ជាតិ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ ចង្ហាន់ថ្ងៃកាន់បិណ្ឌមិនខ្វះ តែវត្តមួយចំនួនបារម្ភខ្វះស្បៀង ក្រោយភ្ជុំ
06, Oct 2021 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ពិធីកាន់បិណ្ឌរយៈពេល១៤ថ្ងៃ និងថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃជាវេលា ដែលប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នាំគ្នាសាមគ្គី ចូលរួមថវិកាបន្តិចបន្តួច កាន់បិណ្ឌតាមប្រពៃណីនៅតាមវត្តក្នុងភូមិស្រុក។ រដូវកាលនេះ វត្តអារាមនីមួយៗទទួលបានទានច្រើនគួរសម សម្រាប់បម្រុងទុកប្រើប្រាស់ក្នុងអារាម។ ប៉ុន្ដែឆ្នាំនេះ តាមវត្តភាគច្រើនកំពុងបារម្ភពីបញ្ហាខ្វះលទ្ធភាពក្នុងការផ្គត់ផ្គង់សម្រាប់សង្ឃ ខណៈរដ្ឋាភិបាលផ្អាកការចួបជុំក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។



លោក ឃ្លាំង សារិន ជាអាចារ្យទី២ នៅវត្តក្រពុំរាជ ក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្នុងអំឡុងពេលបិទមិនឱ្យចួបជុំកាន់បិណ្ឌតាមអារាម បរិស័ទនៅក្នុងភូមិខ្សឹង យកចង្ហាន់មកវត្តធ្លាក់ចុះជាងពាក់កណ្ដាល។ បើតាមលោក ឃ្លាំង សារិន មូលហេតុអាចបណ្ដាលមកពីបរិស័ទគ្រប់រូប គោរពតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល និងមួយផ្នែកទៀត អាចមកពីការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី។ ព្រឹទ្ធាចារ្យរូបនេះ បន្តថា ចំពោះចង្ហាន់តាមវេននៅតែមានពលរដ្ឋតាមភូមិយកមកប្រគេន តែមិនមែនគ្មានសោះនោះទេ។

«ខ្សត់ជាងឆ្នាំមុន តែមិនអត់នោះទេ។ ឆ្នាំមុនបើមានបរិស័ទនៅតែនាំយកចង្ហាន់ រួមទាំងទេយ្យទានមកវត្តបានដប់នាក់ ឆ្នាំនេះបានត្រឹមបីទៅបួនអីហ្នឹង វាមិនបរិបូរណ៍ដូចឆ្នាំមុនៗទេ។ រឿងហ្នឹងមានតែតាមនេះហើយ ធ្វើម៉េចបើគ្រប់យ៉ាងតម្រូវតាមស្ថានភាពជាក់ស្ដែង ដើម្បីសុវត្ថិភាពទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់លោកតាអាចារ្យ សារិន។

មិនខុសគ្នាប៉ុន្មានពីព្រឹទ្ធាចារ្យខាងលើ ព្រះចៅអធិការវត្តក្រពុំរាជព្រះនាម ឆាយ ហ៊ីង មានសង្ឃដីកាថា អំឡុងពេលនៃការផ្អាកមិនឱ្យមានការចួបជុំតាមទីអារាម ពលរដ្ឋដែលយកចង្ហាន់មកប្រគេនមិនសូវសម្បូរនោះទេ តែនៅមានពុទ្ធបរិស័ទ ជិតៗវត្តនាំយកគ្រឿងបរិភោគនានា រួមជាមួយបច្ច័យ ដើម្បីជួយឧបត្ថម្ភដល់ការចំណាយ និងរួមកសាងក្នុងវត្ត។  ព្រះចៅអធិការ មានសង្ឃដីកាដូច្នេះ៖ «តាមការសង្កេតមើលទៅ ត្រឹមបិណ្ឌ៧ ចង្ហាន់ដែលពុទ្ធបរិស័ទយកមកប្រគេនមានល្មមអាចផ្គត់ផ្គង់សម្រាប់សង្ឃ លោកតា លោកយាយ ដែលនៅក្នុងវត្តប៉ុន្មាននាក់ដែរ។ អំឡុងពេលកាន់បិណ្ឌនេះ អាហារសល់ច្រើនតាមថ្ងៃ  ព្រោះពេលនេះគ្មានអ្នកនៅជួយហូប ដូចរាល់ឆ្នាំទេ»។

ទោះជាយ៉ាងនេះក្តី ព្រះចៅអធិការខាងលើ កំពុងកង្វល់ពីបញ្ហាខ្សត់ចង្ហាន់ក្រោយពេលផុតរដូវភ្ជុំ ខណៈឆ្នាំនេះ ស្បៀងដែលត្រូវត្រៀមសម្រាប់រយៈពេលយូរ មិនមានបរិស័ទប្រគេនច្រើនដូចឆ្នាំសព្វដងឡើយ។ ព្រំចៅអធិការរូបនេះ បន្តថា ពេលផ្អាកការចួបជុំភ្លាមៗ បានធ្វើឱ្យគម្រោងនានា ក្នុងវត្តដែលបានកំណត់ទុកត្រូវជាប់គាំង ព្រោះដំណើរការមួយចំនួនត្រូវពឹងលើបច្ច័យមួយផ្នែករបស់ពុទ្ធបរិស័ទចំណុះវត្តជិតឆ្ងាយ ចូលរួមក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

មិនសូវខុសគ្នាពីវត្តខាងលើ វត្តសង់ប្រាសាទរាជ្យ ជាអារាមមួយ មានទីតាំងក្នុងខេត្តបន្ទាយមានជ័យ ក៏ផ្អាកពិធីកាន់បិណ្ឌផងដែរ។ ក្នុងអំឡុងពេលកាន់បិណ្ឌនេះ ព្រះចៅអធិការវត្តព្រះនាម ឈុន សុវណ្ណៈ មានសង្ឃដីការប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «ពុទ្ធបរិស័ទ នៅតែបន្តយកចង្កាន់មកប្រគេនព្រះសង្ឃហូរហែគ្រាន់តែមិនច្រើនដូចមុន។ បើប្រៀបធៀបទៅធ្លាក់ចុះជាង៥០ ភាគរយ។ រីឯ បច្ច័យដែលទទួលបានពីពុទ្ធបរិស័ទតាមអង្គនីមួយៗ ក៏មិនសម្បូរដែរ ប៉ុន្ដែទោះជាយ៉ាងណាក៏មិនខ្សត់អត់សោះឡើយ»។

ស្ថិតក្នុងភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី  វត្តសង់ប្រាសាទរាជ្យ មានទីតាំងនៅតាមបណ្ដាយព្រំដែនខ្មែរថៃ ដោយមានព្រះសង្ឃគង់នៅចំនួន៤០អង្គ។ បើតាមព្រះចៅអធិការ ឈុន សុវណ្ណៈ ក្នុងអំឡុងពេលបិទការចួបជុំក្នុងរដូវកាន់បិណ្ឌ វត្តសង់ប្រាសាទរាជ្យ មិនទាន់ប្រទះផលលំបាកណាមួយឡើយ។ ព្រះចៅអធិការរូបនេះ មិនអាចសន្មតថា ស្បៀងដែលទទួលបានពីការជួយឧបត្ថម្ភរបស់បរិស័ទជិតឆ្ងាយក្នុងពេលនេះអាចផ្គត់ផ្គង់រហូតដល់ពេលណានោះទេ។

សូមបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីក្នុងអំឡុងនៅថ្ងៃកាន់បិណ្ឌ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការចួបជុំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃបិណ្ឌទី៤ ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺប្រភេទនេះ។ ស្ថានភាពបែបនេះ បានធ្វើឱ្យពលរដ្ឋ និងទីអារាមត្រូវអនុវត្តជាបន្ទាន់ តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១៕












Tag:
 កូវីដ-១៩
  កាន់បិណ្ឌ
  បរិស័ទ
  ផ្អាកចួបជុំកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com