ជាតិ
សង្គមជាតិ
ប្រាសាទក្រវាន់ មានចម្លាក់ដ៏វិចិត្រនៅលើជញ្ជាំងឥដ្ឋ
06, Oct 2021 , 11:30 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ឡុង តូន
 
សៀមរាប៖ ប្រាសាទជាច្រើនដែលបានកសាងនៅសម័យអង្គរ មិនមែនមានតែព្រះមហាក្សត្រ ដែលជាអ្នកកសាងឡើយ ប៉ុន្តែមន្ត្រីផ្សេងៗក៏បានបន្សល់នូវកេរតំណែលមិនតិចដែរ។ ចំណោមប្រាសាទដែលបានកសាងដោយមន្ត្រី ក្នុងសតវត្សរ៍ទី១០ គេកត់សម្គាល់ខ្លាំងជាងគេ គឺប្រាសាទបន្ទាយស្រីនិងប្រាសាទក្រវាន់។





ប្រាសាទក្រវាន់ជាទេវស្ថាននៃហិណ្ឌូសាសនា ដែលបានកសាង រវាងឆ្នាំ៩២១នៃគ្រិស្តសករាជ ឧទ្ទិសដល់ព្រះវិស្ណុត្រៃលោក្យនាថ ដោយមន្ត្រីជាន់ខ្ពស់ម្នាក់នាម ស្រីមហីធរវម្ម៌ ក្នុងរាជព្រះបាទ ហស៌វម៌្មទេវ។ ប្រាសាទនេះ ក៏មានការសាងសង់លាយថ្មភក់ខ្លះៗដែរ ដូចជា សសរពេជ្រ ស៊ុមទ្វារ ផ្ដែរ។
 
យោងលើចម្លាក់ដែលបន្សល់ទុកតាមផ្ដែរមួយចំនួន គេអាចសន្និដ្ឋានបានថា ជាសំណង់ដែលមានការឆ្លាក់ តុបតែងពុំទាន់ចប់សព្វគ្រប់។ ក្នុងប្រវត្តិសាស្ត្រសិល្បៈ និងស្ថាបត្យកម្ម ចំណោមប្រាសាទ ដែលសាងសង់ អំពីឥដ្ឋ ប្រាសាទក្រវាន់ ជាប្រាសាទមួយ ដែលមានលក្ខណៈពិសេសជាងគេ ព្រោះជាសំណង់ ដែលសង់លើខឿនរាបស្មើ ហើយលម្អដោយតួប៉ម ៥តំរៀបគ្នាតែមួយជួរ(ពីជើងទៅត្បូង) និងមានចម្លាក់ ឆ្លាក់ផ្ទាល់លើជញ្ជាំងឥដ្ឋ។ ចម្លាក់លើជញ្ជាំងឥដ្ឋទាំងនេះ មិនមានប្រើបាយអបន្ថែមពីលើ ដើម្បីបូកតែង លម្អដូចប្រាសាទមួយចំនួនផ្សេងទៀតឡើយ។
 
យោងតាមស្លាកស្នាម ដែលនៅសេសសល់ អ្នកស្រាវជ្រាវខ្លះ បានអះអាងថា មានការប្រើប្រាស់ពណ៌ សម្រាប់លម្អផងដែរ។ ចម្លាក់ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង គឺនៅតួប៉មកណ្ដាល និងតួប៉មខាងជើង បំផុត។  បើតាមលក្ខណៈបដិមាសាស្ត្រ ចម្លាក់នៅតួប៉មកណ្ដាល ផ្នែកខាងក្នុងនេះ សិល្បករ បានបង្ហាញ តែតួអង្គព្រះវិស្ណុ។ ផ្ទៃជញ្ជាំងខាងជើងលម្អដោយរូបព្រះវិស្ណុគង់លើសត្វគ្រុឌដែលជាយានជំនិះ។ ឯផ្ទៃជញ្ជាំងខាងលិច ក្នុងទម្រង់គង់ឈរមានព្រះហស្ថ៨ ដែលលម្អដោយចម្លាក់តូចៗជាច្រើន ផ្សេងទៀត។ នៅជ្រុងដដែលនេះ ផ្នែកខាងលើព្រះសិរព្រះវិស្ណុ ក៏មានចម្លាក់សត្វក្រពើ។ ក្នុងទម្រង់សិល្បៈ ការបង្ហាញរូបក្រពើ ប្រហែលជាសិល្បៈករសម័យអង្គរយល់ច្បាស់អំពីខ្លឹមសារនៃពាក្យ «ក្រពើ» ដែលក្នុងភាសាសំស្ក្រឹតមានន័យដូចនឹងពាក្យ «មករ» ដែរឬយ៉ាងណា?
 
ជាទូទៅ ចម្លាក់នាសម័យអង្គរ ទេវកថាបែបវិស្ណុនិយម ក៏មានការនិទាន និងឆ្លាក់បង្ហាញអំពីសត្វក្រពើនេះ ជាហូរហែរ។ ហេតុនេះគេតែងប្រទះឃើញចម្លាក់ក្រពើនៅតាមបូជនីយដ្ឋាននានាដូចជា រមណីដ្ឋានក្បាលស្ពាន ប្រាសាទធម្មានន្ទ ប្រាសាទបន្ទាយសំរែ និងប្រាសាទមង្គលាថ(តុបខាងកើត) ជាដើម។ ចំពោះផ្ទៃជញ្ជាំងខាងត្បូងមានចម្លាក់ដែលមើលទៅហាក់បីដូចជាកំពុងបោះជំហាននោះ អ្នកជំនាញផ្នែកបដិមាសាស្ត្រ បានកត់សម្គាល់ថា ជាអវតាព្រះវិស្ណុ ក្នុងទម្រង់ត្រីវិក្រម។
 
ចេញពីសម្រង់ទេវកថាមកជាចម្លាក់បែបនេះ ព្រោះនៅក្នុងខ្លឹមសារនៃសាច់រឿងបានឲ្យដឹងថា គ្រាមួយមានស្ដេចអសុរមួយអង្គនាម ពាលី បានធ្វើទុក្ខបុកម្នេញផែនដីនេះ ដោយបណ្ដេញសត្វលោក ទាំងអស់មិនឲ្យរស់នៅ និងអះអាងថាជាផែនដីរបស់ខ្លួនតែម្នាក់គត់។ ពេលនោះព្រះវិស្ណុបានកាឡាខ្លួន ជាព្រាហ្មណ៍តឿ ដើម្បីសុំដី៣ជំហានពីពាលី។
 
នៅតួប៉មខាងជើងបង្អស់នៃប្រាសាទនេះវិញ ក៏មានចម្លាក់បង្ហាញពីរូបទេពីជាច្រើនអង្គ ដែលភាគច្រើននៅមានលក្ខណៈច្បាស់ល្អ។ ក្នុងចំណោមនោះ ទេពីដែលស្ថិតនៅផ្ទៃជញ្ជាំងខាងត្បូង អាចមើលឃើញកេតនភណ្ឌខ្លះៗនិងអាចកំណត់អត្តសញ្ញាណបានថា ជាទេពីព្រះនាម ទុគ៌ា។
 
ចំពោះសំណេរនៅលើឥដ្ឋមួយចំនួនដែលមានអក្សរកាត់ជាភាសាបរទេស“សេអា”(CA) ដែលមានសេចក្ដីពេញលេញថា Conservation d’Angkor និងជាខេមរភាសាមានន័យថា “អភិរក្សដ្ឋានអង្គរ” នោះ គឺជាឥដ្ឋដែលអ្នកជួលជុលក្នុងទសវត្សរ៍ ១៩៦០ ប្រើប្រាស់សម្រាប់ជំនួសកន្លែង ដែលខូចឬខ្វះខាត ហើយជាដុំឥដ្ឋដែលមានទម្រង់ផតខាងក្នុង ព្រោះគេទុកសម្រាប់ភ្ជាប់ជាមួយស៊ីម៉ង់ត៍។ ចាប់តាំងពីតំបន់អង្គរបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ប្រាសាទក្រវាន់ក៏មានស្ថាប័នបរទេស សហការណ៍ជាមួយអាជ្ញាធរជាតិ ដែលគ្រប់គ្រងតំបន់នេះ បានរួមចំណែកស្ដារ ជួសជុល និងអភិរក្ស ផងដែរ។

កន្លងមក ក្នុងវង់ទស្សនាក្រុមប្រាសាទនៃតំបន់អង្គរ ទោះជាមានចម្ងាយប្រហែលជា ៣គីឡូម៉ែត្រ ពីខាងកើតប្រាសាទអង្គរវត្ត និងមានលក្ខណៈពិសេសដូចពេលខាងលើក៏ដោយ ប៉ុន្តែទេសចរ ពុំសូវចាប់អារម្មណ៍ទស្សនាប្រាសាទក្រវាន់ បានកុះករដូចប្រាសាទដទៃឡើយ៕







Tag:
 ប្រាសាទក្រវាន់
  សៀមរាប
  ទេសចរណ៍
  ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com