ជាតិ
តើការលក់អាហារតាមផ្លូវបែបណាទើបត្រូវស្តង់ដា?
07, Oct 2021 , 3:14 pm        
រូបភាព
ភ្នំពេញ៖ ចំណីអាហារតាមដងផ្លូវ ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ក្រៅពីរសជាតិ អាជីវករ ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យ សណ្ដាប់ធ្នាប់ និងសោភ័ណភាព។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានរៀបចំស្តង់ដាវិថីលក់ម្ហូបអាហារ សម្រាប់អាជីវករតាមដងផ្លូវ ដើម្បីបង្កើនការចាប់អារម្មណ៍ពីអតិថិជន។


ដើម្បីទាក់ទាញអតិថិជន និងភ្ញៀវទេសចរ អ្នកលក់ចំណីអាហារតាមដងផ្លូវ គួរអនុវត្តតាមស្តង់ដារ ដែលក្រសួងបានកំណត់ និងរៀបចំឡើង។ អាជីវករ គួររៀបចំលក់នៅលើទីធ្លាកំណត់ ឬតំបន់ ដែលមិនមែនជាចំណែកនៃផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈណាមួយនោះទេ។ ពួកគេ គួររៀបចំកន្លែងលក់ ដូចជា ផ្សាររាត្រី ផ្សារណាត់ ពិព័រណផលិតផល ឬម្ហូបជាដើម។


 
ចំពោះតូបអាហារចល័ត ភាគច្រើនលក់នៅតាមដងផ្លូវ និងឈប់លក់នៅទីតាំងណាមួយ។ អាជីវករលក់អាហារចល័ត ប្រើមធ្យោបាយផ្សេងៗគ្នាដូចជា រែកលក់ ខ្លះអូស ឬរុញ ដោយរទេះ ខ្លះដឹកកង់ ឬម៉ូតូ និងខ្លះទៀត ប្រើរ៉ឺម៉កសណ្ដោង ឬរថយន្តកែច្នៃជាដើម។ ដោយឡែក តូបលក់អាហារអចល័ត គឺមានទីតាំងច្បាស់លាស់ ដូចជានៅតាមផ្សារ តាមចិញ្ចើមផ្លូវ និងទីធ្លាសាធារណៈណាមួយ។


 
ទន្ទឹមនឹងនេះ អាជីវករលក់ចំណីអាហារតាមដងផ្លូវទាំងអស់ ក៏គួរពង្រឹងស្តង់ដារអនាម័យ លើចំណីអាហាររបស់ខ្លួន ដើម្បីជៀសវាងការចម្លងមេរោគផ្សេងៗ ពិសេសក្នុងបរិបទកូវីដ-១៩នេះ។ ស្តង់ដាអនាម័យ ដែលអាជីវករ ត្រូវធ្វើអំឡុងនេះគឺពាក់ម៉ាស,បាញ់អាល់កុល,សម្អាតកន្លែងលក់ឱ្យបានទៀងទាត់, រក្សាគម្លាតរវាងអ្នកលក់ និងអ្នកទិញ, ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងលាងសម្អាតដៃឱ្យបានញឹកញាប់។


 
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ពិសេសលើការពង្រឹងសមត្ថភាព អនាម័យ រសជាតិ ក៏ដូចជាគុណភាព របស់អ្នកលក់ដូរតាមដងផ្លូវ ក្រុមហ៊ុនកូកាកូឡា និងក្រសួងទេសចរណ៍ បានរៀបចំកម្មវិធី «ការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត
និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមផ្លូវ (Street Food Vendors)» សម្រាប់បណ្ដុះបណ្ដាលអាជីវករខ្នាតតូច និងមធ្យមទូទាំង២៥រាជធានីខេត្តផងដែរ។ កម្មវិធីបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមនៅខេត្តកោះកុង ក្នុងពេលខាងមុខនេះ៕




 

Tag:
 ស្តង់ដារ
 ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com