ជាតិ
អ្នកនាំពាក្យ៖ នៅបារាំង សម្តេចក្រុមព្រះ គង់ក្នុងដំណាក់ មិនមែនមណ្ឌលចាស់ជរាឡើយ
27, Sep 2021 , 4:09 pm        
រូបភាព
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជាព្រះជាយា ជួបសំណេះសំណាលជាមួយសមាជិកគណបក្ស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ (មិនទាន់យាងទៅបារាំង)។ ព្រះអង្គទាំងទ្វេ ស្ថិតក្នុងសម្លៀកបំពាក់កាន់ទុក្ខ ដោយពេលនោះ សម្ដេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី ទើបសុគត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Norodom Ranariddh
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជាព្រះជាយា ជួបសំណេះសំណាលជាមួយសមាជិកគណបក្ស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ (មិនទាន់យាងទៅបារាំង)។ ព្រះអង្គទាំងទ្វេ ស្ថិតក្នុងសម្លៀកបំពាក់កាន់ទុក្ខ ដោយពេលនោះ សម្ដេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី ទើបសុគត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបពីគណនីហ្វេសប៊ុក Norodom Ranariddh
ដោយ: ថ្មីៗ
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បំភ្លឺថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កំពុងគង់នៅជាមួយព្រះជាយា ព្រះរាជបុត្រ និងញាតិវង្សានុវង្សរបស់ព្រះអង្គ ក្នុងព្រះរាជដំណាក់ នៅប្រទេសបារាំង។ ការបំភ្លឺរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានផ្សាយថា សម្តេចក្រុមព្រះ ត្រូវបានយាងឲ្យទៅគង់ក្នុងមណ្ឌលចាស់ជរាមួយកន្លែងនៅប្រទេសបារាំង ដោយគ្មានអ្នកមើលថែ។



លោក ញឿន រ៉ាដែន ប្រាប់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទើបតែនឹងជួបពិភាក្សាជាមួយមន្រ្តីរបស់ព្រះអង្គនៅស្រុកខ្មែរ តាមប្រព័ន្ធវីដេអូ កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ បើតាមលោក ញឿន រ៉ាដែន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជាព្រះជាយារបស់សម្តេចក្រុមព្រះ និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះបុត្រារបស់ព្រះអង្គ ដែលកំពុងគង់នៅជាមួយព្រះអង្គ ក៏បានចូលរួមក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនោះដែរ។ 
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងថា៖«យើង ឃើញរូបភាពប៉ុណ្ណឹង យើងអាចកត់សម្គាល់ថា ព្រះអង្គ គង់នៅមណ្ឌលចាស់ជរា ឬគង់នៅព្រះរាជដំណាក់?» 
 
នៅក្នុងគណបក្ស ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជា​នាយិកានៃព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ ​នរោត្តម រណឫទ្ធិ ហើយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាអនុប្រធានគណបក្ស។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបញ្ហាសុខភាព ចាប់តាំងពីព្រះអង្គ ជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៨មក។ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នោះ អ្នកម្នាង អ៊ុក ផល្លា ជាអ្នកម្នាងរបស់ព្រះអង្គ បានទទួលមរណភាព។ 
 
ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ សម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ បន្ទាប់ពីយាងចេញពីប្រទេសថៃ និងបានយាងមកគង់ក្នុងស្រុកខ្មែរវិញបានមួយរយៈធំ ព្រះអង្គ ក៏បន្តយាងទៅព្យាបាលព្រះរោគ នៅប្រទេសបារាំង ចាប់តាំងពីចុងឆ្នាំ២០១៩មក ដោយពុំដែលបានយាងមកស្រុកខ្មែរឡើយ។ 
 
លោក ញឿន រ៉ាដែន បញ្ជាក់ថា បញ្ហាសុខភាពរបស់សម្តេចក្រុមព្រះ មានតែមួយមុខប៉ុណ្ណោះ គឺបញ្ហាសុខភាព ដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍។ លោក បន្តថា ព្រះអង្គ ពុំមានជំងឺអ្វីផ្សេងទៀតឡើយ។ លោក បន្ថែមថា បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ព្រះអង្គ មានភាពល្អប្រសើរហើយ។ 
 
អ្នកនាំពាក្យរូបនេះ ផ្តល់ព័ត៌មានមានថា ថ្វីបើមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ តែសម្តេចក្រុមព្រះ នឹងយាងមកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំកម្លាំងគណបក្ស ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២៕ 
 

Tag:
 សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com