ជាតិ
សង្គមជាតិ
សិល្បះ
លោក សែម សង្វាត អតីតសមាជិក EV Band ទទួលមរណភាពក្នុងអាយុ៤៨ឆ្នាំ
01, Oct 2021 , 9:25 am        
រូបភាព
ភ្នំពេញ៖ លោក សែម សង្វាត ម្ចាស់បទ “កម្មករឆ្លងដែន” និងបទ ”អ្នកចម្រៀងអត់ល្បី“ បានទទួលមរណភាពក្នុងអាយុ៤៨ឆ្នាំ ដោយជំងឺថ្លើមប្រភេទB នៅវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។



លោក សង្វាត រតនៈ ត្រូវជាកូនច្បងរបស់លោក សែម សង្វាត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា សពឪពុកខ្លួន នឹងយកទៅធ្វើបុណ្យ រួមទាំងធ្វើពិធីបូជា នៅវត្តទឹកថ្លា។
 
លោក សង្វាត រតនៈ បញ្ជាក់បន្ថែម៖«ពេលនេះខ្ញុំមិនទាន់ច្បាស់ថាត្រូវធ្វើពិធីបូជាប៉ានៅពេលណាទេ ព្រោះពេលនេះខ្ញុំកំពុងតែធ្វើលិខិត។ អត់ពីប៉ាទៅ ចំពោះការគ្រប់គ្រងគ្រួសារខ្ញុំមិនទាន់បានគិតទេ»។   
 
លោក សែម សង្វាត បានតស៊ូជាមួយជំងឺថ្លើមប្រភេទB ជាង២០ឆ្នាំមកហើយ ដោយលោកតែងតែចូលមន្ទីរពេទ្រជាញឹកញាប់ ដើម្បីព្យាបាលជំងឺនេះ។ ព្រោះតែជំងឺកូវីដ-១៩ ធ្វើឱ្យលោក សែម សង្វាត មិនមានរោងការច្រៀងបន្ត ដូច្នោះលោកបានប្ដូរទៅលក់ផ្លែឈើតាមអនឡាញ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។  ទើបតែថ្ងៃទី២៩ ខែកញ្ញា លោក សែម សង្វាត បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
 
លោក សង្វាត រតនៈ កូនប្រុសច្បងអាយុ២១ឆ្នាំ ដែលជាបង្គោលក្នុងគ្រួសារបន្ទាប់ពីឪពុក ទីពឹងមុខរបរលក់ផ្លែឈើតាមអនឡាញផង លក់នៅផ្សារផង និងលក់ផលិតផលផ្សេងៗទៀតតាមអនឡាញ ដើម្បីរកប្រាក់ព្យាបាលជំងឺឪពុក និងផ្គត់ផ្គង់ជីវភាពគ្រួសារ។
 
សូមរំលឹកផងដែរថា លោក សែម សង្វាត ដែលប្រឡូកក្នុងវិស័យសិល្បៈចម្រៀង តាំងពីក្នុងអំឡុងឆ្នាំ១៩៩៧នោះ បច្ចុប្បន្នមានវ័យ៤៨ឆ្នាំ។ ចម្រៀងដែលធ្វើឱ្យមហាជន ស្គាល់លោកភាគច្រើននោះ គឺបទ “កម្មករឆ្លងដែន” “ស្នេហ៍តែអូន” “អ្នកចម្រៀងអត់ល្បី” “សំបុត្រស្នេហ៍ក្នុងសៀវភៅអូន” និងបទ “រាជនីកំពូលដួងចិត្ត”ជាដើម។ លោក សែម សង្វាត ក៏ជាសមាជិកក្រុម EV Band ដែលល្បីនាអំឡុងឆ្នាំ២០០០ ដែរ៕ 

Tag:
 សិល្បៈ
  ចម្រៀង
  មរណភាព
  សែន សង្វាត
© រក្សាសិទ្ធិដោយ thmeythmey.com