ជាតិ
ក្រោយបញ្ចប់ការសិក្សា និស្សិតខ្លះ មានបំណងទៅធ្វើគ្រូបង្រៀនក្មេងៗ ដែលខ្វះខាត
10, Oct 2021 , 7:59 am        
រូបភាព
កញ្ញា ឡាង ភារម្យ (ឆ្វេង) និងកញ្ញា សុខន សុខលាភ
កញ្ញា ឡាង ភារម្យ (ឆ្វេង) និងកញ្ញា សុខន សុខលាភ
ដោយ ៖ អន ស្រីណុច
 
ភ្នំពេញ៖ និស្សិតមួយចំនួនសម្រេចត្រលប់ទៅរស់នៅឯស្រុកកំណើតវិញ ក្រោយបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រនៅរាជធានីភ្នំពេញ។  និស្សិតទាំងនោះមានបំណងយកចំណេះជំនាញរបស់ខ្លួន ទៅជួយដល់អភិវឌ្ឍវិស័យអប់រំនៅជនបទ​ ពិសេសជួយដល់កុមារដែលគ្មានលទ្ធភាពរៀនសូត្រ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូខាង ដូចតទៅ៖ 
 
 
ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញគណិតវិទ្យា នៅឯសាលកវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ  កញ្ញា សុខន សុខលាភ បានត្រលប់ទៅរស់នៅស្រុកកំណើតរបស់ខ្លួនវិញ នៅក្នុងខេត្តកណ្តាល។ សុខលាភ មានបំណងប្រឡងធ្វើជាគ្រូបង្រៀនក្នុងខេត្តរបស់ខ្លួនលើជំនាញដែលនាងបានខិតខំរៀនសូត្រអស់រយៈពេល៤ឆ្នាំកន្លងមកនៅភ្នំពេញ។   
 
និស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រគណិតវិទ្យារូបនេះ និយាយដូច្នេះថា៖«ដោយសារតែខ្ញុំរៀនមុខវិជ្ជាគណិតវិទ្យា អ៊ីចឹងហើយពេលដែលរៀនចប់ ខ្ញុំនឹងដាក់ពាក្យប្រឡងជាគ្រូ [គណិតវិទ្យា] ហើយនឹងប្រឡងដាក់នៅសាលាដែលនៅជិតផ្ទះ។ បើសិនជាប្រឡងជាប់ ខ្ញុំនឹងធ្វើការងារជាគ្រូបង្រៀន បើសិនជាអត់ជាប់ទេ ខ្ញុំនឹងធ្វើកិច្ចការផ្សេង»។
 
កញ្ញា សុខលាភ ចង់ធ្វើជាគ្រូបង្រៀង ព្រោះមានបំណង់ជួយដល់ក្មេងៗដែលខ្វះខាត គ្មានលទ្ធភាពក្នុងការរៀនសូត្រ។ កញ្ញា លើកឡើងថា៖«ធ្លាប់មានគំនិត ហើយឥឡូវក៏នៅតែមានគំនិតហ្នឹងដែរ។  ដោយសារ តែខ្ញុំចង់ជួយដល់ក្មេងៗដែលពួកគាត់អត់អាចមានសម្ភារគ្រប់គ្រាន់ មានការផ្គត់ផ្គង់ពីឪពុកម្ដាយគ្រប់គ្រាន់ទៅសាលារៀន។ អ៊ីចឹង ខ្ញុំចង់បង្រៀនក្មេងដែលពួកគាត់ខ្វះខាត»។  
 
សម្រាប់ កញ្ញា ឡាង ភារម្យ ដែលជានិស្សិតទើបតែ​បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរវិញ ក៏មានបំណងមិនខុសពីកញ្ញា សុខន សុខលាភ ប៉ុន្មានដែរ។ និស្សិត ដែលកំពុងរស់នៅក្នុងខេត្តត្បូងឃ្មុំរូបនេះ ប្រាប់ថា នឹងប្រឡងឱ្យជាប់ជាគ្រូបង្រៀននៅវិទ្យាស្ថានអប់រំជាតិ (NIE) បន្ទាប់មកនាងនឹងជួយដល់ក្មេងៗដែលគ្មានលទ្ធភាពរៀនសូត្រនៅឯជនបទ។ 
 
«គោលបំណងរបស់ខ្ញុំ ទីមួយ ខ្ញុំត្រូវប្រឡងឱ្យជាប់គ្រូ។ ទីពីរ ពេលខ្ញុំប្រឡងជាប់គ្រូនៅ NIE ខ្ញុំត្រូវមានផែនការមួយ បើកក្លឹបសិក្សាដើម្បីជួយដល់ក្មេងកំព្រាឬក៏ក្មេងៗដែលគាត់អត់មានលុយរៀន ដើម្បីឱ្យគាត់មកចូលរៀនជាមួយខ្ញុំ។ ខ្ញុំនឹងបង្រៀនគាត់ឬក៏ជួយជាអំណោយដល់គាត់ មានជាសម្ភារប្រើប្រាស់ សម្ភារសិក្សាមួយចំនួនដល់គាត់»។ នេះជាគោលបំណងនិងជាឆន្ទៈរបស់កញ្ញា ឡាង ភាម្យ។ 
 
ជាមួយគ្នានេះ កញ្ញា ឡាវ ភារម្យ ក៏មានឆន្ទៈបង្កើនសាលារៀន ឬក្លឹបសិក្សាតូចមួយនៅផ្ទះរបស់ខ្លួនផ្ទាល់តែម្ដង នាពេលអនាគតផងដែរ។ និស្សិត ដែលបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកអក្សរសាស្រ្តខ្មែរក្នុងឆ្នាំ២០២១រូបនេះ និយាយដូច្នេះថា៖«ខ្ញុំមានបំណងបង្កើតជាសាលារៀន ប៉ុន្តែសាលារៀននៅផ្ទះខ្ញុំផ្ទាល់ បើកជាក្លឹបសិក្សាតូចមួយសម្រាប់ជួយដល់ពួកគាត់ [ដែលជាកុមារក្រីក្រ]។ [ការបើកក្លឹបសិក្សានោះ] វាមិនធំណាស់ណាទេ ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងបង្កើតវាឡើង ដើម្បីជួយដល់ពួកគាត់»៕ 
 

Tag:
 បរិញ្ញាបត្រ
  និស្សិត
  កណ្តាល
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com