អន្តរជាតិ
ការសិក្សា៖ ចំនួនប្រជាជ​នចិនអាចនឹងធ្លាក់ចុះពាក់កណ្តាលនៅ៤៥ឆ្នាំខាងមុខ
02, Oct 2021 , 5:47 pm        
រូបភាព
ដោយ:
ការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវចិនបានព្រមានថា ការថយចុះចំនួនប្រជាជននៅចិន អាចលឿនជាងការរំពឹងទុក។ ការសិក្សាដែលចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា បញ្ជាក់ថា ចំនួនប្រជាជនចិននឹងធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល៤៥ឆ្នាំខាងមុខ។​


 
ការវាយតម្លៃដែលបង្ហញពីការធ្លាក់ចុះចំនួនប្រជាជននៅចិន ធ្វើឡើងដោយផ្អែកលើតួលេខនៃអត្រាបង្កកំណើតផ្លូវការរបស់ស្រ្តីចិនដែលមាន១,៣ ក្នុងឆ្នាំ២០២០។ នេះមានន័យថា ស្រ្តីចិនម្នាក់ផ្តល់កំណើតកូន១,៣នាក់។ អត្រានេះ ទាបមានអត្រាមធ្យមដែលស្ត្រីម្នាក់ត្រូវផ្ដល់កំណើតឱ្យកូន២នាក់ ទើបចិនអាចរក្សាស្ថេរភាពកំណើនប្រជាជនបាន។
 
ការស្រាវជ្រាវនេះធ្វើឡើងដោយសាស្រ្តចារ្យ​ Jiang Quanbao​ និងសហការី ជាមួយវិទ្យាស្ថានសិក្សាប្រជាជននិងអភិវឌ្ឍនៅសកលវិទ្យាល័យ Xian Jiaotong។ បើតាមកាសែត South China Morning Post ការស្រាវជ្រាវនេះ បង្ហាញថា ការធ្លាក់ចុះចំនួនប្រជាជន មិនត្រូវបានគិតគូរខ្លាំងក្លាឡើយ។ 
 
បច្ចុប្បន្ន ប្រជាជនចិនមានចំនួនជាង១,៤ពាន់លាននាក់។ កាលពី​ឆ្នាំ២០១៩ អង្គការសហប្រជាជាតិ (UN) បានព្យាករណ៍ថា ចិននៅតែមានចំនួនប្រជាជនប្រមាណ១,៣ពាន់លាននាក់ត្រឹមឆ្នាំ២០៦៥។ការប៉ាន់ស្មានមួយផ្សេងទៀតដែលចុះផ្សាយក្នុងព្រឹត្តិប័ត្រដ៏ល្បី The Lancet ដោយក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យវ៉ាស៊ីនតោននៅឆ្នាំ២០២០ បង្ហាញថា​ ចំនួនប្រជាជនចិននឹងធ្លាក់ចុះពាក់កណ្តាលនៅត្រឹមឆ្នាំ២១០០។
 
ការព្យាករណ៍របស់​ UN ធ្វើឡើងដោយបានសន្មត់ថា អត្រាបង្កកំណើតរបស់ស្រ្តីចិននៅតែរក្សាអត្រា១,៧នាក់។ យ៉ាងណាមិញ នៅឆ្នាំ ២០២០ ចិនកត់ត្រាទារកទើបកើតថ្មីមានចំនួន១២លាននាក់ ដែលទាបជាងការប៉ាន់ស្មានរបស់ UN​​ ជាង២៥ភាគរយឯណោះ។
 
«អាជ្ញាធរចិនត្រូវតែយកចិត្តទុកដាក់លើបញ្ហាអសកម្មនៃកំណើនប្រជាជន និងរៀបចំផែនការដើម្បីទប់ទល់ជាមុន»។នេះបើតាមការដកស្រង់សំណេររបស់សាស្រ្តចារ្យ​ Jiang Quanbao ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រនៃសកលវិទ្យាល័យ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ Xian ។ 
 
ខណៈការធ្លាក់ចុះអត្រាកំណើតអាចបណ្តាលមកពីជំងឺកូវីដ-១៩ លោកសាស្រ្តាចារ្យ Jiang និងសហការីលោក បាននិយាយថា ឱកាស​អត្រាកំណើតក្នុងការងើបឡើងវិញមានកម្រិតទាប។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ចំនួនប្រជាជនសរុបទំនងជាធ្លាក់ចុះយ៉ាងឆាប់រហ័សដោយសារតែចំនួនស្រ្តីដែលមានអាយុបង្កកំណើត បានធ្លាក់ចុះដែរ។
 
«បើសិនអត្រាបង្កកំណើតធ្លាក់ចុះមក​ត្រឹម​ ១ នោះរយៈពេលត្រឹម២៩ឆ្នាំខាងមុខ ប្រជាជនក្នុងប្រទេសនេះនឹងធ្លាក់ចុះចំនួនពាក់កណ្តាល។» ក្រុមស្រាវជ្រាវចិនសង្កត់ធ្ងន់បែបនេះ។
បច្ចុប្បន្ន ប្រជាជនចិនភាគច្រើន មិនចង់មានកូនដែរ ព្រោះតែសម្ពាធសេដ្ឋកិច្ចកើនឡើងខ្លាំង។ តម្លៃអចលនទ្រព្យខ្ពស់ ការខ្វះខាតថវិកាខ្លាំងលើសេវាកម្មថែទាំ និងការសម្រាលកូន សុទ្ធតែកត្តាដែលប្រជាជនចិនមិនសូវចង់បានកូន។ យោងតាមទិន្នន័យជំរឿនចុងក្រោយ ចំនួនកុមារមានអត្រាត្រឹម១៧ភាគរយនៃប្រជាជនសរុប ខណៈប្រជាជនមានវ័យលើសពី៦០ឆ្នាំ កើនឡើងជាង១៨ភាគរយ៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com