COVID-19
អន្តរជាតិ
វៀតណាមសុំឱ្យរុស្ស៊ីពន្លឿនការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩
30, Sep 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសវៀតណាម បួ ថាញ់សឺន ។ រូបថត VNA
រដ្ឋមន្រ្តីការបរទេសវៀតណាម បួ ថាញ់សឺន ។ រូបថត VNA
ដោយ៖ ឡាយ​ ស្រីពេជ្រ 
 
រដ្ឋមន្ត្រីការបរទេសវៀតណាម បួយ ថាញ់សឺន បានស្នើឱ្យរដ្ឋាភិបាលរុស្ស៊ីពន្លឿនការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យវៀតណាម។ លោក សឺន ស្នើបែបនេះនៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Chernyshenko​ ។ មន្រ្តីទាំងពីរ បានលើកឡើងពីសារសំខាន់ និងសន្យាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច និងវិស័យសំខាន់ផ្សេងទៀត។

 
ជំនួបរវាងលោក Dmitry Chernyshenko និង​​ លោក បួយ ថាញ់សឺន ធ្វើឡើងនៅទីក្រុងមូស្គូនៅថ្ងៃទី២៨ខែកញ្ញា ខណៈប្រមុខការទូតវៀតណាមធ្វើទស្សនកិច្ចនៅរុស្ស៊ី។ នៅក្នុងជំនួបនេះ លោក សឺន បានអរគុណរដ្ឋាភិបាលរុស្សីដែលបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់វៀតណាមនិងបានផ្ទេរផលិតផលជីវសាស្រ្តថ្មីៗនេះដែលអាចផលិតវ៉ាក់សាំងបានមួយលានដូស។​ លោកក៏បានបញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃមិត្តភាពនិងភាពជាដៃគូរបស់វៀតណាមជាមួយរុស្ស៊ីដែរ។
 
បើតាមសារព័ត៌មានវៀតណាម Vietnam News រដ្ឋមន្រ្តីការបរទេសវៀតណាម ក៏ជំរុញឱ្យរដ្ឋាភិបាលទីក្រុងមូស្គូពន្លឿនការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងផងដែរ។
 
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី​ Chernyshenko ប្រាប់លោក សឺន ក្នុងជំនួបដដែលថា វៀតណាមគឺជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់រុស្ស៊ី។ លោករីករាយជាខ្លាំងចំពោះសមិទ្ធផលរបស់វៀតណាម ជាពិសេសស្ថិរភាពនៃសេដ្ឋកិច្ចនិងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។
 
ក្នុងជំនួបដដែល មន្រ្តីទាំងពីរបានសន្យាថា ភាគីទាំងសងខាងនឹងប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យស៊ីជម្រៅតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។ ភាគីទាំងពីរក៏ទទួលស្គាល់ពីសក្តានុពលរបស់វៀតណាមក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពសេដ្ឋកិច្ចអឺរ៉ុប- អាស៊ី​ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ទីផ្សារប្រទេសទាំងពីរ។ 
 
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានយល់ព្រមលើការបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាមតាមការស្នើសុំរបស់លោក សឺន ។ ទាក់ទងនឹងបញ្ហាជនជាតិវៀតណាមនៅរុស្ស៊ីវិញលោក Chernyshenko អះអាងថាលោក នឹងឱ្យភ្នាក់ងាររុស្ស៊ីជួយសម្រួលដល់ការពន្យារពេលស្នាក់នៅសម្រាប់ពលរដ្ឋវៀតណាមដែលទិដ្ឋាការបានផុតកំណត់ ប៉ុន្តែមិនអាចវិលត្រឡប់មកផ្ទះវិញបានដោយសារការរឹតត្បិតការធ្វើដំណើរអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

Tag:
 វៀតណាម
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com