អន្តរជាតិ
អគ្គរដ្ឋទូតចិនរំឭកឥណ្ឌា៖ ឥណ្ឌា គួររក្សាជំហរកណ្ដាល កុំចូលសម្ព័ន្ធភាពណាមួយដើម្បីប្រឆាំងចិន
01, Oct 2021 , 11:27 am        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំឥណ្ឌា Sun Weidong ។ រូបថត Xinhua
អគ្គរដ្ឋទូតចិនប្រចាំឥណ្ឌា Sun Weidong ។ រូបថត Xinhua
អគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីញូវដែលី លោក Sun Weidong នៅថ្ងៃទី២៩ ខែកញ្ញា បានស្នើឱ្យ ភាគី​ឥណ្ឌារក្សាជំហរយុទ្ធសាស្ត្រស្វ័យភាពជាជាងចូលរួមជាមួយសម្ព័ន្ធភាពណាមួយប្រឆាំងនឹង​ប្រទេស​ជិតខាងរបស់ខ្លួន ព្រោះមិនអាចជោគជ័យឡើយ។ លោក Sun បានអំពាវនាវឱ្យឥណ្ឌាសហការជាមួយ ចិនឱ្យបានច្រើន​ជាង​មុន​លើ​បញ្ហាផ្សេងៗ និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

 
ក្នុងកិច្ចប្រជុំអនឡាញថ្ងៃទី២៩ ខែកញ្ញា ជាមួយតំណាងជាង១០០នាក់នៃសហគមន៍អាជីវកម្ម វប្បធម៌ និងអប់រំនៅឥណ្ឌា អគ្គរដ្ឋទូតចិនប្រចាំឥណ្ឌា Sun Weidong  សង្កត់ធ្ងន់ថា ការប៉ុនប៉ងណា​មួយ​ដើម្បី​ប្រមូលផ្តុំកម្លាំងក្នុងការទប់ស្កាត់ និងបង្ក្រាបចិន នឹងបរាជ័យជាក់ជាមិនខាន។ ទោះមិននិយាយចំឈ្មោះ លោក Sun ​ ទំនងសំដៅលើការចូលរួមរបស់ឥណ្ឌាក្នុងជំនួបក្រុមដៃគូ​សន្ទនា​សន្តិសុខ​ចតុ​ភាគី​ (Quad) ដែលបានធ្វើឡើងនៅថ្ងៃទី២៤​​ ខែកញ្ញាកន្លងទៅ។
 
លោក Sun លើកឡើងថា ដោយសារភាពអាត្មានិយម ពួកគេប្រកាន់ខ្ជាប់គោលគំនិតសង្គ្រាម​ត្រជាក់​ដែលគិតតែពីប្រយោជន៍ខ្លួន ព្យាយាមបង្កើតក្រុមដោយមិនបញ្ចូលភាគីផ្សេង និងបង្កើត​សម្ព័ន្ធ​យោធា​ដើម្បីគាបសង្កត់ប្រទេសដទៃ។ ក្នុងសេចក្ដីប្រកាសរបស់ស្ថានទូតចិន អ្នកការទូតរូបនេះ ក៏រិះគន់ទៀតថា ប្រទេសទាំងនោះក៏បង្កើនភាពតានតឹង បង្កឱ្យមានការរត់ប្រណាំងសព្វាវុធ​ ការ​បែង​ចែកបក្សពួក ហើយធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្លាយជាសង្វៀនរបស់មហាអំណាច និង​បង្ក​អស្ថិរភាព​ពិភពលោក។ 
 
អគ្គរដ្ឋទូតចិនរូបនេះ ក៏ស្នើឱ្យឥណ្ឌារក្សាជំហរយុទ្ធសាស្ត្រស្វ័យភាព ឬឯករាជ្យ ហើយចៀសពី​ការ​ចូលរួ​មជាមួយសម្ព័ន្ធភាពផ្សេងៗប្រឆាំងនឹងគ្នាទៅវិញទៅមក ។ លោក Sun អះអាងថា ទោះបីជា​ទំនាក់​ទំនងឥណ្ឌា-ចិនមានបញ្ហាល្អក់កករមួយចំនួនដូចជាជម្លោះព្រំដែនក៏ដោយ ក៏ភាគីទាំងពីរគួរតែ​ដោះស្រាយជម្លោះទាំងនោះដោយយុត្តិធម៌ សមហេតុផល និងស្មើភាពដើម្បីស្ដារទំនាក់ទំនង និ​ង​ឆ្ពោះ​ទៅរកស្ថិរភាពជាមួយគ្នា។
 
ទន្ទឹមនេះលោក Sun ក៏បានស្នើទៅកាន់ភាគីឥណ្ឌាឱ្យផ្ដល់ភាពស្មើភាពគ្នានៃការវិនិយោគ របស់​ក្រុមហ៊ុនប្រទេសទាំងពីរជាជាងការរឹតត្បិតការរកស៊ីរបស់ក្រុមហ៊ុនទាំងនោះ។ កន្លងមក ឥណ្ឌា​បាន​ហាមឃាត់កម្មវិធីទូរស័ព្ទចិនជាង២០០ ដោយសារមូលហេតុសន្តិសុខ ហើយក៏បាន ដាក់​កំហិត​ការ​វិនិយោគរបស់ចិនក្នុងក្រុមហ៊ុននិងវិស័យដែលរសើបផងដែរ៕

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com