អន្តរជាតិ
លោក ហ្វូមីអូ គីស៊ីដា បេក្ខភាពនាយករដ្ឋមន្រ្តីជប៉ុនទី១០០ ជានរណា?
01, Oct 2021 , 9:58 am        
រូបភាព
លោក ហ្វូមីអូ គីស៊ីដា ប្រធានបក្សប្រជាធិបតេយ្យសេរី។ រូបភាព៖AFP
លោក ហ្វូមីអូ គីស៊ីដា ប្រធានបក្សប្រជាធិបតេយ្យសេរី។ រូបភាព៖AFP
ដោយ: ថ្មីៗ
អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃទី២៩ ខែកញ្ញា បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានបក្សប្រជាធិបតេយ្យសេរី (LDP)។ លោក នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ នាពេលឆាប់ៗខាងមុខ។

 
តើលោក ហ្វូមីអូ គីស៊ីដា គឺជានរណា? ហើយលោកធ្លាប់មានប្រវត្តិបែបណា? 
 
លោក គីស៊ីដា បានកើតនៅក្នុងគ្រួសារមួយ ដែលភាគច្រើនជាអ្នកនយោបាយ។ ឪពុក និងជីតារបស់ប្រធានបក្ស LDP រូបនេះ គឺជាសមាជិកសភា។ កាលពីនៅវ័យកុមារ លោកគីស៊ីដា បានចំណាយពេល ៣ឆ្នាំនៅអាម៉េរិក និងសិក្សានៅសាលា Queens ក្នុងអំឡុងពេលឪពុកលោកជាមន្រ្តីជាន់ខ្ពស់នៅក្រសួងពាណិជ្ជកម្មរបស់ជប៉ុនប្រចាំនៅអាម៉េរិក។ 
 
លោកគីស៊ីដា បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Waseda ក្នុងទីក្រុងតូក្យូ។ នៅក្នុងឆ្នាំ១៩៩៣ បុរសវ័យ ៦៤ឆ្នាំរូបនេះ បានក្លាយជាសមាជិកសភាតំណាង។ លោកគីស៊ីដា ក៏ធ្លាប់កាន់តួនាទីជាប្រធានគោលនយោបាយរបស់បក្សប្រជាធិបតេយ្យសេរីផងដែរ។ 
 
បើទោះមិនសូវមានកេរ្តិ៍ឈ្មោះល្បី នៅក្នុងឆ្នាំ២០១២ ដល់២០១៧ លោកគីស៊ីដា ត្រូវបានតែងតាំងធ្វើជារដ្ឋមន្រ្តីការបរទេសជប៉ុន និងក្លាយជាបុគ្គលមួយរូប ដែលកាន់តំណែងនេះ បានរយៈពេលយូរជាងគេ។ ក្នុងពេលកាន់តំណែងនោះ រដ្ឋមន្រ្តីការបរទេសរូបនេះ បានអញ្ជើញលោកប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ាទៅទស្សនកិច្ចនៅទីតាំងប្រវត្តិសាស្រ្ត ក្នុងទីក្រុងហ៊ីរ៉ូហ៊ីម៉ា ដែលអាម៉េរិកទម្លាក់គ្រាប់បែកបរមាណូកាលពីសង្រ្គាមលោកលើកទីពីរផងដែរ។ 
 
បន្ទាប់ពីលោក តារូ គូណូ ជំនួសតំណែងរដ្ឋមន្រ្តីការបរទេស លោក គីស៊ីដា ត្រូវផ្លាស់ទៅកាន់តំណែងរដ្ឋមន្រ្តីការពារជាតិវិញ។ 
 
ក្នុងអំឡុងពេលប្រជែងតំណែងជាប្រធានបក្ស LDP លោក គីស៊ីដា បានយកឈ្នះ លោកតារូ គូណូ ដែលជារដ្ឋមន្រ្តីទទួលបន្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជាបុគ្គលមានប្រជាប្រិយភាពមួយរូប ក្នុងសំឡេងភាគតិចបំផុត។ 
 
តាមរយៈគោលនយោបាយខ្លួន លោក គីស៊ីដា មានបំណងកាត់បន្ថយគម្លាតប្រាក់ចំណូល និងដាក់ចេញកញ្ចប់ថវិកា ដើម្បីជួយសង្រ្គោះប្រជាជនជប៉ុន ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩។ ចំណែកគោលនយោបាយ ការបរទេសវិញ រដ្ឋាភិបាលរបស់លោក គីស៊ីដា អាចនឹងអនុវត្តដូចនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងលោក ស៊ូហ្កា យូស៊ីហ៊ីដេ  ដែរ។ មានន័យថា ជប៉ុននឹងបន្តគាំទ្រយុទ្ធសាស្រ្តសេរី និងបើកចំហឥណ្ឌូ-បាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តខ្លួន ដើម្បីទប់នឹងឥទ្ធិពលចិន។ 
 
នៅថ្ងៃទី៤ ខែតុលា សភាជប៉ុនទាំងពីរថ្នាក់ នឹងបើកកិច្ចប្រជុំពិសេសមួយ។ ក្នុងកិច្ចប្រជុំនោះ លោក គីស៊ីដា នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ ដោយសារតែបក្ស LDP មានសំឡេងភាគច្រើននៅក្នុងសភា៕ 

© រក្សាសិទ្ធិដោយ thmeythmey.com