អន្តរជាតិ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ អាម៉េរិកមិនយូរមិនឆាប់ នឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់
04, Oct 2021 , 10:59 am        
រូបភាព
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់។ រូបភាព៖ BBC
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់។ រូបភាព៖ BBC
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ បានលើកឡើងថា អាម៉េរិក មិនយូរមិនឆាប់ នឹងត្រូវតែទទួលស្គាល់ក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រងអាហ្វហ្កានីស្ថានយ៉ាងពេញទី។ មេដឺកនាំរូបនេះ ក៏បានព្រមានអាម៉េរិកពីផលវិបាកជាច្រើនផងដែរ ប្រសិនបើមិនបញ្ចប់ការបង្កកទ្រព្យសម្បត្តិលើធនាគារកណ្តាលអាហ្វហ្កានីស្ថាន។

 
នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ TRT World ដែលបានចាក់ផ្សាយនៅថ្ងៃទី ២ ខែតុលា លោកលោក អ៊ីមរ៉ាន ខាន់ ប្រមុខរដ្ឋាភិបាលប៉ាគីស្ថាន បានអះអាងថាអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាព ច្របូកច្របល់ បន្ទាប់ពីក្រុមតាលីបង់ បានកាន់កាប់អាហ្វហ្កានីស្ថាននៅថ្ងៃទី ១៥ ខែសីហា។ បន្ទាប់ក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្កានីស្ថាន អាម៉េរិក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ។ អាម៉េរិក ក៏បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរបស់អាហ្វហ្កានីស្ថានផងដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ លោក ខាន់ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវតែមានមកជាមួយដំណោះស្រាយមួយ ប្រសិនបើមិនបញ្ចប់ការបង្កកទ្រព្យសម្បត្តិ ហើយអាហ្វហ្កានីស្ថានប្រឈមនឹងស្ថានភាពដ៏អាក្រក់ ខណៈពេលប្រទេសនេះ ក្នុងពេលបច្ចុប្បន្នកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចស្រប។ 
 
ការលើកឡើងបែបនេះ ដោយសារតែនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បារម្ភពីវិបត្តិសេដ្ឋកិច្ច និងបញ្ហាមនុស្សធម៌នៅអាហ្វហ្កានីស្ថានអាចជះឥទ្ធិពលដល់ប្រទេសខ្លួន។ បច្ចុប្បន្ននេះ ប៉ាគីស្ថានបានទទួលជនភៀសខ្លួនអាហ្វហ្កានីស្ថានជិត ៣.៥ លាននាក់រួចទៅហើយ។ លោក ខាន់ យល់ថា ការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលអាហ្វហ្កានីស្ថាន អាចបង្កផលប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថានជាជាងក្រុមតាលីបង់។  
 
ប៉ាគីស្ថាន គឺជាប្រទេសមួយ ដែលត្រូវបានអ្នកជំនាញមើលឃើញថា ស្និទ្ធជាមួយក្រុមតាលីបង់ ហើយមេដឹកនាំជាច្រើនរបស់ក្រុមតាលីបង់ ក៏ធ្លាប់ស្នាក់នៅប៉ាគីស្ថាន ក្នុងអំឡុងពេលអាម៉េរិកធ្វើសង្រ្គាមរយៈពេល ២០ ឆ្នាំនៅអាហ្វហ្កានីស្ថានដែរ។ 
ក្នុងកិច្ចសម្ភាសនោះ លោក ខាន់ ត្រូវបានចោទសួរ ថាតើលោកគាំទ្រក្រុមតាលីបង់ឬយ៉ាងណា។ មេដឹកនាំប៉ាគីស្ថានរូបនេះ បានតបវិញថា លោកគាំទ្រដំណោះស្រាយដោយមិនប្រើកម្លាំងយោធា ហើយវិធីតែមួយគត់ដើម្បីដោះស្រាយ ជម្លោះនៅអាហ្វហ្កានីស្ថាន គឺតាមរយៈមធ្យោបាយសន្តិភាព។ 
 
ក្នុងនាមជាប្រទេសជិតខាង នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានបន្តថា ការទទួលស្គាល់ក្រុមតាលីបង់ពីប៉ាគីស្ថានតែឯង នឹងមិនធ្វើឱ្យមានភាពខុសប្លែកគ្នាច្រើនទេ ប៉ុន្តែការទទួលស្គាល់រួមគ្នាពីប្រទេសមហាអំណាចក្នុងតំបន់ និងប្រទេសជិងខាង គឺជាដំណោះស្រាយដ៏ល្អ។ 
 
កន្លងមក ក្រុមអ្នករិះគន់បាន ការដួល​រលំនៃរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច គឺដោយសារការសម្រេចចិត្តដកទ័ពរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ ដៃឌិន ចេញពីអាហ្វហ្កានីស្ថាន។ ថ្វីបើមានសម្ពាធខ្លាំងក៏ដោយ លោក បៃឌិនបានប្រកាន់ខ្ជាប់ការសម្រេចចិត្តនេះថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អាម៉េរិក​៕
 

Tag:
 អាម៉េរិក
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com