អន្តរជាតិ
យន្តហោះចម្បាំងដ៏ទំនើបរបស់មហាអំណាចទាំង៥
25, Sep 2022 , 9:59 pm        
រូបភាព
យន្តហោះចម្បាំង Lockheed Martin F-35 Lightning II។ រូបភាព៖ AFP
យន្តហោះចម្បាំង Lockheed Martin F-35 Lightning II។ រូបភាព៖ AFP
ចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក យន្តហោះចម្បាំង បានក្លាយជាសព្វាវុធដ៏សំខាន់មួយសម្រាប់ប្រទេសមហាអំណាច ដើម្បីគ្រប់គ្រងដែនអាកាស។ បច្ចុប្បន្ន យន្តហោះចម្បាំង ត្រូវបានប្រទេសធំៗ អភិវឌ្ឍមកជំនាន់ទី៥ ដោយបំពាក់ជាមួយអាវុធ កម្លាំងម៉ាស៊ីន និងសមត្ថភាពកំបាំងខ្លួនពីរ៉ាដាកាន់តែខ្ពស់។ ពេលនេះ សារព័ត៌មានថ្មីៗ សូមលើកយកយន្តហោះចម្បាំងចំនួន ៥ ដែលបំពាក់បច្ចេកវិទ្យាទំនើបបំផុតរបស់មហាអំណាចទាំង ៥ ដែលមានអាម៉េរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង។

 
១. យន្តហោះចម្បាំង F-35 Lightning II របស់អាម៉េរិក
 
យន្តហោះចម្បាំង F-35 Lightening II គឺជាយន្តហោះចម្បាំងដ៏ទំនើបមួយ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Lockheed Martin។ យន្តហោះចម្បាំងនេះ មាន ៣ប្រភេទ គឺ F-35A, F-35B និង F-35C។ អាម៉េរិក បានចំណាយថវិកាច្រើនជាង ១,៥ទ្រីលានដុល្លារ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ទី៥ មួយនេះ។ 


 យន្តហោះចម្បាំង F-35 Lightning II របស់អាម៉េរិក។ រូបភាព៖ Aerocorner
 
យន្តហោះចម្បាំង F-35 Lightening II ត្រូវបានបំពាក់ដោយមួយ និងកៅអីសម្រាប់អ្នកបើកបរមួយ។ យន្តហោះចម្បាំងប្រភេទនេះ អាចបើកបរបានគ្រប់កាលៈទេសៈទាំងអស់ ពោលគឺមិនថាមានភ្លៀង ឬអាកាសធាតុអ្វីក៏ដោយ និងអាចហោះបានជាង ១៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាក៏មានបំពាក់បច្ចេកវិទ្យាមួយ ដើម្បីជំនួយដល់អ្នកបើកបរ ដើម្បីវាយប្រហារសត្រូវ, ប្រមូលទិន្នន័យ និងបំពាក់អាវុធបានជាច្រើនប្រភេទផងដែរ។ 
 
បច្ចុប្បន្ន ប្រទេសចំនួន ៦ បានបញ្ជាទិញយន្តហោះចម្បាំងដ៏ទំនើបមួយនេះ ក្នុងនោះរួមមាន អ៊ីស្រាអែល សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង បែលហ្ស៊ិក និងបូឡ៉ូញជាដើម។ យន្តហោះចម្បាំងជំនាន់ទី៥ នេះ មានតម្លៃប្រមាណជាង ៧០លានដុល្លារ។ 
 
២. យន្តហោះចម្បាំង Chengdu J-20 របស់ចិន
 
Chengdu J-20 គឺជា​យន្តហោះ​ចម្បាំង​របស់​ចិន ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Chengdu Aerospace Corporation។ យន្តហោះចម្បាំងប្រភេទនេះ ត្រូវបានបំពាក់ម៉ាស៊ីន​ពីរ ដែលមាន​កម្លាំង​ខ្លាំង អាច​ហោះហើរ​បាន​គ្រប់​អាកាសធាតុ។ មិនខុសពីយន្តហោះចម្បាំង F-35 Lightening II របស់អាម៉េរិកឡើយ យន្តហោះ J-20 របស់ចិន គឺជាយន្តហោះជំនាន់ទី ៥ ​និងមានតែ​កៅអី​មួយ​ប៉ុណ្ណោះ។ 


 យន្តហោះចម្បាំង Chengdu J-20 របស់ចិន។ រូបភាព៖ Xinhua

J-20 អាច​ហោះ​បាន ២៤៦៩ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និងអាច​បាញ់​មី​ស៊ី​ល​លើ​អាកាស បាន​ចម្ងាយ​រហូតដល់ ៣០០​គីឡូម៉ែត្រ និង ៤០០​គីឡូម៉ែត្រ​ពី​អាកាស​ទៅ​ដី។ យន្តហោះជំនាន់ចុងក្រោយរបស់ចិនមួយនេះ មានតម្លៃប្រមាណ ១០០លានដុល្លារក្នុងមួយគ្រឿង។ យន្តហោះប្រភេទនេះ បានបំពាក់ម៉ាស៊ីន Shenyang WS-15 Turbofan។ 
 
៣. យន្តហោះចម្បាំង Sukhoi Su-57 របស់រុស្ស៊ី
 
យន្តហោះចម្បាំង Sukhoi Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានសមត្ថភាពកំបាំងខ្លួនពីរ៉ាដារបស់សត្រូវ និងត្រូវបានអភិវឌ្ឍសម្រាប់កម្លាំងទ័ពអាកាសរបស់រុស្ស៊ី។ យន្តហោះចម្បាំងមួយគ្រឿងនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន Izdeliye 117 ឬ AL-41F1។ ទន្ទឹមនេះ Sukhoi Su-57 អាចបំពាក់មីស៊ីលវាយប្រហារលើតំបន់អាកាសបានចំនួន ៤, មីស៊ីលចម្ងាយខ្លីចំនួន ២ និងមីស៊ីលផ្សេងទៀតបានផងដែរ។ 


 យន្តហោះចម្បាំង Sukhoi Su-57 របស់រុស្ស៊ី។ រូបភាព៖ Handout

ល្បឿនយន្តហោះចម្បាំងប្រភេទនេះ អាចហោះបាន ២១២១គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហោះបាន ៣៥១៩គីឡូម៉ែត្រ។ យន្តហោះរបស់រុស្ស៊ីមួយនេះ មានតម្លៃប្រមាណ ៤២លានដុល្លារ។ 
 
៤. យន្តហោះ Dassault Rafale របស់បារាំង
 
Rafale គឺជា​យន្តហោះ​ចម្បាំង ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Dassault Aviation​។ យន្តហោះ​ចម្បាំង​នេះ ត្រូវបាន​គេ​ផលិតឡើង​មាន​ចំនួន ៣​ប្រភេទ ក្នុងនោះ​មានដូចជា Rafale C, Rafale B និង Rafale M។ Rafale ត្រូវបាន​បំពាក់ ដោយ​ម៉ាស៊ីន​ពីរ M88-2 ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​យន្តហោះ​ខ្លាំង និង​មាន​ល្បឿន​លឿន​។ 


 យន្តហោះ Dassault Rafale របស់បារាំង។ រូបភាព៖ Dassault Aviation

យន្តហោះ​ជំនាន់​ថ្មី​នេះ អាច​បំពាក់​មី​ស៊ី​លបាញ់​លើ​អាកាស មី​ស៊ី​លបាញ់​ទៅ​ដី និង​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​។ យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ក៏​អាច​បំពាក់​កាំភ្លើង​ទំហំ ៣០​មី​លី​ម៉ែត្រ​បានដែរ​។ ជាពិសេស វា ក៏​អាច​បំពាក់​មី​ស៊ី​ល​បាន​ចំនួន ៦​គ្រាប់ ដោយ​អាច​បាញ់​បាន​ក្នុងពេល​ជាមួយគ្នា​។ Rafale អាច​បាញ់​មី​ស៊ី​ល​នៅលើ​អាកាសបាន​ចម្ងាយ​រហូតដល់ ១៥០​គីឡូម៉ែត្រ និង​បាញ់​ទៅ​ដី​បាន​រហូតដល់ ៣០០​គីឡូម៉ែត្រ​។
 
បន្ថែម​ពីលើ​នេះ Rafale អាច​ហោះហើរ​បាន​គ្រប់​កាលៈទេសៈ ពោលគឺ​មិន​ថាស្ថិតក្នុង​អាកាសធាតុ​ដ៏អាក្រក់​។ ម្យ៉ាងវិញទៀត វា​អាច​ហោះហើរ​បាន​យ៉ាង​ល្អ​, មាន​រ៉ា​ដា និង​ប្រព័ន្ធ​គ្រឿង​ម៉ាស៊ីន​ដ៏​ល្អ​មួយ បើ​ធៀប​នឹង​យន្តហោះ​ចម្បាំង​ផ្សេងទៀត​។ Rafale អាច​ហោះ​បាន​ចម្ងាយ ៣៧០០​គីឡូម៉ែត្រ​, ហោះ​បាន​កម្ពស់​ជាង ១៥​គីឡូម៉ែត្រ និង​អាច​ផ្ទុក​ទម្ងន់ ២៤៥០០​គីឡូក្រាម​។ ចំណែក​ល្បឿន​វិញ Rafale អាច​ហោះ​បាន ២២២២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ វាមានតម្លៃប្រមាណ ១២០លានដុល្លារ ក្នុងមួយគ្រឿង។ 
 
៥. យន្តហោះចម្បាំង Eurofighter Typhoon របស់អង់គ្លេស
 
Eurofighter Typhoon របស់អង់គ្លេស គឺជាយន្តហោះចម្បាំងជំនាន់ទី ៤ និងត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Airbus, ក្រុមហ៊ុន BAE Systems និងក្រុមហ៊ុន Leonardo។ វា​ជាប្រភេទយន្តហោះចម្បាំងដ៏ទំនើបមួយ ដែលត្រូវបានផលិតឡើងនៅអឺរ៉ុប។ Eurofighter Typhoon ត្រូវបានបំពាក់ដោយមុខងារទំនើបៗ ប្រព័ន្ធការពារដ៏ខ្លាំង និងសមត្ថភាពដ៏ល្អក្នុងពេលប្រតិបត្តិការ។

យន្តហោះចម្បាំង Eurofighter Typhoon។ រូបភាព៖ flickr 

យន្តហោះចម្បាំង Eurofighter Typhoon ត្រូវបានបំពាក់ដោយម៉ាស៊ីន Eurojet EJ200។ វាមានល្បឿន ២១២៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចធ្វើដំណើរបាន ៣៧៩១គីឡូម៉ែត្រ។ Eurofighter Typhoon អាចហោះបានកម្ពស់ជាង ១៩គីឡូម៉ែត្រ និងមួយគ្រឿងមានតម្លៃជាង ១២៤លានដុល្លារ។
 
ក្រៅពី Eurofighter Typhoon អង់់គ្លេស ក៏បានទិញយន្តហោះចម្បាំង F-35B Lightning II ពីក្រុមហ៊ុន Lockheed Martin របស់អាម៉េរិក ដើម្បីពង្រឹងដែនអាកាសរបស់ខ្លួន។ កន្លងមក មន្រ្តីការពារជាតិអង់គ្លេស ធ្លាប់បានបញ្ជាក់ថា អង់គ្លេស នឹងបញ្ជាទិញយន្តហោះប្រភេទនេះជាច្រើនគ្រឿង និងអាចមានចំនួនរហូតដល់៦០គ្រឿងឯណោះ ខណៈពេលបច្ចុប្បន្នប្រទេសមហាអំណាចមួយនេះ មានF-35B ចំនួន ២១គ្រឿងរួចហើយ។

 យន្តហោះចម្បាំង F-35B Lightning។  រូបភាព៖ US Marine Corps

ខុសពី F-35A ដែលមានលក្ខណៈជាយន្តហោះចម្បាំងត្រូវការផ្លូវសម្រាប់ហោះវែង និង យន្តហោះចម្បាំងF-35C សម្រាប់បំពាក់លើកងទ័ពជើងទឹកអាម៉េរិកតែមួយគត់ យន្តហោះចម្បាំង F-35B ប្រើផ្លូវសម្រាប់ហោះឡើងគឺមានប្រវែងខ្លីប៉ុណ្ណោះ និងអាចចុះចតឧទ្ធម្ភាគចក្រដែរ។ ក្នុងន័យនេះ F-35B អាចប្រើនៅក្នុងមូលដ្ឋានទ័ព ដែលមានទំហំមធ្យម និងនាវាសម្រាប់ដឹកយន្តហោះបាន។
 
ចំណែកល្បឿន បច្ចេកវិទ្យា និងសមត្ថភាពក្នុងការប្រយុទ្ធ យន្តហោះចម្បាំងមួយនេះ ក៏មិនខុសពី F-35A និង F-35C ដែរ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  ចិន
 ​ អង់គ្លេស
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com