អន្តរជាតិ
កូរ៉េខាងជើង សាកមីស៊ីល៤លើកក្នុងខែកញ្ញា
04, Oct 2021 , 3:09 pm        
រូបភាព
 នៅក្នុងរូបថតដែលមិនមានកាលបរិច្ឆេទដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បង្ហាញអំពីការបាញ់សាកល្បងមីស៊ីលបច្ចេកវិទ្យាថ្មីប្រឆាំងយន្តហោះ។
នៅក្នុងរូបថតដែលមិនមានកាលបរិច្ឆេទដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បង្ហាញអំពីការបាញ់សាកល្បងមីស៊ីលបច្ចេកវិទ្យាថ្មីប្រឆាំងយន្តហោះ។
ដោយ: VOA
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ប្រទេសនេះ បានបាញ់សាកមីស៊ីលប្រឆាំងយន្តហោះដែលជាការបាញ់សាកល្បងមីស៊ីលលើកទី៤ក្នុងខែកញ្ញា ដោយប្រើបច្ចេកវិទ្យាមីស៊ីលថ្មី។ ទីភ្នាក់ងារព័ត៌មានរដ្ឋនេះ បានបង្ហោះរូបភាពមួយនៃ«មីស៊ីលបច្ចេកវិទ្យាថ្មីប្រឆាំងយន្តហោះ» ដែលបាញ់កាលពីថ្ងៃព្រហស្បតិ៍ដោយប្រើជើងទម្រចល័ត ដែលមិនបានប្រកាសទីតាំង។ ក្រុមអ្នកវិភាគអំពីមីស៊ីលនិយាយថា ការសាកល្បងនេះ ហាក់ដូចជាបង្ហាញការជឿនលឿនបន្តិចបន្តួច ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រទូទៅរបស់កូរ៉េខាងជើងធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងបង្ហាញពីកងមីស៊ីលរបស់ខ្លួន។

 
កូរ៉េខាងជើងបានប្រកាសកាលពីឆ្នាំ២០១៧ថា មីស៊ីល Pongae-5 អាចប្រើបាន បន្ទាប់ពីបានរកឃើញអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងហៅថា «កំហុសបច្ចេកទេស»។ មីស៊ីលនេះសម្រាប់ទប់ទល់យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាមេរិក បើមានសង្គ្រាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានផ្តល់ព័ត៌មានលម្អិតតិចតួចបំផុតអំពីការសាកល្បងចុងក្រោយ នៅថ្ងៃចុងខែកញ្ញា ដែលជាខែ ដែលកូរ៉េខាងជើងបាញ់សាកល្បងច្រើនបំផុត។
 
ការបាញ់សាកនៅខែកញ្ញារួមមាន មីស៊ីលបង្ហោះថ្មីចម្ងាយឆ្ងាយ មីស៊ីលផ្លោងថ្មីចម្ងាយខ្លីដែលបាញ់ចេញពីជើងទម្ររថភ្លើង និងមីស៊ីលថ្មីលឿនជាងសំឡេងផងដែរ។ ការបាញ់សាកភាគច្រើនហាក់ដូចជាមានបំណងធ្វើឱ្យប្រព័ន្ធការពារ ពិបាកបាញ់ស្ទាក់មីស៊ីលចម្ងាយខ្លីនេះ។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហើបថា លោកអាចនឹងបន្តសាកល្បងមីស៊ីលចម្ងាយឆ្ងាយដែលមិនបានសាកល្បងតាំងពីឆ្នាំ២០១៧ មក។
 
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនឱ្យកូរ៉េខាងជើងធ្វើសកម្មភាពមីស៊ីលផ្លោងឡើយ មិនថា រយៈចម្ងាយជិត ឬឆ្ងាយទេ។
 
ទោះយ៉ាងណាមន្រ្តីអាមេរិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើនមើលស្រាលការបាញ់សាកមីស៊ីលចម្ងាយខ្លីរបស់កូរ៉េខាងជើង។
 
ក្នុងរដ្ឋបាលលោកប្រធានាធិបតី Joe Biden មន្រ្តីអាមេរិកបាននិយាយញឹកញយថា ពួកគេ ចង់«ពិភាក្សាជាមួយមន្រ្តីកូរ៉េខាងជើង ទីណាក៏បាន កន្លែងណាក៏បាន»។
 
កិច្ចចរចានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើងបានជាប់គាំងតាំងពីឆ្នាំ២០១៩។ នៅក្នុងសុន្ទរកថានៅសប្តាហ៍នេះ លោក គីម ជុងអ៊ុន បានច្រានចោលសំណើចរចារបស់អាមេរិក ដោយនិយាយថា វាគ្រាន់តែជាការបិទបាំងអ្វីដែលលោកហៅថា «គោលនយោបាយអរិភាព»របស់រដ្ឋាភិបាលវ៉ាស៊ីនតោន។
 
ឆ្លើយតបនឹងសុន្ទរកថារបស់លោក គីម ជុងអ៊ុន ក្រសួងការបរទេសស.រ.អ. បានសង្កត់ធ្ងន់នៅក្នុងអ៊ីមែលផ្ញើមកវីអូអេភាសាកូរ៉េថា សហរដ្ឋអាមេរិក «មិនមានចេតនាអរិភាព»ចំពោះកូរ៉េខាងជើងទេ។
 
ក្រុមអ្នកវិភាគនិយាយថា ចក្ខុវិស័យអំពីកិច្ចចរចានុយក្លេអ៊ែរនាពេលអនាគតរវាងអាមេរិកនិងកូរ៉េខាងជើង កំពុងអាប់អ៊ួរ ដោយសាររដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនចង់ធ្វើទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលវ៉ាស៊ីនតោន  ហើយរបបលោកគីម ជុងអ៊ុន ទាមទារសម្បទានពីអាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com