អន្តរជាតិ
កោះតៃវ៉ាន់ថា ចិនមិនមានលក្ខណៈសមស្របចូលជាសមាជិក​​កិច្ចព្រមព្រៀង​ CPTPP
01, Oct 2021 , 5:49 pm        
រូបភាព
រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់តៃវ៉ាន់ លោកស្រី Wang Mei-hua ។ រូបថតពីវេបសាយក្រសួងសេដ្ឋកិច្ចតៃវ៉ាន់
រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់តៃវ៉ាន់ លោកស្រី Wang Mei-hua ។ រូបថតពីវេបសាយក្រសួងសេដ្ឋកិច្ចតៃវ៉ាន់
នៅថ្ងៃទី៣០ ខែកញ្ញា រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់លោកស្រី Wang Mei-hua ប្រាប់ទីភ្នាក់ងារ Reuters ថា ប្រសិនបើចិនចូលជាសមាជិក​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) មុនតៃវ៉ាន់ នោះចិននឹងរារាំងតៃវ៉ាន់ជាក់ជាមិនខាន។ លោកស្រី Wang ​លើក​ឡើងថា ប្រព័ន្ធគ្រប់គ្រងប្រទេសរបស់ចិនមិនត្រូវជាមួយបទបញ្ញត្តិ​តឹងរ៉ឹង​ និងស្ដង់ដារខ្ពស់​របស់​កិច្ច​ព្រមព្រៀង​ CPTPP ឡើយ។

 
ក្នុងខែកញ្ញា ទាំងកោះតៃវ៉ាន់ និងចិនបានដាក់ពាក្យស្នើចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ​CPTPP ។ ប៉ុន្តែចិនចេញមុខជំទាស់បេក្ខភាពរបស់តៃវ៉ាន់ ក្រោមហេតុផលថា តៃវ៉ាន់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន។
 
តៃវ៉ាន់វិញ ក៏ហាក់បារម្ភចេតនារបស់ចិនដែរក្នុងករណីចិនក្លាយជាសមាជិកមុនខ្លួននោះ។ ក្នុងកិច្ច​សម្ភាសថ្ងៃទី៣០ ខែកញ្ញា ជាមួយទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់​លោកស្រី Wang Mei-hua បានលើកឡើងថា៖ «ប្រសិនបើចិនចូលជាសមាជិកមុន នោះ ច្បាស់ណាស់​ដែល​ពួកគេ​នឹង​រារាំងតៃវ៉ាន់»។ 
 
លោកស្រី​ Wang ក៏ចោទជាសំណួរទាក់ទងលក្ខណៈសម្បតិ្តរបស់ទីក្រុងប៉េកាំងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនៅអាស៊ីប៉ាស៊ីហ្វិក ដោយបានលើកយកបញ្ហារបស់ចិនដូចជាការ​ត្រួត​ពិនិត្យ​លើប្រ​ព័ន្ធអ៊ីនធឺណិតដ៏តឹងរ៉ឹងដោយរដ្ឋាភិបាល និងបញ្ហាសិទ្ធិការងារជាដើម។ រដ្ឋមន្ត្រីរូបនេះ​ក៏សង្កត់ធ្ងន់ថា តម្រូវការរបស់កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CPTPP មិនស៊ីគ្នាជាមួយប្រព័ន្ធ​គ្រប់គ្រង​ជាមូលដ្ឋាន​របស់​ចិន​ឡើយ។ 
 
«ប្រសិនបើចិនកែប្រែប្រព័ន្ធទាំងនោះ បន្ទាប់មកចូលជាសមាជិក នោះវាមិនមែនជារឿង អាក្រក់​នោះ​ទេ។ ប៉ុន្តែប្រសិនបើប្រព័ន្ធនោះមិនផ្លាស់ប្ដូរ តើពួកគេចូលជាសមាជិក CPTPP បាន​យ៉ាង​ដូចម្ដេច? នេះជាបញ្ហាមួយដែលខ្ញុំពិតជាមិនយល់នោះទេ។» មន្រ្តីតៃវ៉ាន់លើកសំណួរបែបនេះ។
 
ការលើកឡើងបែបនេះ ចង់សំដៅលើប្រព័ន្ធគ្រប់គ្រងទូទៅ និងសេដ្ឋកិច្ចរបស់ចិនដែល អនុវត្ត​តាម​ប្រព័ន្ធសង្គមនិយម សេរីភាពមិនពេញលេញ រីឯប្រព័ន្ធទីផ្សារមានការជ្រៀតជ្រែកពីរដ្ឋាភិបាល។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CPTPP បានកំណត់ទីផ្សារសេរី។
 
គួរបញ្ជាក់ថា ​នៅក្នុង​ឆ្នាំ ២០១៨ កិច្ចព្រមព្រៀង​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ត្រូវបានធ្វើ​វិសោធនកម្ម ​ទៅជាកិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក បន្ទាប់ពី​ការដើរ​ចេញ​របស់​អាម៉េរិក​។ ក្នុង​កិច្ចព្រមព្រៀង​នេះ ប្រទេស​ជា​សមាជិក​មាន​ចំនួន ១១ ប្រទេសដូចជាអូស្ត្រាលី​, ព្រុយ​ណេ​, កាណាដា​, ស៊ី​លី​, ជប៉ុន​, ម៉ាឡេស៊ី​, ម៉ិ​ក​ស៊ិ​ក​, នូ​វែ​ល​សេ​ឡង់​, ប៉េ​រូ​, សិង្ហ​បុរី និង​វៀតណាម​៕ 
 

Tag:
 តៃវ៉ាន់
  ចិន
  CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com