អន្តរជាតិ
ប្រជាជនប្រេស៊ីល ធ្វើបាតុកម្មទាមទារឱ្យទម្លាក់ប្រធានាធិបតី បុលសូណារ៉ូ ពីតំណែង
03, Oct 2021 , 4:59 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ។ រូបថត Xinhua
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ។ រូបថត Xinhua
ប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជាថ្មីម្តងទៀតនៅទូទាំងប្រទេស នៅថ្ងៃទី ២ ខែតុលា ដើម្បីទាមទារឱ្យទម្លាក់ប្រធានាធិបតី ជែ បុលសូណារ៉ូ ចេញពីតំណែង។ លោក បុលសូណារ៉ូ ក្រោយមានបញ្ហាទាក់ទិននឹងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត។


 
ក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ បានធ្វើការបាតុកម្មនៅតាមបណ្តាទីក្រុងធំៗដូចជា នៅទីក្រុង Rio de Janeiro រដ្ឋធានី Brasilia និងទីក្រុងមួយចំនួនផ្សេងទៀតក្នុងយុទ្ធនាការទាមទារឱ្យលោក ជែ បុលសូណារ៉ា ចុះចេញពីតំណែង។ បក្សនយោបាយឆ្វេងនិយមដែលជាគូប្រជែងនឹងគណបក្សនយោបាយលោក បុលសូណារ៉ូ និងសហព័ន្ធសហជីពកម្មករមួយចំនួនបានគាំទ្រដល់ការធ្វើបាតុកម្មនេះ។ 
 
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកនយោបាយក្នុងស្រុកលោក Ciro Gomes ដែលជាគូប្រជែងលោកប្រធានាធិបតី បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Rio de Janeiro។ លោកក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការតវ៉ាទម្លាក់ប្រធានាធិបតីប្រេស៊ីលរូបនេះនៅទីក្រុង São Paulo ជាបន្តដែរ។ យ៉ាងណាមិញ អតីតប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva ដែលនឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០២២ខាងមុខ មិនបានចូលរួមបាតុកម្មឡើយ។
 
ប្រធានាធិបតីស្តាំនិយមរូបនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនពាក់ព័ន្ធនឹងបញ្ហាជាច្រើនរួមមាន ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ក្នុងប្រទេសមិនបានល្អ និងការឡើងថ្លៃនៃតម្លៃប្រេងសាំងយ៉ាងគំហុករួមនឹងបញ្ហាផ្សេងទៀត។ បច្ចុប្បន្ន ប្រេស៊ីលបានរាយការណ៍ពីករណីឆ្លងជំងីកូវីដ-១៩ជាង២១លានករណី និងមានអ្នកស្លាប់ជិត៦០ម៉ឺននាក់។
 
គួររំលឹកថា សំណើបោះឆ្នោតទម្លាក់លោក បុលសូណារ៉ូ ជាង ១០០ ច្បាប់បានដាក់ជូនសភាប៉ុន្តែប្រធានសភាលោក Arthur Lira ដែលជាអ្នកគាំទ្ររដ្ឋាភិបាលលោក បុលសូណារ៉ូ បានបដិសេធមិនទទួលយកសំណើរទាំងនេះ។ តុលាការកំពូលប្រេស៊ីលបានបញ្ជាឱ្យមានការស៊ើបអង្កេតជាច្រើនទៅលើ បញ្ហានេះផងដែរ។
 
នេះមិនមែនជាលើកទីមួយទេដែលប្រជាជនប្រេស៊ីលទាមទារឱ្យមានការទម្លាក់លោកប្រធានាធិបតី។ ឯបាតុកម្មនៅថ្ងៃទី២ ខែតុលា ក៏ជាការឆ្លើយតបទៅនឹងការប្រមូលផ្តុំរបស់អ្នកគាំទ្រលោក បុលសូណារ៉ូ នៅថ្ងៃទី ៧ ខែកញ្ញាកន្លងទៅផងដែរ។
 
ប្រេស៊ីល នឹងរៀចំការបោះឆ្នោយជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២២ ៕
 
 

Tag:
 ប្រេស៊ីល
  ជែ បុលសូណារ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com