ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
រាល់ពិធីភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរកម្ពុជាក្រោម នាំគ្នាធ្វើចង្ហាន់នៅក្នុងវត្តផ្ទាល់ សម្រាប់ប្រគេនព្រះសង្ឃ
14, Oct 2023 , 11:09 am        
រូបភាព
សកម្មភាពពលរដ្ឋខ្មែរកម្ពុជាក្រោម  កំពុងធ្វើចង្ហាន់ក្នុងវត្តស្វាយសៀមចាស់ ស្ថិតនៅក្នុងខេត្តព្រះត្រពាំង នៃប្រទេសវៀតណាម។
សកម្មភាពពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងធ្វើចង្ហាន់ក្នុងវត្តស្វាយសៀមចាស់ ស្ថិតនៅក្នុងខេត្តព្រះត្រពាំង នៃប្រទេសវៀតណាម។
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ដល់ទី១៣នៃបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ពលរដ្ឋខ្មែររស់នៅកម្ពុជាក្រោម ដែលជាចំណុះជើងវត្តនីមួយៗ បាននាំគ្នាមកធ្វើចង្ហាន់នៅវត្តផ្ទាល់តែម្តង ដើម្បីប្រគេនព្រះសង្ឃ។ នេះបើតាមសង្ឃដីកាព្រះតេជគុណ ថាច់ ង៉ុកញ៉ឹង ដែលភិក្ខុគង់នៅវត្តស្វាយសៀមចាស់ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលស្ថិតនៅប្រទេសវៀតណាម។

 
ពលរដ្ឋខ្មែរជាង១០០០គ្រួសារ ដែលជាចំណុះជើងវត្តស្វាយសៀមចាស់ ស្ថិតនៅក្នុងទឹកកម្ពុជាក្រោម បានដាក់វេនគ្នាមកធ្វើឬរៀបចំចង្ហាន់នានា សម្រាប់ប្រគេនព្រះសង្ឃជាប្រចាំនៃពិធីបុណ្យភ្ជុំបិណ្ឌ។ 
 
«ពីថ្ងៃទី១ដល់ទី១៣នៃបុណ្យភ្ជុំបិណ្ឌ ពុទ្ធបរិស័ទយើងបាននាំមកធ្វើចង្ហាន់២ពេល ឱ្យព្រះសង្ឃក្នុងវត្តអាត្មាឆាន់»។ នេះជាសង្ឃដីការបស់ព្រះតេជគុណ ថាច់ ង៉ុកញ៉ឹង ដែលជាភិក្ខុនៅវត្តស្វាយសៀមចាស់។ ព្រះតេជគុណ បានប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖ «ពុទ្ធបរិស័ទចំណុះជើងវត្តទាំងនោះ មានរៀបចំអាហារ២ពេលសម្រាប់ប្រគេនព្រះសង្ឃយើង [ដោយ]ព្រឹកមានបបរសឬបបរគ្រឿង។ ពេលថ្ងៃមានបាយជាមួយនឹងម្ហូប និងបង្អែមជាច្រើនមុខ ហើយពេលល្ងាច ពួកគាត់រៀបចំភេសជ្ជៈនានាប្រគេនយើងដែរ»។ 
 


បើតាមភិក្ខុ ថាច់ ង៉ុកញ៉ឹង ថ្ងៃនីមួយៗដែលពុទ្ធបរិស័ទនាំគ្នាមកធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តស្វាយសៀមចាស់ មានប្រមាណ៥០គ្រួសារ ហើយ ការចំណាយនានាក្នុងការធ្វើចង្ហាន់សម្រាប់ព្រះសង្ឃ គឺពលរដ្ឋទាំងនោះបានបរិច្ចាគទៅតាមធនធាន និងកម្លាំងចិត្ត។ តាមមួយវេននីមួយនៃពិធីភ្ជុំបិណ្ឌ គណៈកម្មការវត្តទទួលបានបច្ច័យប្រមាណ៥០០ដុល្លារ ពីពលរដ្ឋចំណុះជើងវត្ត សម្រាប់រៀបចំចង្ហាន់ប្រគេនព្រះសង្ឃ។ វត្តស្វាយសៀមចាស់បច្ចុប្បន្ន មានព្រះសង្ឃចំនួន៧៧អង្គ ដោយនៅក្នុងនោះ មាន៤០អង្គ ជាភិក្ខុ និង៣៧អង្គទៀត  ជាសាមណេរ។  ភិក្ខុ ថាច់ ង៉ុកញ៉ឹង បានបន្ថែមដូច្នេះ។ 
 
ភិក្ខុសង្ឃ ដែលគង់វត្តក្នុងទឹកដីកម្ពុជាក្រោមរូបនេះ មានថេរដីកាថា៖ «ពិធីបុណ្យភ្ជុំបិណ្ឌរាល់ឆ្នាំ វត្តយើងគឺសម្បូរ និងសប្បាយណាស់។ ព្រះសង្ឃមិនខ្វះឆាន់ ហើយពុទ្ធបរិស័ទក៏សប្បាយនឹងបុណ្យទានជាមួយយើង»។ 
 
ឆ្នាំនេះ ទោះមានកូវីដ-១៩ ក៏ពុទ្ធបរិស័ទរបស់វត្តស្វាយសៀមចាស់ នាំគ្នាមកធ្វើចង្ហាន់នៅវត្ត សម្រាប់ប្រគេនព្រះសង្ឃ ដូចឆ្នាំមុនៗដែរ។ បើតាម ភិក្ខុ ថាច់ ង៉ុកញ៉ឹង ការរប្រារព្ធពិធិភ្ជុំបិណ្ឌប្រចាំឆ្នាំ២០២១នេះ ត្រូវបានអាជ្ញាធរវៀតណាម ហាមគណៈកម្មការវត្តអារាមទាំងអស់ មិនឱ្យរៀបចំកម្មវិធីប្រពៃណី និងសាសនាចំនួន ដើម្បីបង្ការពីការឆ្លងកូវីដ-១៩។ ក្នុងនោះ អាជ្ញាធរវៀតណាម ហាមមិនឱ្យពលរដ្ឋនិមន្តព្រះសង្ឃឆាន់អាហារតាមផ្ទះរបស់ពលរដ្ឋ, ហាមពិធីរាប់បាត្រ និងហាមរៀបចំកម្មវិធីផ្សេងៗទៀត។ 



ភិក្ខុ ថាច់ ង៉ុកញ៉ឹង បានបញ្ជាក់ដូច្នេះ៖ «ពិធីបុណ្យភ្ជុំបិណ្ឌនៅស្វាយសៀមចាស់នៅឆ្នាំនេះ ពុទ្ធបរិស័ទយើងនឹងគ្នាធ្វើចង្ហាន់នៅក្នុងវត្តយើងរហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យនេះ ដោយអនុវត្តទៅវិធានការរបស់ក្រសួងភិបាល និងរដ្ឋាភិបាលប្រទេសវៀតណាម ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»។  
 
វត្តខ្មែរនៅកម្ពុជាក្រោមទាំងអស់មានចំនួន ៤៦៥វត្ត។ នេះជាការលើកឡើងរបស់លោក ប៊ុន ម៉ានី ដែលជាប្រធានសមាគមខ្មែរកម្ពុជាក្រោម ដោយបានបន្តថា រាល់ថ្ងៃទី១-១៣នៃពិធីភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរដែលរស់នៅកម្ពុជាក្រោម តែងគ្នានាំមកដាំស្ល ឬធ្វើចង្ហាន់នៅក្នុងទីវត្តអារាមផ្ទាល់ សម្រាប់ប្រគេនព្រះសង្ឃ។ ដោយឡែក នៅថ្ងៃទី១៤នៃពិធីបុណ្យភ្ជុំបិណ្ឌ ពុទ្ធបរិស័ទនីមួយៗនាំគ្នានិមន្តព្រះសង្ឃទៅឆាន់អាហារនៅតាមផ្ទះ (ព្រះសង្ឃឱ្យធម៌តាមផ្ទះ) និងថ្ងៃទី១៥ដែលជាថ្ងៃភ្ជុំបិណ្ឌធំ ពុទ្ធបរិស័ទទាំងនោះ ក៏ធ្វើចង្ហាន់នៅតាមផ្ទះរៀងខ្លួន សម្រាប់ប្រគេនសង្ឃនៅក្នុងវត្តវិញ។ 
 
ប៉ុន្តែសម្រាប់ពិធីភ្ជុំបិណ្ឌនាឆ្នាំ២០២១ អាជ្ញាធរប្រទេសវៀតណាមបានហាម មិនឱ្យរៀបចំកម្មវិធីរាប់បាត្រ ក្នុងវត្តអារាម, ហាមមិនឱ្យជួបជុំពុទ្ធបរិស័ទក្នុងវត្តអារាម លើសពី២០នាក់ក្នុងមួយថ្ងៃឬមួយវេនឡើយ និងពលរដ្ឋមិនឱ្យនិមន្តព្រះសង្ឃទៅឆាន់អាហារ និងហាមកម្មវិធីផ្សេងៗ ព្រោះតែស្ថានភាពនៃជំងឺកូវីដ-១៩មនោះ លោក ប៊ុន ម៉ានី ក៏មានការព្រួយបារម្ភដល់ព្រះសង្ឃនៅតាមវត្តអារាមនានា ប្រឈមនឹងការអត្តខាត់ចង្ហាន់ផងដែរ នាអំឡុងពេលប្រារព្ធពិធីភ្ជុំបិណ្ឌនេះ។


 
ប្រធានសមាគមខ្មែរកម្ពុជាក្រោមរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey ថា៖ « វត្តនៅកម្ពុជាក្រោមខ្លះ ដែលមានពុទ្ធបរិស័ទចំណុះជើងវត្តជាជនជាតិខ្មែរច្រើន វត្តនោះក៏សម្បូរសប្បាយ។ តែវត្តដែល មិនសូវមានចំណុះជើងវត្តជាជនជាតិខ្មែរ ក៏មិនសូវសម្បូរសប្បាយទៅតាមហ្នឹងដែរ។ បើមានការបិទខ្ទប់និងបម្រាបនានដើម្បីបង្ការជំងឺកូវីដ-១៩បែបនេះអ៊ីចឹងទៀត អាចនឹងមានព្រះសង្ឃនៅវត្តខ្មែរកម្ពុជាក្រោមខ្លះ ប្រឈមនឹងការដាច់ចង្ហាន់»។ 
 
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបព្រះពុទ្ធសាសនាធំជាងគេនៅកម្ពុជា ព្រោះពិធីបុណ្យនេះ  ត្រូវប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១រោចដល់១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ៕
 


Tag:
 ព្រះសង្ឃ
  ភ្ជុំបិណ្ឌ
  ខ្មែរកម្ពុជាក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com