ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងអូស្ត្រាលី ចុះMOU ដើម្បីជំរុញការវិនិយោគកសិ-ចំណីអាហារ
29, Sep 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ប្រទេសអូស្រា្តលីបានសហការជាមួយកម្ពុជា ក្នុងការជំរុញវិនិយោគកសិ-ចំណីអាហារ ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ និងជួយកាត់បន្ថយភាពក្រីក្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាកម្ពុជា(CDC)។



ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC) សហការជាមួយក្រសួងកសិកម្ម និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី បានចុះអនុស្សារណៈយោគយល់គ្នា(MOU) មួយ ស្តីពីការរៀបចំហិរញ្ញប្បទានសម្រាប់គាំទ្រការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩កញ្ញា ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ប្រធានCDC និងលោក ប៉ាប្លូ កាង (PABLO KANG)ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់​ CDC កិច្ចព្រមព្រៀង រវាងភាគីកម្ពុជា និងអូស្រ្តាលី បង្ហាញពីការប្តេជ្ញាចិត្តជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ ជាអាទិភាព ។ MOUនេះ នឹងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យការប្រកួតប្រជែងក្នុងវិស័យកសិកម្ម មានភាពប្រសើរឡើង។ មិនត្រឹមតែរក្សាបាននូវសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះទេ វាក៏នឹងជួយបង្កើតការងាររបន្ថែម ជំរុញសេដ្ឋកិច្ច និងធានាបាននូវចីរភាពបរិស្ថាន​ ផងដែរ។
  

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC

អគ្គលេខាធិការ CDC លោក សុខ ចិន្តាសោភា  បានលើកឡើងថា ច្បាប់ថ្មីនៃការវិនិយោគរបស់កម្ពុជា នឹងលើកទឹកចិត្តបន្ថែមដល់ការវិនិយោគតាមវិស័យ ខណៈការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ចំណីអាហារ ត្រូវបានកំណត់ជាវិស័យអាទិភាព ដើម្បីធានាថាវិស័យទាំងនេះ នឹងមានភាពធន់ និងអាចអភិវឌ្ឍទៅបានដោយចីរភាព ដែលវាអាចរួមចំណែករក្សាបាននូវលំនឹងសេដ្ឋកិច្ចឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។
 
សេចក្តីប្រកាសព័ត៌មានដដែលបន្តរៀបរាប់ថា ការវិនិយោគលើកសិ-ចំណីអាហារនេះ ក៏ជួយពង្រឹងភាពធន់នៅមូលដ្ឋានឲ្យកាន់តែរឹងមាំដែរ តាមរយៈការធ្វើពិពិធកម្មធនធាន និងការប្រើប្រាស់បច្ចេកវិទ្យា និងនិវានុវត្តនៅក្នុងវិស័យនេះ ។ 

ជាមួយនឹងគ្នានេះដែរ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កាង  បានបង្ហាញពីការប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។ 

 លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតប្រទេសអូស្រា្តលីប្រចាំការកម្ពុជា (រូបកណ្តាល)។​
គិតត្រឹមខែសីហា ឆ្នាំ២០២១ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បានចំនួន ៣៧៦គម្រោង ដែលមានទំហំវិនិយោគសរុប ៩,៧ពាន់លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC នាថ្ងៃទី២៩កញ្ញា៕ 
 

Tag:
 កសិកម្ម
  វិនិយោគកសិ-ចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com