ជាតិ
សុខភាព
វេជ្ជបណ្ឌិត៖ ពលរដ្ឋ មិនគួរបរិភោគដំបងយក្ស ឬប្រទាលបាតដៃឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ
30, Sep 2021 , 5:33 pm        
រូបភាព
ភ្នំពេញ៖ លើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកនៅកម្ពុជា កំពុងតែផ្ទុះរឿងប្លែកមួយ គឺការយកដើមដំបងយក្ស ឬប្រទាលបាតដៃ មកបរិភោគជាមួយអំបិលម្ទេស ដូចម្ជូរផ្សេងទៀតដែរ។ ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះ អ្នកខ្លះ គ្រាន់តែចែករំលែក និងនិយាយបែបលេងសើចពីការហូបដើមដំបងយក្ស ឬប្រទាលបាតដៃ តែក៏មានអ្នកខ្លះ ដោយរួមទាំងតារា និងបុគ្គលល្បីៗមួយចំនួនផង បានហូបដើមរុក្ខជាតិប្រភេទនេះពិតមែន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានអះអាងថា ប្រទាលនេះ អាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ បើបរិភោគមិនបានត្រឹមត្រូវ។



សូមស្តាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា៖


លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា ប្រទាលបាតដៃ មានអត្ថប្រយោជន៍ចំពោះសក់ និងស្បែក ប៉ុន្តែបើគេ យកមកហូប ជ័ររបស់វា អាចបង្កផលប៉ះពាល់ដល់សុខភាព ដូចជា ពោះវៀន ស្បែក និងថ្លើម ជាដើម។ លោក បានបន្ថែមថា ប្រទាលនេះ មានច្រើនប្រភេទ ហើយជ័ររបស់ប្រទាលខ្លះ មានគ្រោះថ្នាក់ដល់ជីវិតទៀតផង។

លោកវេជ្ជបណ្ឌិត បន្ថែមថា គេ អាចបរិភោគប្រទាលទាំងអស់នេះបាន ប៉ុន្តែត្រូវប្រយ័ត្នចំពោះជាតិជ័ររបស់។ លោក ផ្តល់ដំបូន្មានថា៖«អាហ្នឹង បើគេញ៉ាំ ទាល់តែបកសម្បកវា កុំឱ្យប៉ះជ័រ។ មួយទៀត បើគេយកធ្វើជាអាហារ គេចម្រាញ់យកមេរោគ និងជាតិពុលចេញសិន»។

វេជ្ជបណ្ឌិតរូបនេះ មិនលើកទឹកចិត្តឱ្យពលរដ្ឋបរិភោគប្រទាលនេះតាមគ្នាឡើយ ដោយត្រូវយល់ដឹងឱ្យច្បាស់ចំពោះប្រភេទចំណីអាហារ និងមិនគួរបរិភោគអាហារដែលមិនសូវស្គាល់ ព្រោះវា អាចមានគ្រោះថ្នាក់ជីវិតបាន។ លោក ថ្លែងថា៖«ករណីពុលអាហារមានច្រើន នៅតាមមន្ទីរពេទ្យ។ សូម្បីអាហារដែលយើងញ៉ាំទៀងទាត់ជារៀងរាល់ថ្ងៃ ដូចជាផ្លែឈើ និងនំបញ្ចុកនៅតែមានពុល។ ហើយការពុលនេះ វា អាចមកពីមេរោគ និងសារធាតុគីមី អ៊ីចឹងអាហារណាមិនសូវពេញនិយម មិនសូវញ៉ាំ អត់សូវស្គាល់ បើចៀសបាន យើងចៀសទៅ»៕

Tag:
 សុខភាព
  ប្រទាលបាតដៃ
  ដំបងយក្ស
© រក្សាសិទ្ធិដោយ thmeythmey.com