អន្តរជាតិ
កូរ៉េទាំងពីរ ភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញ បន្ទាប់ពីផ្អាក ៥៥ថ្ងៃ
04, Oct 2021 , 4:39 pm        
រូបភាព
រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young (ខាងស្តាំ)។ រូបភាព៖ AFP
រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young (ខាងស្តាំ)។ រូបភាព៖ AFP
កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញហើយ នៅថ្ងៃទី៤ ខែតុលា បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្អាកបណ្តាញទំនាក់ទំនងអន្តរកូរ៉េ នៅខែសីហា។ ការភ្ជាប់ខ្សែទំនាក់ទំនងដោយផ្ទាល់ឡើងវិញនេះ គឺជាក្តីសង្ឃឹមថ្មី ក្នុងការរៀបចំកិច្ចសន្ទនារវាងកូរ៉េទាំងពីរឡើងវិញ។

 
បន្ទាប់ពីផ្អាករយៈពេល ៥៥ថ្ងៃ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញ។ «រដ្ឋាភិបាល សូមវាយតម្លៃថា មូលដ្ឋាននៃការស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ ត្រូវបានបង្កើតឡើងវិញហើយ»។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ កូរ៉េខាងត្បូង ក៏បានបង្ហាញពីក្តីសង្ឃឹមថា កិច្ចពិភាក្សារវាងកូរ៉េទាំងពីរ នឹងចាប់ផ្តើមឡើង ក្នុងពេលឆាប់ៗ ដើម្បីរៀបចំទំនាក់ទំនងឱ្យល្អប្រសើរ និងបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។ 
 
មុនការប្រកាសពីកូរ៉េខាងត្បូង សារព័ត៌មានកូរ៉េខាងជើង បានប្រកាសថា ប្រព័ន្ធទំនាក់ទំនងអន្តរកូរ៉េ នឹងស្តារឡើងវិញ នៅត្រឹមម៉ោង ៩ព្រឹក ក្នុងថ្ងៃទី៤ ខែតុលា។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកឯណោះវិញ  បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ថា អាម៉េរិកគាំទ្រកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។ មិនតែប៉ុណ្ណោះ ការភ្ជាក់ប្រព័ន្ធទំនាក់ទំនងដោយផ្ទាល់ គឺសំខាន់ណាស់ ដើម្បីបង្កើតបរិយាកាសប្រកបដោយសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
 
កាលពីខែកក្កដា ២០២១ រដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញម្ដងហើយ បន្ទាប់ពីកូរ៉េខាងជើង បានកាត់ផ្តាច់ជាឯកតោភាគីនៅក្នុងឆ្នាំ២០២០។ ប៉ុន្តែខ្សែទំនាក់ទំនងដោយផ្ទាល់នេះ ត្រូវផ្អាកម្តងទៀត នៅពេលកូរ៉េខាងជើងតវ៉ា លើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិក កាលពីខែសីហា ២០២១។ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាត់ទុកសមយុទ្ធយោធានេះ​ ជាការហាត់សម ដើម្បីឈ្លានពាន។ 
 
សូមបញ្ជាក់ថា ការភ្ជាប់ខ្សែទំនាក់ទំនងឡើងវិញ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលបាលីស្ទីក និងមីស៊ីលប្រភេទផ្សេងទៀត ជាច្រើនលើក៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com