អន្តរជាតិ
ប្រទេសលីទុយអានីឱ្យអ្នកប្រើប្រាស់ បោះចោលទូរសព្ទទំនើបរបស់ចិនដែលមានគ្រឿង«បិទសិទ្ធ»
03, Oct 2021 , 10:29 pm        
រូបភាព
លោក​ Margiris Abukevicius អនុរដ្ឋមន្ត្រីការពារជាតិលីទុយអានី
លោក​ Margiris Abukevicius អនុរដ្ឋមន្ត្រីការពារជាតិលីទុយអានី
ដោយ៖ VOA

ទូរសព្ទពេញនិយមផលិតដោយប្រទេសចិនបង្កប់ឧបករណ៍បិទការស្វែងរក (search) ពាក្យខ្លះនៅលើគេហទំព័រ។ នេះបើតាមការស្រាវជ្រាវរបស់រដ្ឋាភិបាលលីទុយអានីដែលកំពុងជំរុញឱ្យម្ចាស់ទូរសព្ទ ឈប់ប្រើទូរស័ព្ទប្រភេទនេះ។

 
ក្រសួងការពារជាតិលីទុយអានី បានធ្វើការវិភាគទូរសព្ទបីប្រភេទដែលកំពុងពេញនិយម ហើយផលិតនៅប្រទេសចិន ដែលនាពេលបច្ចុប្បន្ននេះលក់នៅទ្វីបអឺរ៉ុប គឺទូរសព្ទ Xiaomi Mi 10T 5G ទូរសព្ទ  Huawei P40 5G និងទូរសព្ទ OnePlus 8T 5G។
 
ក្រសួងការពារជាតិលីទុយអានី បានរាយការណ៍អំពីការរកឃើញឧបករណ៍នៅក្នុងទូរសព្ទ ដែលមិនឱ្យអ្នកប្រើអាចស្វែងរក (search) ពាក្យមួយចំនួនរួមមាន Long live Taiwan’s independence មានន័យថា «ជយោឯករាជ្យភាពតៃវ៉ាន់» Free Tibet «សេរីភាពទីបេ» Democratic Movement «ចលនាប្រជាធិបតេយ្យ» និងពាក្យ Voice of America «សំឡេងអាមេរិក»។
 
អនុរដ្ឋមន្រ្តីក្រសួងការពារជាតិលីទុយអានីលោក Margiris Abukevicius បានប្រាប់វីអូអេថា «គួរឱ្យព្រួយបារម្ភខ្លាំងណាស់ ដែលមានឧបករណ៍ចាប់សញ្ញានិងបិទពាក្យគន្លឹះ ដោយអាចច្រោះ ឬអាចត្រង់ដើម្បីបិទការស្វែងរកនៅលើគេហទំព័រ»។
 
ក្រុមហ៊ុន Xiaomi 
 
ទូរសព្ទរបស់ក្រុមហ៊ុន Xiaomi ពេញនិយមបំផុតនៅទ្វីបអឺរ៉ុប។ អ្នកស្រាវជ្រាវជនជាតិលីទុយអានីបាននិយាយថា មុខងារបញ្ជីខ្មៅទូរស័ព្ទនេះ ត្រូវបានបិទនៅទ្វីបអឺរ៉ុប ប៉ុន្តែវាអាចទទួលបញ្ជាពីចម្ងាយ។ បញ្ជីពាក្យដែលបិទ ត្រូវគេបញ្ចូលបណ្តើរៗ។ មានពាក្យ ឬឃ្លាចំនួន ៤៤៩ នៅក្នុងបញ្ជីខ្មៅនៅក្នុងខែមេសា ឆ្នាំ២០២១។ គិតត្រឹមខែកញ្ញាតួលេខនេះ បានកើនឡើងដល់១.៣៧៦។
 
សេវាកម្មសន្តិសុខអាល្លឺម៉ង់ ក៏បានចាប់ផ្តើមពិនិត្យបច្ចេកទេសលើទូរសព្ទ Xiaomi ផងដែរ។ ក្រុមហ៊ុន Xiaomi មិនបានឆ្លើយតបទៅនឹងសំណើរបស់ VOA សុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុនបាននិយាយនៅសប្តាហ៍នេះថា ខ្លួនកំពុងចូលរួមជាមួយអ្នកជំនាញឯករាជ្យដើម្បីវាយតម្លៃការរកឃើញនេះ។
 
ក្រុមហ៊ុន Huawei
 
ក្រុមអ្នកស្រាវជ្រាវជនជាតិលីទុយអានីបានរកឃើញថា ទូរសព្ទ Huawei P40 5G ប្រមូលទិន្នន័យអ្នកប្រើប្រាស់រួមទាំងរយៈពេលដែលពួកគេប្រើកម្មវិធី (apps) ហើយរក្សាទុកនៅប្រព័ន្ធម៉ាស៊ីនមេនៅខាងក្រៅសហភាពអឺរ៉ុប ហួសពីយុត្តាធិការច្បាប់របស់សហភាពអឺរ៉ុប។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Huawei បានប្រាប់វីអូអេថា «Huawei តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព គោរពតាមច្បាប់ និងបទបញ្ជារបស់ប្រទេស និងតំបន់ដែលខ្លួនប្រតិបត្តិការ។ ក្រុមហ៊ុន Huawei មានកំណត់ត្រាសុវត្ថិភាពអ៊ិនធឺណិតដ៏រឹងមាំនៅក្នុងប្រទេស និងតំបន់ជាង១៧០ ហើយបានបម្រើអ្នកប្រើប្រាស់ជាង៣ពាន់ លាននាក់។ ទិន្នន័យមិនដែលដំណើរការនៅខាងក្រៅឧបករណ៍ Huawei ទេ»៕
 
សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​ (https://khmer.voanews.com/a/lithuania-urges-users-to-ditch-chinese-smartphone-over-built-in-censorship-tool-/6253242.html)

© រក្សាសិទ្ធិដោយ thmeythmey.com