ជាតិ
រោងចក្រផលិតបន្ទះសូឡានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងបង្កើតការងារថ្មីប្រមាណ៥០០កន្លែង
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រ ផលិតបន្ទះសូឡាមួយ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ជាមួយគ្នានេះ CDC ក៏បានអនុម័ត គម្រោងបង្កើតរោងចក្រផលិតកាបូបក្នុងខេត្តកំពង់ស្ពឺផងដែរ។
បើតាម CDC នៅថ្ងៃទី៣០ ខែកញ្ញានេះ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា និងគ្រឿងបង្គុំ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រនេះ មានទុនវិនិយោគចំនួន ៣០លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៥០០កន្លែង។
ជាមួយគ្នានេះ CDC ក៏បានអនុម័តសំណើសុំវិនិយោគ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦១៨កន្លែង។ ក្រុមហ៊ុននេះ មានស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
គិតត្រឹមខែសីហា ឆ្នាំ២០២១ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បានចំនួន ៣៧៦គម្រោង ដែលមានទំហំវិនិយោគសរុប ៩,៧ពាន់លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់CDC នាថ្ងៃទី២៩កញ្ញា៕
Tag:
CDC
បន្ទះសូឡា
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com