COVID-19
អន្តរជាតិ
វៀតណាម​ នឹងដកវិធានការរឹតត្បិតជំងឺកូវីដ-១៩ នៅក្រុងហូជីមិញដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
30, Sep 2021 , 8:29 pm        
រូបភាព
ប៉ូលិសវៀតណាមជិះល្បាតក្នុងទីក្រុងហូជីមិញ។ រូបថត Xinhua
ប៉ូលិសវៀតណាមជិះល្បាតក្នុងទីក្រុងហូជីមិញ។ រូបថត Xinhua
ដោយ:
ហូជីមិញដែលជាទីក្រុងធំបំផុតរបស់វៀតណាម និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ នឹង​ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតវិធានការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩​ បន្ទាប់ពីថ្ងៃទី៣០ ខែកញ្ញា។ នេះបើតាមការប្រកាសរបស់មន្រ្តីវៀតណាម។ ​ការបើកទីក្រុងមមាញឹកឡើងវិញនេះ​ នឹងអនុញ្ញាតឱ្យមានសកម្មភាពអាជីវកម្មនិងសង្គមឡើងវិញ ក្រោយពីការបិទខ្ទប់យ៉ាងតឹងតែងបំផុតអស់រយៈពេលជាង៤ខែ ដើម្បីទប់ស្កាត់ការរាលដាល។​



ទីក្រុងហូជីមិញ ជាចំណុចកណ្ដាលនៃរលកឆ្លងជំងឺកូវីដ-១៩ នៅវៀតណាម។ រដ្ឋាភិបាលវៀតណាម បានចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ករណីឆ្លងដែលប៉ះពាល់ខ្លាំងដល់សកម្មភាពាណិជកម្ម និងឧស្សាហកម្មនៅតំបន់ភាគខាងត្បូងប្រទេស។ ខណៈស្ថានការណ៍ហាក់ធូរស្រាលបន្តិច អាជ្ញាធរទីក្រុង ចាប់ផ្ដើមបន្ធូរវិធានការរឹតត្បិតដើម្បីស្តារសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយធ្លាក់ចុះយ៉ាងគំហុក។
 
រាល់ចំណុតត្រួតពិនិត្យទាំងអស់នឹងត្រូវដកចេញហើយមិនមានការហាមឃាត់ធ្វើដំណើរបន្ទាប់ពីថ្ងៃនេះ។ លោក​ Le Hoa Binh អនុប្រធានគណៈកម្មធិការប្រជាជនក្រុង បានបញ្ជាក់បែបនេះទៅកាន់សន្និសីទសារព័ត៌មាន​ មុនបន្ថែមថា​៖« យើងកំពុងបើកដំណើរការជាបណ្តើរៗហើយ ប៉ុន្តែសូមគិតពីសុវត្តិភាពប្រជាជនជាមុនសិន។»
លោក​ Binh បញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា សួនឧស្សាហកម្មក្នុងក្រុងហូជីមិញ ​គម្រោងសាងសង់នានា ផ្សារទំនើប ហាងកាត់សក់ កន្លែងបដិសណ្ឋារកិច្ច និងភោជនីយដ្ឋានសម្រាប់ទទួលការវិចខ្ចប់នឹងបើកដំណើរការឡើងវិញ។
 
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា វៀតណាមបានកត់ត្រាករណីឆ្លងសរុបចំនួន​៧៧៩,៣៩៨នាក់ ​និងស្លាប់១៩,០៩៨នាក់។ ឯអត្រាប្រជាជនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសមានចំនួន ៣៣,០១ភាគរយ ដោយអ្នកទទួលវ៉ាក់សាំងបានពេញលេញមានចំនួនត្រឹម៩,២៦ភាគរយ​ប៉ុណ្ណោះ៕​

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com