អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ឌូទើតេ ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ
02, Oct 2021 , 8:29 pm        
រូបភាព
ជារឿងគួរឱ្យភ្ញាក់ផ្អើល ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២ ខែតុលា បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ។ ការប្រកាសនេះ ក៏មានន័យថា លោកនឹងបោះបង់ការឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីរបស់បក្សកាន់អំណាចផងដែរ។ ជាមួយគ្នានេះ ការសម្រេចចិត្តនេះ ក៏ត្រូវមើលឃើញថា ជាការបើកផ្លូវឱ្យកូនស្រីរបស់លោកឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២២ ខាងមុខ។

 
 
«ថ្ងៃនេះ ខ្ញុំប្រកាសការចូលនិវត្តន៍របស់ខ្ញុំពីនយោបាយ។» លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសបែបនេះពីស្ថានីយ៍ចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ។ លោក ឌូទើតេ ត្រូវរំពឹងថា នឹងឈរជាបេក្ខជនអនុប្រធានាធិបតីតំណាងបក្ស PDP-Laban កំពុងកាន់អំណាច ខណៈលោកមិនអាចឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទីពីរឡើយ។
 
ការប្រកាសរបស់លោក ឌូទើតេ ជារឿងមិនស្មានដល់ឡើយ ព្រោះលោកតែងនិយាយជាញឹកញាប់ពីបំណងអង្គុយកៅអីខ្ពស់លំដាប់ទីពីររបស់ប្រទេសដើម្បីបន្តគោលនយោបាយរបស់លោក។ ប៉ុន្តែលោកមិនទាន់កំណត់ពេលជាក់លាក់ក្នុងការដើរចេញនេះនៅឡើយទេ ដ្បិតការផ្លាស់ប្ដូរការសម្រេចចិត្តភ្លាមៗ តែកើតមាននៅហ្វីលីពីន។
 
ដោយសារលោក ឌូទើតេ នឹងមិនចុះឈរឈ្មោះជាអនុប្រធានាធិបតី កូនស្រីរបស់លោក គឺលោកស្រី Sara Duterte-Carpio ដែលជាអភិបាលក្រុង Davao នឹងមានលទ្ធភាពឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីវិញ។ កន្លងមក លោក ឌូទើតេ និងលោកស្រី Carpio ប្រកាសថា ឪពុកកូនអ្នកទាំងពីរ នឹងមិនឈរឈ្មោះព្រមគ្នាឡើយ។
 
រឿងគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះ គឺលោក Christopher Bong Go ដែលជាមនុស្សជំនិតលោក ឌូទើតេ បែរជាចុះឈ្មោះជាបេក្ខភាពអនុប្រធានាធិបតីទៅវិញ។ ដូចនេះ គេទំនងឃើញដៃគូរវាងលោកស្រី Carpio និងលោក Go ក្នុងការបោះឆ្នោតឆ្នាំ២០២២ ដែលអ្នកប្រដាល់ល្បីឈ្មោះ Manny Pacquiao នឹងចូលរួមប្រជែងដែរនោះ៕
 

Tag:
 ហ្វីលីពីន
  រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com