អន្តរជាតិ
លោក គីម ជុងអ៊ុន៖ យើងគ្មានគោលបំណង ឬហេតុផលណាមួយបង្ករឿងជាមួយកូរ៉េខាងត្បូង
30, Sep 2021 , 9:29 pm        
រូបភាព
កូរ៉េខាងជើង មិនចង់បង្ករឿងជាមួយកូរ៉េខាងត្បូងឡើយ។ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសបែបនេះនៅថ្ងៃទី២៩ ខែកញ្ញាក្នុងកិច្ចប្រជុំសភា។ ​លោក គីម ក៏បានបង្ហាញឆន្ទៈស្តារឡើងវិញបណ្ដាញទំនាក់ទំនងអន្តរកូរ៉េនៅដើមខែតុលាខាងមុខ បន្ទាប់បានកាត់ផ្តាច់ជាថ្មីកន្លងមក។ ប៉ុន្តែលោក គីម ក៏បានចោទប្រកាន់អាម៉េរិកថា នៅរក្សាជំហរចាត់ទុកកូរ៉េខាងជើងជាសត្រូវដដែល ទាំងខ្លួនចង់បន្តកិច្ចចរចាទ្វេភាគីក៏ដោយ។



«យើងគ្មានគោលបំណង ឬហេតុផលណាមួយបង្ករឿងជាមួយកូរ៉េខាងត្បូង និងគ្មានបំណងបង្កគ្រោះថ្នាក់ដល់ប្រទេសនេះឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ដែលបានស្រង់សម្តីលោក គីម ជុងអ៊ុន ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំសភា។ លោក គីម ក៏បានប្រាប់ឱ្យកូរ៉េខាងត្បូងឈប់យល់ខុសនិងឈប់គិតថា កូរ៉េខាងជើងព្យាយាមរករឿងខ្លួនផងដែរ។ 
 
ចំពោះមុខមន្រ្តី និងសមាជិកសភាកូរ៉េខាងជើង លោក គីម ក៏ប្រកាសស្ដារបណ្ដាញទំនាក់ទំនងអន្តរកូរ៉េជាថ្មី ក្រោយរាំងស្ទះនៅរយៈពេលចុងក្រោយស្របពេលទំនាក់ទំនងអន្តរកូរ៉េរអាក់រអួលបន្តិចវិញ។ កូរ៉េខាងជើង បានផ្តាច់បណ្តាញទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅដើមខែសីហាកន្លងទៅ ក្រោយកូរ៉េខាងត្បូងនិងអាម៉េរិកធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធនេះ ថាជាការហាត់សមសម្រាប់ការលុកលុយខ្លួន។ ​
 
ការសម្រេចចិត្តភ្ជាប់បណ្តាញទំនាក់ទំនងឡើងវិញនេះ គឺដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជាតិកូរ៉េទាំងមូល សម្រាប់ការស្តារឡើងវិញនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ និងរក្សាសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសម្ដីរបស់លោក គីម។
 
ក្នុងសភាដដែលលោក គីម ក៏បានអះអាងថា ការគំរាមកំហែងពីយោធាអាម៉េរិក និងគោលនយោបាយអរិភាពរបស់អាម៉េរិកមកលើខ្លួន នៅតែមិនផ្លាស់ប្តូរ បើទោះបីជាក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីលោក ចូ បៃឌិន ក៏ដោយ។ មេដឹកនាំកូរ៉េខាងជើងរូបនេះបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រើវិធីសាស្រ្តដែលមានល្បិចកលក្នុងការបន្តការគំរាមកំហែងផ្នែកយោធា និងមានគោលនយោបាយបង្កអរិភាពដដែល ខណៈពេលដែលចង់បន្តកិច្ចចរចា។
 
បើតាម KCNA លោក គីម ជឿថា អាម៉េរិកតែងអំពាវនាវឱ្យកូរ៉េខាងជើង ការចូលរួមចរចាផ្នែកការទូត និងយល់ព្រមសន្ទនាដោយគ្មានល័ក្ខខ័ណ្ឌជាមួយកូរ៉េខាងជើង ប៉ុន្តែនេះគ្រាន់តែជាល្បិចសម្រាប់បញ្ឆោតភ្នែកសហគមន៍អន្តរជាតិ និងលាក់បាំងសកម្មភាពដែលចាត់ទុកកូរ៉េខាងជើងជាសត្រូវប៉ណ្ណោះ។​
 
ក្រោយការចោទប្រកាន់ពីកូរ៉េខាងជើង នៅថ្ងៃទី២៩ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយ អាម៉េរិកមិនមានគោលនយោបាយអរិភាពចំពោះកូរ៉េខាងជើងឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបញ្ជាក់ថា អាម៉េរិកនៅតែត្រៀមខ្លួនជានិច្ចដើម្បីជួបចរចាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ​៕

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com