អន្តរជាតិ
កាកបាទក្រហម៖ មណ្ឌលសុខភាពជាង២ពាន់កន្លែងត្រូវបានបិទនៅអាហ្វហ្កានីស្ថាន
01, Oct 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
មន្រ្តីជាន់ខ្ពស់របស់អង្គការកាកបាទក្រហមមួយរូប នៅថ្ងៃទី ៣០ ខែកញ្ញាបានព្រមានថា ប្រព័ន្ធសុខាភិ​បាល​របស់អាហ្វហ្កានីស្ថានកំពុងឈានដល់ការដួលរលំ ខណៈដែលមណ្ឌលសុខភាពជាង២ពាន់កន្លែងត្រូវបានបិទនៅទូទាំងប្រទេស។ ខណៈប្រឈមមុខនឹងវិបត្តសេដ្ឋកិច្ច ជំនួយបរទេសសម្រាប់គាំទ្រប្រព័ន្ធសុខភិបាលក្នុងប្រទេសនេះ ក៏ត្រូវបានផ្អាកក្រោយក្រុមតាលីបង់ឡើងកាន់អំណាច។


 
«ប្រជាជនអាចយល់ព្រមធ្វើការដោយគ្មានប្រាក់ខែបានពីរបីសប្តាហ៍ទៀត ប៉ុន្តែនៅពេលថ្នាំពេទ្យប្រើអស់ ហើយគ្លីនិកគ្មានអ្វីផ្តល់ជូនដល់អ្នកជំងឺ នោះមណ្ឌលសុខភាពទាំងនោះនឹងត្រូវបិទទ្វារ»។ លោក Alexander Matheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុលនៅថ្ងៃទី៣០ ខែកញ្ញា។ 
 
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅអាហ្វហ្កានីស្ថាន លោក Matheou ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា បច្ចុប្បន្នមណ្ឌលសុខភាពជាង២ពាន់កន្លែងត្រូវបានបិទ និងបុគ្គលិកសុខាភិបាលជាង២ម៉ឺននាក់នៅក្នុងប្រទេសនេះ ឈប់ធ្វើការ ឬកំពុងធ្វើការដោយមិនទទួលបានប្រាក់ខែ។
 
ជាប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមជាង៤ទសវត្សរ៍ សេដ្ឋកិច្ចអាហ្វហ្កានីស្ថានកំពុងរងវិបត្តយ៉ាងធ្ងន់ធ្ងរ ស្របពេលមានការដាក់ទណ្ឌកម្ម និងការកាត់ផ្តាច់ជំនួយពីប្រទេសនានាបន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី។ ការកាត់ផ្តាច់ជំនួយនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសុខាភិបាលអាហ្វហ្កានីស្ថាន ដែលពឹងផ្អែកខ្លាំងលើជំនួយពីអង្គការក្រៅរដ្ឋាភិបាលដើម្បីបើកដំណើរការ។
 
អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន ក៏ព្រមានដែរថា មានគ្រឹះស្ថានសុខាភិបាលតិចជាងមួយភាគប្រាំក្នុងប្រទេសនេះប៉ុណ្ណោះ អាចនៅបន្តដំណើរការបានពេញលេញ ខណៈមណ្ឌលសុខភាពផ្សេងទៀតនឹងត្រូវបិទទ្វារព្រោះគ្មានឱសថចាំបាច់ផ្តល់ឱ្យអ្នកជំងឺ។ ទាក់ទិននឹងបញ្ហាកូវីដ-១៩ វិញ អាហ្វហ្កានីស្ថានមានប្រជាជនប្រហែល១ភាគរយប៉ុណ្ណោះដែលទទួលបានការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈវ៉ាក់សាំងជាង១លានដូសកំពុងរង់ចាំការចែកចាយ។
 
ចំណែកអង្គការសហប្រជាជាតិ (UN) ធ្លាប់ប៉ាន់ប្រមាណថា ប្រជាជនអាហ្វហ្កានីស្ថានជាង១៨លាននាក់ស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប កំពុងត្រូវការជំនួយយ៉ាងខ្លាំង ខណៈប្រជាជនមួយចំនួនទៀតប្រឈមនឹងគ្រោះទុរ្ភិក្ស។ តាមការកៀរគរថវិកាជំនួយកន្លងមក សហគមន៍អន្តរជាតិបានសន្យាផ្តល់​ជំនួយមនុស្សធម៌ចំនួន ១,២ ពាន់លានដុល្លារ ប៉ុន្តែថវិកាជំនួយទាំងនេះមិនទាន់ត្រូវបានប្រគល់ឱ្យ UN នៅឡើយ។
 
នៅថ្ងៃទី៣០ ខែកញ្ញា IFRC ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ក៏បានស្នើសុំប្រាក់ចំនួន ៣៦ លានហ្វ្រង់ស្វីសស្មើនឹង ៣៨,៥ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនជាងកន្លះលាននាក់នៅតាមបណ្តាខេត្តដែលរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួតនិងការផ្លាស់ទីលំក្នុងប្រទេស​៕
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com