ខ្នង និងលេខ៣ បានទៅលើវិទ្យាល័យឫស្សីកែវ និងវិទ្យាល័យហ៊ុនសែនចាក់អង្រែ។ វិទ្យាល័យដែលជាប់ជ័យលាភី ទាំងបួននេះ ក្នុងចំណោមវិទ្យាល័យចំនួន៨ ក្នុងរាជធានីភ្នំពេញ។
 
នាឱកាសផ្ដល់ពានរង្វាន់ដល់ជ័យលាភី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា វេទិកាប្រកួតប្រជែងនេះ ដើរតួនាទីសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន ការបណ្ដុះស្មារតីឱ្យស្រឡាញ់បរិស្ថាន និងបង្កើនចំណេះដឹងបរិស្ថាន ក៏ដូចជាការចែករំលែកចំណេះដឹងបរិស្ថានទៅកាន់សាធារណជនផងដែរ។
 
រដ្ឋលេខាធិការរូបនេះបន្ថែមដូច្នេះ៖ «វេទិកាយុវជនជជែកពិភាក្សាបរិស្ថាន គឺជាមធ្យោបាយមួយចែករំលែកព័ត៌មានបរិស្ថាន និងការស្រឡាញ់បរិស្ថានទៅកាន់ពលរដ្ឋដទៃទៀត បន្ថែមលើយន្តការផ្សេងៗទៀត ដែលក្រសួងបរិស្ថានបានរៀបចំឡើង ក្នុងការបញ្ជ្រាប និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក្នុងចំណោមប្រជាពលរដ្ឋ»។
 
ជាមួយគ្នានេះ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លើកឡើងថា យុវជនពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឱ្យមានសកម្មភាពមេត្រីបរិស្ថាន។
 
លោក ជួប ប៉ារីស៍ លើកទឹកចិត្តដល់យុវជនដូច្នេះ៖ «យុវជនត្រូវខិតខំសិក្សារៀនសូត្រជំនាញ វិជ្ជាជីវៈ ដែលឆ្លើយតបនឹងតម្រូវការការងារ នាពេលបច្ចុប្បន្ន និងអនាគតពិសេសការសិក្សាភាសាបរទេស ព្រមទាំងជំនាញស្របតាមការវិវត្តសង្គម»។
 
សូមជម្រាបថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ បានសម្រេចរៀបចំជ្រើសរើសសិស្ស មកពីបណ្ដាវិទ្យាល័យចំនួន៨ ក្នុងរាជធានីភ្នំពេញ រួមមាន វិទ្យាល័យហ៊ុនសែនចាក់អង្រែ វិទ្យាល័យច្បារអំពៅ វិទ្យាល័យឫស្សីកែវ វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង វិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត វិទ្យាល័យវត្តកោះ វិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យជាស៊ីម សន្ធរម៉ុក៕
 

Tag:
 ThmeyThmey25
  បរិស្ថាន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com