COVID-19
អន្តរជាតិ
ថៃ កំពុងចរចាទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩
05, Oct 2021 , 6:39 pm        
រូបភាព
រូបភាព៖ OneNews
រូបភាព៖ OneNews
ដោយ៖ឡាយ ស្រីពេជ្រ

រដ្ឋាភិបាលថៃ កំពុងចរចាជាមួយក្រុមហ៊ុនផលិតថ្នាំអាម៉េរិក​ Merck & CO​ ដើម្បីទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ​ចំនួន ២០ម៉ឺនគ្រាប់។​ ថៃជាប្រទេសអាស៊ីចុងក្រោយ ដែលស្វះស្វែងរកទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីការផ្គត់ផ្គង់វ៉ាក់សាំងមានភាពយឺតយ៉ាវ។

 
ក្នុងតំបន់អាស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ សុទ្ធតែកំពុងចរចាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ខណៈហ្វីលីពីន ដែលកំពុងសាកល្បងលើថ្នាំព្យាបាលជំងឺកូវីដ-១៩ ដោយសង្ឃឹមថា ការសិក្សារបស់ខ្លួន អាចអនុញ្ញាតឱ្យថ្នាំប្រភេទនេះ ប្រើប្រាស់នៅក្នុងស្រុក។ ស្របគ្នានឹងប្រទេសខាងលើ ថៃក៏បានចរចាជាមួយក្រុមហ៊ុន Merck & CO ដែរ ដើម្បីទិញថ្នាំយកមកព្យាបាលប្រជាជនខ្លួន។ 
 
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters អគ្គនាយកដ្ឋានសេវាវេជ្ជសាស្ត្រ លោក Somsak Akksilp បានអះអាងថា ថៃកំពុងចរចាលើកិច្ចព្រមព្រៀងទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលជាថ្នាំគ្រាប់ប្រឆាំងវីរុស។ ថ្នាំប្រភេទនេះ កំពុងស្ថិតក្រោមការសាកល្បងពីក្រុមហ៊ុន​ Merck & CO ។ អគ្គនាយករូបនេះ បានបន្តថា កិច្ចព្រមព្រៀងទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ អាចនឹងបញ្ចប់ក្នុងសប្តាហ៍នេះ ហើយថៃ បានកក់ទុកចំនួន ២០ម៉ឺនគ្រាប់។ 
 
បើតាមលោក Somsak Akksilp ថ្នាំនឹងមកដល់នៅខែធ្នូ ខាងមុខ ទោះបីជាថ្នាំព្យាបាលជំងឺកូវីដ-១៩ ត្រូវស្ថិតក្រោមការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថរបស់អាម៉េរិក និងនិយ័តករថៃក៏ដោយ។
 
ការចរចារបស់ថៃ ធ្វើឡើងបន្ទាប់ពី ទិន្នន័យនៃការសាកល្បងរបស់ថ្នាំពេទ្យព្យាបាលជំងឺកូវីដ-១៩ នោះ បានបង្ហាញថា វាមានប្រសិទ្ធភាពប្រមាណ ៥០ភាគរយ ក្នុងការកាត់បន្ថយលទ្ធភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្លាប់ ដោយសារជំងឺកូវីដ-១៩ ។ ថ្នាំ​ Molnupiravir ដំបូងឡើយ ត្រូវ​បាន​​ផលិត​ឡើង ដើម្បី​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ និង​បង្ការវីរុស​រីក​រាលដាល​ក្នុង​ខ្លួន។
 
បណ្តាប្រទេសអាស៊ីជាច្រើនចង់ទិញថ្នាំគ្រាប់នេះឱ្យបានលឿន បន្ទាប់ពីខ្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការខ្វះខាតវ៉ាក់សាំង ធ្វើឱ្យបណ្តាប្រទេសអាស៊ីរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈពេលប្រទេសអ្នកមាន ទិញបានវ៉ាក់សាំងជាច្រើនលានដូស។ 
 
សូមបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅថៃបានធ្លាក់ចុះក្រោម ១ម៉ឺនករណី ជាលើកដំបូងនៅថ្ងៃទី១ខែតុលា ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។ មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ៤៦លានដូសហើយ ដល់ប្រជាជនខ្លួន ដោយប្រជាជនប្រមាណ ១៥,៩លាននាក់ បានទទួលវ៉ាក់សាំង ចំនួនពីរដូស៕ 
 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com