ជាតិ
អ្នកលក់សម្លៀកបំពាក់ប្រពៃណីបាត់អតិថិជន ព្រោះភ្ជុំបិណ្ឌផ្អាក
07, Oct 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ អាជីវករមួយចំនួន ក្នុងផ្សារអូរឫស្សី លក់សម្លៀកបំពាក់ប្រពៃណី សម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌមិនដាច់ ក្រោយរដ្ឋាភិបាលបានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ការណ៍នេះបានធ្វើឱ្យអាជីវករ ទាំងនោះមានការព្រួយបារម្ភខ្លាចសល់សម្លៀកបំពាក់ ខណៈពួកគេបានត្រឹមទន្ទឹមរង់ចាំភ្ញៀវត្រឡប់មកវិញ ក្រោយស្ថានភាពកូវីដ-១៩ប្រសើរ។


 
តទៅនេះសូមអញ្ជើញ លោក អ្នកនាង ទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មាន ThmeyThmey25 នឹង អាជីវករលក់សម្លៀកបំពាក់ប្រពៃណី ក្នុងផ្សារអូរឫស្សី ដូចតទៅនេះ៖ 
 
 
ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ ក្នុងវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ ប្រមុខរដ្ឋាភិបាល បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃកាន់បិណ្ឌទី៤។ ការណ៍នេះ បានធ្វើឱ្យអាជីវករ លក់សម្លៀកបំពាកប្រពៃណី ក្នុងផ្សារអូរឫស្សី ត្រូវបាត់បង់អតិថិជន មកជាវសម្លៀកបំពាក់ទាំងនោះ ខណៈអ្នកលក់ខ្លះទើបលក់បាន ២ ឬ ៣ឈុតប៉ុណ្ណោះ។ 
 
អ្នកស្រី មឿន ស៊ីថា ជាអាជីវករមួយរូបលក់សម្លៀកបំពាក់ នៅតូបលេខ៣៦ នៃផ្សារអូរឬស្សី ស្ងាត់ភ្ញៀវជ្រងំ មានតែរូបខ្លួន និងអ្នកលក់ឯទៀត ព្រមទាំងសម្លៀកបំពាក់ដែលដាក់ព្យួរប៉ុណ្ណោះ។ កំពុងបញ្ចុកនំកូនតូច អ្នកស្រី ស៊ីថា អះអាងថាតាំងពីបិណ្ឌ១មក ខ្លួនទើបលក់សម្លៀកបំពាក់ប្រពៃណីបានប្រមាណជា ២-៣ឈុត ខណៈខ្លួនត្រៀមតែ ១០ទៅ ២០ឈុតប៉ុណ្ណោះ។ អ្នកស្រីបន្ថែមដូច្នេះ៖«ឆ្នាំនេះលក់អត់ដាច់ទេ ឆ្នាំមុនលក់ដាច់ជាង ព្រោះកូវីដ-១៩មិនអូសបន្លាយដូចឆ្នាំហ្នឹងទេ។ ឯឆ្នាំហ្នឹងតម្លៃចុះជាងឆ្នាំមុន»។
 
មិនខុសពីការលើកឡើងរបស់ អ្នកស្រី ស៊ីថាឡើយ អាជីវករមួយរូបទៀត នៅតូបលេខ២៨ ​អ្នកស្រី ឈុន ស្រីម៉ៅ ក៏លក់មិនដាច់ដែរ ក្រោយផ្អាកពិធីភ្ជុំបិណ្ឌ ត្រឹមបិណ្ឌទី៤នោះ ខណៈខ្លួនទើបចាប់ផ្ដើមលក់សម្លៀកបំពាក់ប្រពៃណី ក្នុងឆ្នាំនេះប៉ុណ្ណោះ។ កំពុងដេរសម្លៀកបំពាក់ ដែលភ្ញៀវខ្លួនបញ្ជាទិញ អ្នកស្រី ស្រីម៉ៅ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា កាលពីបិណ្ឌ១ បិណ្ឌ២ មានភ្ញៀវមករកទិញជាហូរហែរ តែត្រូវស្ងាត់ភ្ញៀវទៅវិញ ក្រោយផ្អាកពិធីភ្ជុំបិណ្ឌ។ 
 
អាជីវកររូបនេះ បង្ហាញការព្រួយបារម្ភរបស់ខ្លួនដូច្នេះ៖ «មានការព្រួយបារម្ភដែរអូន ដោយសារខោអាវយើងលក់អត់ចេញ ហើយមួយឆ្នាំគេចេញម៉ូតថ្មីរហូត ដល់ពេលឆ្នាំហ្នឹង យើងកម្មង់មកយើងចេញម៉ូតអ៊ីចឹងទៅ ដល់ពេលលក់អត់ដាច់ មិនដឹងឆ្នាំក្រោយម៉េចអ៊ីចឹងទៅ »។ 
 
អាជីវករមួយរូបទៀត អ្នកស្រី ផាន់ ស្រីនាង សម្លៀកបំពាក់នៅតូបរបស់អ្នកស្រីវិញ ក៏មិនមានអតិថិជនមកជាវដែរ ក្រោយផ្អាកពិធីភ្ជុំបិណ្ឌ។ កំពុងអង្គុយលើកៅអីជជែកលេងនឹងអាជីវករឯទៀត ម្ចាស់តូបលេខ១៨១រូបនេះក៏មានការព្រួយបារម្ភ ខ្លាចសល់សម្លៀកបំពាក់របស់ខ្លួនផងដែរ ខណៈខ្លួនលក់បានប្រមាណ ២-៣ឈុតប៉ុណ្ណោះ តាំងពីបិណ្ឌមួយមក។ 
 
ដ្បិតគ្មានអតិថិជនមកទិញសម្លៀកបំពាក់ ក្រោយផ្អាកពិធីភ្ជុំបិណ្ឌ តែអ្នកស្រី ស្រីនាង ក៏នៅតែមានសង្ឃឹមថា សម្លៀកបំពាក់របស់ខ្លួននឹងលក់ចេញដដែល។ អ្នកស្រីពន្យល់ដូច្នេះ៖ «ប្រហែលជាកឋិនអីហ្នឹង អាចលក់អាវស ព្រោះអាវសអាចលក់បានរហូត ហើយប្រពៃណីយើងបុណ្យទានគឺត្រូវអាវសជាប់រហូត»។ ទោះយ៉ាងណាក៏ដោយ អ្នកស្រី ក៏មិនទាន់សន្និដ្ឋានថា ខ្លួនលក់ដាច់នោះឡើយ គឺអ្នកស្រីបានត្រឹមរង់ចាំស្ថានភាព នៃជំងឺឆ្លងកូវីដ-១៩នេះប្រសើរវិញ ដែលអាចឈានទៅការបើកពិធីបុណ្យភ្ជុំបិណ្ឌវិញប៉ុណ្ណោះ៕
 

Tag:
 ThmeyThmey25
  ផ្សារអូរឫស្សី
  ភ្ជុំបិណ្ឌ
  សម្លៀកបំពាក់ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com