ជាតិ
អត្ថន័យនៃការអុជធូបបន់ស្រន់​!
09, Oct 2023 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រជា​ជន​ខ្មែរ​មាន​ទម្លាប់​នៃ​ការ​អុជ​ធូប​​ផ្សេងៗ​គ្នា ភាគ​ច្រើន​គេ​ឃើញ​មាន​ការ​អុជ​ធូប​១​សរសៃ ៣​សរសៃ ៥សរសៃ ៧សរសៃ ៩សរសៃ និង​១២​សរសៃ​ជា​ដើម​។ ​លោក ញាន ភឿន រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ពន្យល់​ថា នេះ​គឺ​ជា​ទម្លាប់​របស់​បុគ្គល​ម្នាក់ៗ អាស្រ័យ​លើ​ការ​ប្រៀប​ចំនួន​សរសៃ​ធូប ទៅ​នឹង​ជំនឿ​ណា​មួយ ដែល​ពួក​គេ​យក​ជា​តំណាង​​។​ ទោះ​ជា​យ៉ាង​ណា​លោក ញាន ភឿន ថា​ការអុជ​ធូប​នឹង​ទទួល​បាន​អានិសង្ឃ​១០​ប្រការ។



លោក ញាន ភឿន រដ្ឋ​លេខាធិការក្រសួងធម្មការ និង​សាសនា ជា​ទីប្រឹក្សា​គណៈ​កម្មាធិការ​ជាតិ រៀប​ចំ​បុណ្យ​ជាតិ​-អន្តរជាតិ និង​ជា​សមាជិក​គណៈកម្មការ​ស្រាវ​ជ្រាវ​ វិជ្ជា​ហោរាសាស្ត្រ និង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ នៃ​គណៈ​កម្មាធិការ​ជាតិ រៀប​ចំបុណ្យ​ជាតិ-អន្តរជាតិ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ចំនួនសរសៃ​ធូប​ ដែល​ត្រូវ​បាន​​​អុជ​​ផ្សេង​ៗ​គ្នានោះ គ្រាន់​តែ​ជា​​ទម្លាប់​របស់​មនុស្ស​ម្នាក់​ៗប៉ុណ្ណោះ​។ 


លោក ញាន ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

លោក​ថា អ្នក​ខ្លះ​យក​ចំនួន​សរសៃ​ធូប ដែល​ពួក​គេ​អុជ ធ្វើ​ជា​​តំណាង​ជំនឿ​អ្វី​មួយ​ដែល​ពួក​គេ​ជឿ និង​គោរព​។ ឧទាហរណ៍​ថា អុជធូប៣​សរសៃ តំណាង​ឱ្យ​រតនៈត្រៃ​ទាំង​៣ មាន​ព្រះ​ពុទ្ធ ព្រះ​ធម៌ និង​ព្រះ​សង្ឃ​។ ខ្លះ​អុជ​ធូប៥​សរសៃ​ តំណាង​ឱ្យ​ការ​គោរព​ ព្រះ​ពុទ្ធ​ទាំង​៥​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ដឹង​ក្នុង​ភទ្ទកប្ប​នេះ​ ឬ​តំណាង​ដល់​រតនៈ​ត្រៃ​និង​៣​ បូក​ទាំង​គុណ​មាតា​បិតា​ជា​ដើម​។ 
ដើម្បី​ជា្រប​កាន់​តែ​ច្បាស់​ សូម​អស់​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា អញ្ជើញ​ស្ដាប់​បទ​សម្ភាសរវាង​កញ្ញា ប៉ូ សាគុន ជា​មួយ​លោក​ ញាន ភឿន រដ្ឋ​លេខាធិការក្រសួងធម្មការ និង​សាសនា ដោយ​ក្ដី​សោមនស្ស​៖

 
 
​រដ្ឋ​លេខាធិការក្រសួងធម្មការ និង​សាសនាលោក ញាន ភឿន បញ្ជាក់​ថា ចំនួន​នៃ​ការ​អុច​ធូប​ ដោយ​គិត​ជា​សរសៃ​នោះ ពុំ​បាន​ចែងឬ​កត់​ត្រាតម្រូវ​​​ក្នុង​​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ណា​មួយ​​ឡើយ​ ដោយ​នេះ​អាស្រ័យ​លើ​ការ​យក​ជា​​តំណាង​របស់​បុគ្គល​រៀង​ខ្លួន​។ ប៉ុន្តែលោក​ថា ​ក្នុងគម្ពីរ​​ព្រះ​ត្រៃបីដក មាន​សរសេរ​ពី​​អានិសង្ឃ​នៃ​ការ​អុជ​ធូប ដែល​មាន​រហូត​ដល់​១០ប្រការ​។



អានិសង្ឃ​នៃ​ការ​អុជធូប នាំ​ឱ្យ​មាន​រាង​កាយ​ក្រអូប មាន​យស មាន​ប្រាជ្ញារហ័ស មាន​កេរ្ដិ៍​ឈ្មោះ មាន​ប្រាជ្ញាមុត មាន​ប្រាជ្ញាដូច​ផែនដី មាន​ប្រាជ្ញា​ស្រស់​ស្រាយ មាន​ប្រាជ្ញាជ្រៅ មាន​ប្រាជ្ញាទូលាយ និង​មាន​ប្រាជ្ញាស្ទុះ​​លឿន​ទៅ​។



បើ​ទោះ​បី​ជា​ការ​អុជ​ធូប ​នឹង​ទទួល​បាន​នូវ​អានិសង្ឃ​ក៏​ពិត​មែន​ ប៉ុន្តែ​លោក ញាន​ ភឿន ថា​អ្នក​អុជ​ធូប​ទាំង​ឡាយត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច រាល់​ពេល​អុជ​ធូប​​ ដើម្បី​កុំ​ឱ្យ​ការ​កុសល​ ក្លាយ​ទៅ​ជា​ក្ដី​​ទុក្ខ​សោក​ទៅ​វិញ​។ «សេចក្ដី​មិន​ធ្វេស​ប្រហែស​ ជា​ផ្លូវ​មិន​ស្លាប់​​​» ពុទ្ធឱវាទ៕ 




Tag:
 សាសនា
  ធូប
 
© រក្សាសិទ្ធិដោយ thmeythmey.com