ជាតិ
សេដ្ឋកិច្ច
៩ខែឆ្នាំ២០២១ កម្ពុជានាំចេញផលកសិកម្ម កើនឡើងជាង ២,៧លានតោន
07, Oct 2021 , 2:30 pm        
រូបភាព
ភ្នំពេញ៖ គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលកសិកម្មសរុបចំនួន ៥ ៩៣២ ៩២៣,៤៣តោន ទៅកាន់ប្រទេសចំនួន ៦៨។ កសិផលសរុប ដែលកម្ពុជានាំចេញនេះ កើនឡើង ៨៨,៤៨ភាគរយ ពោលគឺកើនឡើង ២ ៧៨៥ ២៣១,៥៧តោន បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ នេះបើតាមលទ្ធផល ការនាំចេញកសិផលទៅក្រៅប្រទេស របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ។

 
យោងតាមប្រភពដដែល ក្នុងចំណោមកសិផលសរុបជាង ២,៧លានតោន ការនាំចេញអង្ករទៅក្រៅប្រទេសមានចំនួន ៤១០ ៦៩៨តោន, ស្រូវមានចំនួន ២ ៥២៣ ២៦៣តោន, ចំណិតដំឡូងមីក្រៀមចំនួនជាង ១,៣លានតោន, ដំឡូងមីស្រស់ចំនួនជាង ២,២ម៉ឺនតោន, កាកសំណលដំឡូងមីមានជាង ៦ពាន់តោន។
ដោយឡែកការនាំចេញ គ្រាប់ស្វាយចន្ទីជាង ៨,៩សែនតោន, គ្រាប់ពោតជាង ១,៥សែនតោន, គ្រាប់សណ្ដែកបាយជាង ២,៥ម៉ឺនតោន, គ្រាប់សណ្ដែកសៀងមានជាង ២,៧ម៉ឺនតោន, ផ្លែចេកស្រស់ជាង ៣,៤សែនតោន, ក្រូចថ្លុងជាង ៣,៤ម៉ឺនតោន។
 
ចំពោះការនាំចេញស្វាយស្រស់មានជាង ១,៧សែនតោន, ដំណាប់ស្វាយជាង ១,៤ម៉ឺនតោន,​ទឹកសេរ៉ូស្វាយជាង ៤ពាន់តោន, ដូងប្រេងជាង ៤,៥ម៉ឺនតោន, ម្រេចជាង២,៧ម៉ឺនតោន, ថ្នាំជក់ជាង ២,៥ពាន់តោន, ម្ទេសស្រស់ជាង៨ម៉ឺនតោន, ម្ទេសក្រៀមជាង ១,៧ពាន់តោន, បន្លែចម្រុះជាង ៧៧តោន និងផលិតផលកសិកម្ម៧៤មុខផ្សេងទៀតជាង ១,៥សែនតោន។ 
ជាមួយគ្នានេះ ការប៉ាន់ប្រមាណតម្លៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ចំនួនការនាំចេញអង្ករទទួលបាន ៣៤៩ ៩១៤ ៦៩៦ដុល្លារអាមេរិក, ការនាំចេញអង្ករទទួលបាន ៤២៨ ៩៥៤ ៧១០ដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ និងអង្ករ មានចំនួន ២ ៧១០ ៩០៧ ៥៩៣,០៥ ដុល្លារអាមេរិក។ 
 
យ៉ាងណាមិញ ទ្វីបើកសិផលសរុបក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១នេះ មានការកើនឡើងចំនួន ៨៨,៤៨ភាគរយ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ប៉ុន្តែការនាំចេញអង្ករមានការថយចុះចំនួន ១៥,៩៧ភាគរយ។ ការណ៍នេះដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះទូរកុងទីន័រផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនខ្ពស់៕

Tag:
 ThmeyThmey25
  ការនាំចេញកសិផល
  ក្រសួងកសិកម្ម
  វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com