ជាតិ
គ្រោះទឹកជំនន់ធ្វើឱ្យប៉ះពាល់ផ្ទះជិត២ម៉ឺនខ្នង និងដំណាំជាង២ម៉ឺនហិកតា ក្នុងខេត្តបន្ទាយមានជ័យ
04, Oct 2021 , 4:09 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញរបាយការណ៍ថា គ្រោះទឹកជំនន់នៅខែកញ្ញា បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋជិត២ម៉ឺនគ្រួសារ និងដំណាំស្រូវជាង២ម៉ឺនហិកតា និងសត្វពាហនៈជាង១រយក្បាល។


 
របាយការចេញដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី៣០ខែកញ្ញា បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ក្រុង- ស្រុកចំនួន៩រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកមង្គលបុរី និងស្រុកម៉ាឡៃ ។
 
គ្រោះទឹកជំនន់នេះ បានប៉ះពាល់ដល់ផ្ទះចំនួន១៩,៦២៥ខ្នង,  មនុស្សចំនួន៨៤,៦២៣នាក់ និងគ្រួសារចំនួន១,១៩៨ ត្រូវជម្លៀសចេញទៅទីទួលមានសុត្ថិភាព ។ 
 
ជំនន់ទឹកភ្លៀងនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ ២៥,២២៣ហិកតា, ដំឡូងមី ២២២ហិកតា ដំណាំរួមផ្សំ៧៩ហិកតា និងសត្វពាហនៈ ១០៣ក្បាល។  ក្រៅពីនោះហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលា ៥៣ វត្ត៩ និងទឹកហូរកាត់ផ្លូវ៥៤១កន្លែង បូកសរុបទាំងអស់មានចំនួន ២២៧,៣៣៤ម៉ែត្រ។ 
 
បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមក្រុង-ស្រុកចំនួន៩ មានតែក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក រងគ្រោះធ្ងន់ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋច្រើនជាងគេ៕ 
 

Tag:
 គ្រោះធម្មជាតិ
  ប៉ះពាល់
 ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com