ជាតិ
ខេត្តកែប នឹងក្លាយជាគោលដៅទេសចរណ៍ ដែលអាចប្រជែងប្រទេសជិតខាង
× ភ្នំពេញ៖ ក្រៅពីគម្រោងអភិវឌ្ឍខេត្តកែប ឱ្យក្លាយជាទេសចរណ៍ប្រណីតកម្រិតខ្ពស់ របស់រដ្ឋាភិបាល បច្ចុប្បន្នក៏មានវិស័យឯកជនចូលខ្លួន ទៅបង្កើនផលិតផលទេសចរណ៍ផងដែរ។ ជាមួយនឹងគម្រោងទាំងនេះ អភិបាលខេត្តរំពឹងថា ខេត្តកែបនឹងមានលទ្ធភាពប្រជែងទេសចរណ៍ជាមួយប្រទេសជិតខាង។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងពិនិត្យមើលផលប៉ះពាល់ និងការដណ្ដើមកាន់កាប់ដីលើកោះទន្សាយ របស់ប្រជាជន៥គ្រួសារ។ បើតាមលោក សោម ពិសិដ្ឋ បន្ទាប់ពីអាជ្ញាធរដោះស្រាយរួចរាល់ រដ្ឋាភិបាលនឹងអាចចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន ទ្រី ភាព សាងសងរីសត និងកន្លែងកម្សាន្ត លើផ្ទៃដី ១៤០ហិកតា ខណៈកោះទាំងមូលមានផ្ទៃដីប្រមាណ ១៨០ហិកតា។ លោក សោម ពិសិដ្ឋ ជឿជាក់ថាគម្រោងនេះ នឹងធ្វើឱ្យខេត្តកែបកាន់តែភាពទាក់ទាញ។
« គម្រោងនេះ បើសិនក្រុមហ៊ុន ធ្វើតាមអ្វីដែលគ្រោងចុះកិច្ចសន្យា ប្រាកដជាមានផលវិជ្ជមានច្រើន។ ទីមួយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយដល់រដ្ឋាភិបាល។ ទីពីរ ធ្វើឱ្យមានការរីកចម្រើនដល់ ជីវភាពប្រជាជនមូលដ្ឋាន» ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកែប ដោយបន្តថា ផែនការមេអភិវឌ្ឍខេត្តកែប រយៈពេល១៥ឆ្នាំ ដែលផ្ដោតលើ កណ្ដាលទីរួមក្រុងខេត្ត តំបន់ភ្នំវល្ល៍ និងប្រជុំកោះ នឹងធ្វើឱ្យមានផលវិជ្ជមានកាន់តែខ្លាំង។ លោករំពឹងថា តាមរយៈគម្រោងទាំងនេះ នឹងអាចធ្វើឱ្យខេត្តកែបមានលទ្ធភាពប្រជែងទីផ្សារទេសចរណ៍ជាមួយប្រទេសជិតខាង។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាព៖ ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប
កាលពីថ្ងៃទី ២៩កញ្ញា កន្លងទៅ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំ ពីផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែបរយៈពេល ១៥ឆ្នាំ និងការអភិវឌ្ឍខេត្តនៅតំបន់ឆ្នេរ។ បើតាមលោក សោម ពិសិដ្ឋ កិច្ចប្រជុំនេះ គឺដើម្បីជំរុញ និងស្ដារទេសចរណ៍ក្នុងវិបត្តកូវីដ-១៩។
លោកបន្តដូច្នេះថា៖ « យើងនឹងធ្វើឱ្យខេត្តកែបទៅជាគោលដៅឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព ប្រកួតជាមួយឆាកអន្តរជាតិ។ ទីពីរ ខេត្តកែបនឹងក្លាយជាតំបន់ទេសចរណ៍សុខភាព មានន័យថា ជាកន្លែងសម្រាកលម្ហែរបស់ទេសចរវ័យចំណាស់។ ទីបី ខេត្តកែប អាចក្លាយជាកន្លែងលម្ហែគ្រប់រដូវ។ ទី៤ យើងអភិវឌ្ឍ និងថែររក្សាធនធានធម្មជាតិ ហើយទី៥ យើងអភិវឌ្ឍដោយបែងចែកផលប្រយោជន៍សេដ្ឋកិច្ច ដែលជួយលើកស្ទួយជីវភាពប្រជាជន»។
សូមរម្លឹកផងដែរថា បច្ចុប្បន្នខេត្តកែបមានគម្រោងអភិវឌ្ឍធំៗចំនួនពីរ គឺផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប រយៈពេល១៥ឆ្នាំ គឺឆ្នាំ២០២០ ដល់ ២០៣៥។ គម្រោងមួយទៀតជារបស់ក្រុមហ៊ុន ទ្រី ភាព ដែលមានទំហំទឹកប្រាក់ ១៣០លានដុល្លារអាម៉េរិក លើផ្ទៃដី ១៤០ហិកតា។
កែប ជាខេត្តតូចជាងគេក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្បូរសក្តានុពលទេសចរណ៍ រាប់តាំងពី ភ្នំ សមុទ្រ ឆ្នេរ និងប្រជុំកោះជាដើម។ បន្ថែមពីនេះរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងអភិវឌ្ឍខេត្តនេះឱ្យក្លាយជាទេសចរណ៍ប្រណីតកម្រិតខ្ពស់ ដើម្បីប្រជែងទីផ្សារទេសចរណ៍លើឆាកអន្តជាតិ ៕
© រក្សាសិទ្ធិដោយ thmeythmey.com