អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យន្តហោះចិន ហោះទៅកៀកតៃវ៉ាន់ជាថ្មី ស្របនឹងខួបបង្កើតសាធារណរដ្ឋប្រជាមានិតចិន
01, Oct 2021 , 11:30 pm        
រូបភាព
រូបពី Reuters
រូបពី Reuters
កងទ័ពអាកាសតៃវ៉ាន់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជូនទៅព្រមានយន្តហោះចម្បាំងចិន ដែលហោះចូលក្នុងដែនការពារអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសបែបនេះ នៅថ្ងៃទី១ ខែតុលា ស្របនឹងខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។



ជាច្រើនលើកច្រើនសា ចិនតែងបញ្ជូនយន្តហោះចម្បាំងទៅកៀកដែនដីរបស់តៃវ៉ាន់ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងតៃប៉ិ បញ្ជូនយន្តហោះទៅបណ្តេញចេញ។ យន្តហោះទាំងនោះ ភាគច្រើនចូលទៅក្នុងដែនអាកាសភាគអាគ្នេយ៍ និងហោះទៅជិតកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់។ ជាថ្មីម្តងទៀត ចិន បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅក្នុងដែនការពារអាកាសតៃវ៉ាន់។

តាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះចិនចុងក្រោយ ដែលហោះចូលមកកៀកតៃវ៉ាន់មានដូចជា យន្តហោះចម្បាំង J-16, Su-30 យន្តហោះទម្លាក់គ្រប់បែកH-6 និង យន្តហោះប្រឆាំងនាវាមុជទឹកជាដើម។ ជាការឆ្លើយតប តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងទៅបណ្តេញយន្តហោះចិនទាំងនោះ រួមទាំងពង្រាយប្រព័ន្ធមីស៊ីលផង ដើម្បីតាមដាន។

យន្តហោះទាំងនោះ ភាគច្រើន បានហោះទៅក្បែរកោះ Pratas។ កន្លងមក ចំនួនយន្តហោះដែលហោះទៅក្បែរតៃវ៉ាន់ច្រើនបំផុតមានរហូតដល់ទៅ ២៨គ្រឿងឯណោះ។

១ថ្ងៃមុនខួប៧២ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន បានជំរុញឱ្យប្រឆាំង និងជំទាស់រាល់សកម្មភាពប្រកាសឯករាជ្យរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីកម្លាំងបរទេស។ មេដឹកនាំរូបនេះ ក៏បានអំពាវនាវឱ្យប្រជាជនចិន និងតៃវ៉ាន់រួមសាមគ្គីគ្នាផងដែរ ដើម្បីសម្រេចក្តីសុបិន្តរបស់ចិន៕

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com