អន្តរជាតិ
​​​​សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
03, Oct 2021 , 5:44 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ បញ្ហាជាច្រើន បានកើតឡើង។ ការបោះឆ្នោតនៅអាល្លឺម៉ង់ និងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីជប៉ុន សុទ្ធតែសំខាន់។ ស្របគ្នានោះ ចិន បានប្រារព្ធខួប ៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែរ នៅថ្ងៃទី១ ខែតុលា។ 

ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍៖ 
 
ថ្ងៃទី២៧ ខែកញ្ញា

សម្ព័ន្ធភាពកាន់អំណាចសហភាពគ្រីស្ទៀនប្រជាធិបតេយ្យ និងសហភាពគ្រីស្ទៀនសង្គម ( របស់អធិការបតី អែនជែឡា មឺហ្គែល រងបរាជ័យទាំងប្រផុតប្រផើយក្នុងការបោះឆ្នោតសភាអាល្លឺម៉ង់ទល់នឹងគូប្រជែងបក្សប្រជាធិបតេយ្យសង្គម (SPD)។ ប៉ុន្តែបក្សទាំងពីរសុទ្ធតែមិនមានសំឡេងគ្រប់គ្រាន់ដើម្បីដឹកនាំរដ្ឋាភិបាលតែឯងឡើយ។
 
នាវាចម្បាំងអង់គ្លេស បានបើកឆ្លកកាត់ច្រកសមុទ្រតៃវ៉ាន់។ វាជារឿងដ៏កម្រមួយ ដែលនាវាចម្បាំងអង់គ្លេសបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទាក់ទិននឹងបញ្ហានេះ ចិនបានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធ រក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។
 
ថ្ងៃទី២៨ ខែកញ្ញា

កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ចូលក្នុងសមុទ្រខាងកើត ដែលនេះជាការបាញ់សាកល្បងអាវុធលើកទី៣របស់កូរ៉េខាងជើងក្នុងខែនេះ។ មុនការបាញ់សាកល្បងថ្មីនេះ ប្រេសិតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងក្នុងមហាសន្និបាតថា ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ។
 
ចិន បានដាក់បង្ហាញអាវុធផ្លូវអាកាសថ្មីដ៏ទំនើបរបស់ខ្លួនដូចយន្តហោះដ្រូន និងយន្តហោះចម្បាំងដែលអាចរារាំងឧបករណ៍អេឡិចត្រូនិកជាដើម។ ការតាំងបង្ហាញនេះ ធ្វើឡើងខណៈជម្លោះជាមួយតៃវ៉ាន់ និងជម្លោះនៅសមុទ្រចិនខាងត្បូងមិនធូរស្រាល។ ទន្ទឹមនេះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បានលើកឡើងថា តៃវ៉ាន់ត្រូវការអាវុធដែលអាចវាយប្រហារគោលដៅឆ្ងាយថ្មីដើម្បីទប់ទល់នឹងចិន។
 
ថ្ងៃទី២៩ ខែកញ្ញា

អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឈ្នះការបោះឆ្នោតជ្រើសរើសតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាច។ លោក គីស៊ីដា ក៏នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនផងដែរ។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិជាបន្ទាន់ ចំពោះវិបត្តិនយោបាយដែលបានកើតឡើងនៅមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារយោធា។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ UN នៅថ្ងៃទី ២៩ ខែកញ្ញា។
 
ថ្ងៃទី៣០ ខែកញ្ញា

អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ត្រូវបានតុលាការបារាំង កាត់ទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ដោយសារមូលនិធិមិនស្របច្បាប់ពាក់ព័ន្ធនឹងយុទ្ធនាការបោះឆ្នោតកាល២០១២។
កូរ៉េខាងជើង បានបាញ់មីស៊ីលប្រឆាំងយន្តហោះទើបអភិវឌ្ឍថ្មី ដែលជាការបាញ់សាកល្បងលើកទី ២ ក្នុងរយៈពេលមួយសប្តាហ៍នេះ។ 
 
ថ្ងៃទី១ ខែតុលា

កងទ័ពអាកាសតៃវ៉ាន់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជូនទៅព្រមានយន្តហោះចម្បាំងចិន ដែលហោះចូលក្នុងដែនការពារអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសបែបនេ ស្របនឹងខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
 
ឧត្តមសេនីយ៍ Mamady Doumbouy បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរបស់ហ្គីណេ បន្ទាប់ពីបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់លោក Alpha Conde ចេញពីតំណែង។
 
ថ្ងៃទី២ ខែតុលា

កោះតៃវ៉ាន់ បានរាយការណ៍ពីវត្តមានដ៏ធំបំផុតដែលមិនធ្លាប់មាននៃយន្តហោះកងទ័ពអាកាសចិនក្នុងតំបន់ការពារអាកាសរបស់ខ្លួន។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះចម្បាំងចិនសរុបចំនួន៣៨គ្រឿងបានហោះទៅកៀកតៃវ៉ាន់ចំនួនពីរលើកនៅថ្ងៃទី១ និងព្រឹកព្រលឹមថ្ងៃទី២ ខែតុលា ខណៈទីក្រុងប៉េកាំងបានប្រារព្ធខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
 
ជារឿងគួរឱ្យភ្ញាក់ផ្អើល ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ។ ការប្រកាសនេះ ក៏មានន័យថា លោកនឹងបោះបង់ការឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីរបស់បក្សកាន់អំណាចផងដែរ។ ជាមួយគ្នានេះ ការសម្រេចចិត្តនេះ ក៏ត្រូវមើលឃើញថា ជាការបើកផ្លូវឱ្យកូនស្រីរបស់លោកឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២២ ខាងមុខ៕ 
 

Tag:
 ចិន
  អង់គ្លេស
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com