អន្តរជាតិ
កូនស្រីលោក ឌូទើតេ នឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២២
03, Oct 2021 , 2:30 pm        
រូបភាព
លោកស្រី Sara Duterte-Carpio និងឪពុក រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបថត AFP
លោកស្រី Sara Duterte-Carpio និងឪពុក រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបថត AFP
កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ បន្ទាប់ពីលោក ឌូទើតេ ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានហ្វីលីពីន ABS-CBN នៅយប់ថ្ងៃទី ២ ខែតុលា។



បច្ចុប្បន្ន លោកស្រី Sara Duterte-Carpio ដែលនឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយនេះ បច្ចុប្បន្នជាចៅហ្វាយក្រុង Davao ដែលជាទីក្រុងធំបំផុតទី ៣ របស់ហ្វីលីពីន។ លោកស្រី Carpio នៅថ្ងៃទី២ ខែតុលាក៏បានឈរឈ្មោះក្នុងការជ្រើសរើសចៅហ្វាយក្រុងម្តងទៀតដែរ។ ប៉ុន្តែលោកស្រីនៅតែអាចផ្លាស់ប្ដូរការសម្រេចចិត្តនេះបាន។
 
ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានហ្វីលីពីន ABS-CBN ក្រោយពីការប្រកាសនិវត្តន៍ពីឆាកនយោបាយ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បញ្ជាក់ថា លោកស្រី Sara នឹងឈរឈ្មោះជាប្រធានាធិបតី ខណៈលោក Christopher Bong Go ដែលជាមនុស្សជំនិតលោក ឌូទើតេ ឈរឈ្មោះជាអនុប្រធានាធិបតី។ 
 
គួររំលឹកថា លោក ឌូទើតេដែលមានអាយុ ៧៦ ឆ្នាំ បានប្រកាសការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយថាលោកនឹងចូលនិវត្តន៍ពីនយោបាយ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការបើកផ្លូវឱ្យកូនស្រីលោកឈរឈ្មោះជាប្រធានាធិបតីវិញ។ 
 
យ៉ាងណាមិញ អ្នកវិភាគនយោបាយនៅហ្វីលីពីននៅមានការសង្ស័យលើការសម្រេចចិត្តនេះ ដ្បិតកន្លងមក ការផ្លាស់ប្តូរជំហរនៅនាទីចុងក្រោយតែងកើតមានជាញឹកញយ។
បេក្ខជនប្រធានាធិបតីមានពេលរហូតដល់ថ្ងៃទី ៨ ខែតុលាដើម្បីចុះឈ្មោះ ប៉ុន្តែការដកឈ្មោះនិងការជំនួស ត្រូវបានអនុញ្ញាតរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ ការបោះឆ្នោតប្រធានាធិបតីនិងអនុប្រធានាធិបតីហ្វីលីពីនឆ្នាំ ២០២២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com