អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រធានាធិបតី​បារាំង ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ១​ឆ្នាំ​
30, Sep 2021 , 9:12 pm        
រូបភាព
អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy។ រូបភាព​៖ AP
អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy។ រូបភាព​៖ AP
អតីត​ប្រធានាធិបតី​បារាំង លោក Nicolas Sarkozy ត្រូវបាន​តុលាការ​បារាំង នៅ​ថ្ងៃទី​៣០ ខែកញ្ញា កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ១​ឆ្នាំ ដោយសារ​មូលនិធិ​មិន​ស្របច្បាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនា​ការបោះឆ្នោត​កាល​២០១២។



 
លោក Nicolas Sarkozy អតីត​ប្រធានាធិបតី​បារាំង ត្រូវបាន​តុលាការក្រុង​ប៉ារីស​រក​ឃើញថា បាន​ចំណាយ​ថវិកា​ច្រើនជាង ១០​លាន​យូរ៉ូ លើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២ ។ ការចំណាយ​នេះ គឺ​លើសពី​ចំនួន​ថវិកា​ដែល​មានចែង​នៅក្នុង​ច្បាប់​។ តាមរយៈ​ការរកឃើញ​កំហុស​នោះ តុលាការ បាន​កាត់ទោស​ឱ្យ​លោក Sarkozy ជាប់ពន្ធនាគារ ១​ឆ្នាំ ប៉ុន្តែ​តុលាការ អនុញ្ញាតឱ្យ​លោក​អនុវត្ត​ទោស​នៅផ្ទះ ដោយមាន​ពាក់​កងដៃ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​តាមដាន​។ 
 
​យ៉ាងណាមិញ អតីត​ប្រធានាធិបតី​បារាំង បដិសេធ​កំហុស​ទាំងនោះ ហើយនឹង​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​នោះ​។ 
 
 
​នេះ​ជា​សេចក្ដីសម្រេច​លើក​ទី​ពីរ​ហើយ ដែល​តុលាការ​កាត់ទោស​ឱ្យ​លោក Sarkozy ជាប់ពន្ធនាគារ​មួយឆ្នាំ​។ ប៉ុន្តែ​សេចក្តីសម្រេច​លើកទីមួយ​នោះ មិនទាន់​អនុវត្ត​ឡើយ ដោយ​រង់ចាំ​ការប្តឹង​ជំទាស់​។ តាម​រដ្ឋអាជ្ញា លោក Sarkozy បាន​ចំណាយលុយ​រហូតដល់​ទៅ ២២,៥ លាន​យូរ៉ូ លើ​យុទ្ធ​ការ​ក្នុង​ការជួបជុំ និង​ពិធី​ផ្សេងៗ កាលពី​ឆ្នាំ​២០១២​។ ប៉ុន្តែ​លោក​បាន​ជួល​ក្រុមហ៊ុន Bygmalion ដើម្បីឱ្យ​ចេញថ្លៃ​ចំណាយ​លើ​ពិធី​ទាំងនោះ​ជំនួស​។ 
 
​គួររំលឹកថា នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១២ លោក Sarkozy បាន​ចាញ់​ការបោះឆ្នោត លោក François Hollande​។ ចាប់តាំងពី​ពេលនោះ​មក អតីត​ប្រធានាធិបតី​រូបនេះ បាន​ក្លាយជា​មុខសញ្ញា​នៃ​ការស៊ើបអង្កេត​ជាច្រើន​៕ 
 

Tag:
 ​បារាំង​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com