អន្តរជាតិ
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាលើកទីពីរក្នុងសប្តាហ៍នេះ
01, Oct 2021 , 4:25 pm        
រូបភាព
កូរ៉េខាងជើងនៅថ្ងៃទី ៣០ ខែកញ្ញា បានបាញ់មីស៊ីលប្រឆាំងយន្តហោះទើបអភិវឌ្ឍថ្មី ដែលជាការបាញ់សាកល្បងលើកទី ២ ក្នុងរយៈពេលមួយសប្តាហ៍នេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង(KCNA) នៅថ្ងៃទី​១​ ខែតុលា។



បន្ទាប់ពីបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Hwasong-8 នៅថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅ កូរ៉េខាងជើង ក៏សាកល្បងមីស៊ីលម្ដងទៀតនៅថ្ងៃទី៣០ ខែកញ្ញា ដោយលើកនេះជាមីស៊ីលប្រឆាំងយន្តហោះវិញម្ដង។ ប៉ុន្មានសប្តាហ៍មុន កូរ៉េខាងជើង ក៏ទើបបាញ់មីស៊ីលបាលីស្ទិក និងមីស៊ីលបាញ់ចេញពីរថភ្លើងជាដើម​ ដោយមិនខ្វល់ពីការដាក់ទណ្ឌកម្មអន្តរជាតិឡើយ។
 
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA មីស៊ីលប្រឆាំងយន្តហោះថ្មីនេះ បានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជាបច្ចេកវិទ្យាចង្កូតភ្លោះ និងមានម៉ាស៊ីនហោះហើរពីរ។ ​ប៉ុន្តែ ល្បឿន និងសមត្ថភាពលម្អិតពីមីស៊ីលនេះ មិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បញ្ជាក់លម្អិតឡើយ។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលបន្តថា មីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មី មានលក្ខណៈពិសេសក្នុងការឆ្លើយតបបានយ៉ាងរហ័ស ការគ្រប់គ្រងត្រឹមត្រូវតាមការកំណត់ ហើយអាចបាញ់បានឆ្ងាយតាមលក្ខណៈបច្ចេកទេសទាំងអស់។
 
ដូចការបាញ់សាកល្បងអាវុធមុនៗដែល មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានចូលរួមត្រួតពិនិត្យក្នុងការសាកល្បងនោះទេ។ លោក Pak Jong Chon សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយបក្សពលករកូរ៉េកំពុងកាន់អំណាច ជាអ្នកត្រួតពិនិត្យ។
 
ការសាកល្បងអាវុធរបស់កូរ៉េខាងជើងម្តងហើយម្តងទៀតនេះ បានគូសបញ្ជាក់ពីដំណើរការដែលកូរ៉េខាងជើងបន្តអភិវឌ្ឍអាវុធទំនើបៗ ឥតឈប់ឈរ។ វានឹងបង្កើនភាពតានតឹងបន្ថែមរវាងកូរ៉េទាំងពីរ ក៏ដូចជាបង្កើនលំបាកបន្ថែមទៀតដល់ការបន្តកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងអាម៉េរិកនិងកូរ៉េខាងជើងផងដែរ។
 
គួររំលឹកថា នៅមួយថ្ងៃមុនការបាញ់សាកល្បងមីស៊ីលនេះ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសស្ដារបណ្ដាញទំនាក់ទំនងអន្តរកូរ៉េជាថ្មី ក្រោយបានកាត់ផ្តាច់កាលពីខែសីហាកន្លងទៅ និងលើកឡើងថា​ គ្មានបំណងបង្ករឿងជាមួយកូរ៉េខាងត្បូង៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com