អន្តរជាតិ
ប៉ាពួអាស៊ីនូវែលហ្គីណេ លក់ឡាន Maserati ដែលដឹកភ្ញៀវពេលធ្វើម្ចាស់ផ្ទះ APEC ទាំងខាតដើម
03, Oct 2021 , 8:29 pm        
រូបភាព
រថយន្ត Maserati ដែលរដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេទិញដើម្បីដឹកភ្ញៀវពេលប្រជុំ APEC ។ រូបថត AAP
រថយន្ត Maserati ដែលរដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេទិញដើម្បីដឹកភ្ញៀវពេលប្រជុំ APEC ។ រូបថត AAP
រដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេ កំពុងស្វែងរកអតិថិជនដែលចង់ទិញឡាន Maserati ដែលគ្រោងលក់ក្នុងតម្លៃថោកជាងតម្លៃដើម២០ភាគរយ។ ឡានស៊េរី Maserati ត្រូវបានរដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេ ទិញដើម្បីដឹកភ្ញៀវពេលប្រទេសនេះធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅឆ្នាំ២០១៨ ។

 
ដើម្បីបំពេញចិត្ត និងបង្ហាញការកក់ក្ដៅក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ប៉ាពួអាស៊ីនូវែលហ្គីណេដែលជារដ្ឋក្រីក្របំផុតមួយរបស់ APEC និងនៅលើពិភពលោកផងនោះ បានទិញឡានក្រុមហ៊ុន Maserati ស៊េរី Quattroporte ជាច្រើនគ្រឿងតម្លៃ៥,៦លានដុល្លារឯណោះ។ រដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេកាលនោះ អះអាងថា រថយន្តទំនើបៗនេះ នឹងត្រូវលក់ចេញវិញដោយមិនលំបាកឡើយ។     
 
ការទិញរថយន្តថ្លៃៗបែបនេះ ក៏ធ្វើឱ្យរដ្ឋាភិបាលប៉ាពួអាស៊ីនូវែលហ្គីណេ រងការរិះគន់មិនស្ទើរដែរ។ មេដឹកនាំប្រទេស APEC ខ្លះ ថែមទាំងមិនជិះរថយន្តរបស់ម្ចាស់ផ្ទះទៅទៀត។ លោក Justin Tkatchenko ដែលជារដ្ឋមន្រ្តីទទួលបន្ទុករៀបចំកិច្ចប្រជុំ ធ្លាប់អះអាងថា ការប្រើឡានថ្លៃនេះ គឺស្របស្តង់ដា
 
បីឆ្នាំក្រោយ ប្រទេសនេះ នៅតែមិនទាន់អាចលក់រថយន្តស៊េរីទំនើបបានដដែល ដោយរថយន្តស្ថិតក្នុងឃ្លាំងទាំងអស់។ រដ្ឋាភិបាលទីក្រុងព័រម៉ូរេសប៊ី ក៏សម្រេចចិត្តលក់រថយន្តទាំងនេះក្នុងតម្លៃទាបជាងថ្លៃទិញ២០ភាគរយ ដោយមួយគ្រឿងលក់ក្នុងតម្លៃ១១៤ ០០០ដុល្លារប៉ុណ្ណោះ។ 
 
រដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាពួអាស៊ីនូវែលហ្គីណេ លោក John Pundari ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បើរដ្ឋាភិបាលគិតគូរជាងនេះ ក៏មិនបាច់ទិញរថយន្តថ្លៃបែបនេះ ដែលបង្កការឈឺក្បាលដល់សព្វថ្ងៃ។
 
ប៉ាពួអាស៊ីនូវែលហ្គីណេ ដែលជារដ្ឋក្រីក្របំផុតមួយរបស់ពិភពលោក មានប្រជាជនប្រមាណ៤០ភាគរយរស់នៅក្រោមបន្ទាត់ភាពក្រីក្រ៕ 
 

Tag:
 ប៉ាពួអាស៊ីនូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com