ជាតិ
សង្គមជាតិ
ចម្រៀង១០បទ ដែលពេញនិយមនៅបុណ្យភ្ជុំបិណ្ឌ
06, Oct 2021 , 2:45 pm        
រូបភាព
 
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បណ្ដាផលិតកម្មធំៗបានផលិតចម្រៀងជាច្រើនបទ។ ដ្បិតឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានផ្អាក តែបទចម្រៀងភ្ជុំបិណ្ឌទាំងនោះ នៅតែមានការគាំទ្រច្រើនលើបណ្ដាញសង្គមយូធូប និងហ្វេសប៊ុកជាដើម។


១, «ឃ្លាតនំគម» ជាបទចម្រៀងរបស់ លោក ខេមរៈ សិរីមន្ត ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ខេមរៈ ភារុណ និងនិពន្ធបទភ្លេង ដោយលោក ឈិត តេងរិទ្ធ ។ បទនេះទទួលបានការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមយូធូប ១,៦លានដង  រយៈពេល៣សប្ដាហ៍។ ចម្រៀងផលិតដោយផលិតកម្មរស្មីហង្សមាសនេះ គឺបានបញ្ចូលនូវឧបករណ៍ភ្លេងខ្មែរ មានដូចជា ស្គ និងគែន យ៉ាងពិរោះរណ្ដំ ។  

 ២, បទចម្រៀងចង្វាក់រាំវង់របស់ផលិតកម្មសាន់ដេ «នារីសោភា» របស់លោក អនុស្សាវរីយ៍ ដែលលួងលោមមនុស្សជាទីស្រលាញ់កុំឱ្យសៅហ្មងចិត្តក្នុងថ្ងៃភ្ជុំបិណ្ឌ។  បទនេះ ក៏ទទួលបានគាំទ្រខ្លាំងលើបណ្ដាញសង្គមយូធូប ជិត៤០០ម៉ឺនដងទស្សនា ក្នុងរយៈពេល ៧ថ្ងៃ។

៣, «ស្រណោះខែភ្លៀង» ជាបទរបស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា នៃផលិតកម្ម រស្មីហង្សមាស។ បទនេះទទួលបានការគាំទ្រខ្លាំង លើបណ្ដាញសង្គម យូធូប ដោយបង្ហោះរយៈពេល ៥ថ្ងៃ ទទួលបានការគាំទ្រ ២៤៣ម៉ឺនដងទស្សនា។

៤,«សន្សំប្រាក់ទុកភ្ជុំ » បទចម្រៀងរបស់អ្នកនាង សុគន្ធ និសា ដែលនិពន្ធទំនុកច្រៀងដោយលោក លី ស៊ិនហួន  និងនិពន្ធបទភ្លេង និងសម្រួលតន្រ្តីដោយ ចក់។ បទចម្រៀងមួយបទនេះទទួលបានគាំទ្រខ្លាំងនៅលើបណ្តាញសង្គមYouTube គ្រាន់តែបង្ហោះរយៈពេលបូនថ្ងៃទទួលបានការទស្សនា ១០៤ម៉ឺនដងទស្សនា។ បទចម្រៀងនេះ រៀបរាប់ពី ការគិតគូរបស់កូនក្នុងការផ្ញើប្រាក់ទុកឱពុកម្ដាយក្នុងវេនកាន់បិណ្ឌ។ បទនេះផ្ដាំផ្ញើពីវិធានការ៣កុំ៣ការពារ នាការជួបជុំពិធីភ្ជុំបិណ្ឌក្នុងបរិបទកូវីដ-១៩។

៥, «បន់ព្រះឱ្យបងផង» ជាបទចម្រៀងចង្វាក់រាំវង់ប្រពៃណីខ្មែរ របស់លោក ម៉ៅ ហាជី ដែលច្រៀងផ្ដោះផ្ដងសុំស្នេហ៍នារីខ្មែរក្នុងថ្ងៃភ្ជុំបិណ្ឌ។ បទចម្រៀងផលិតដោយផលិតកម្មថោននេះ ក៏ទទួលបានការគាំទ្រខ្លាំងដែរ ដោយមានជាង១០០ម៉ឺនដងទស្សនា ក្នុងរយៈពេល៣ថ្ងៃ។

៦,«ទំនើបមិនភ្លេចបុរាណ» ច្រៀងដោយតារាចម្រៀងដ៏ល្បី កញ្ញា មាស សុខសោភា នៃផលិតកម្មរាម។ បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេង ដោយ Colour Nine Team។

៧, «អូ… ព្រះកន្លោងកូនអើយ» ចម្រៀងរបស់លោក ខាត់ ជេមស៍ ទទួលបានការទស្សនាជាង ១០៧ម៉ឺនដងទស្សនាលើបណ្តាញសង្គម យូធួប បង្ហោះរយៈពេល៥ថ្ងៃ។ «អូ… ព្រះកន្លោងកូនអើយ»ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ចៅ សុបញ្ញា  និងនិពន្ធបទភ្លេងដោយលោក ភួង សុភារក្ស។

៨,«កុំថាខ្ញុំចាស់» ជាចង្វាក់តាលុង របស់តារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ។ បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយ លោក រ័ត្ន តាម៉ូ។ ចម្រៀងផលិតដោយផលិតកម្មថោនមួយនេះ ត្រូវបានទស្សនាជាង ៧៣ម៉ឺនដងទស្សនា ក្នុងរយៈពេល ១សប្ដាហ៍។

៩,.«ភ្ជុំបិណ្ឌឆ្ងាយផ្ទះ» ជាបទចម្រៀងរបស់ លោក ជ័យ សុវ៉ាត នៅផលិតកម្មសាន់ដេ ។ បទចម្រៀងនេះ គឺបានរៀបរាប់អំពី ការឃ្លាតឆ្ងាយពីស្រុកកំណើត និងនឹករលឹកដល់ក្រុមគ្រួសារ នៅរដូវបុណ្យភ្ជុំបិណ្ឌ។


១០, «ភ្ជុំបិណ្ឌភូមិយើង»  ជាចម្រៀងចង្វាក់រាំវង់ប្រពៃណីខ្មែរ របស់ កញ្ញា ដា សុមាវត្តី នៅផលិតកម្មថោន។ បទនេះ ទទួលបានការទស្សនាលើបណ្ដាញសង្គមយូធូប ជិត១៤៥ ម៉ឺនដង ក្នុងរយៈពេល៧ថ្ងៃ៕



Tag:
 ចម្រៀង
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com