ជាតិ
ក្រៅពីស្រុកវាលវែង រដ្ឋបាលខេត្តពោធិ៍សាត់ បន្តបង្កើនផលិតផលទេសចរណ៍នៅតំបន់ផ្សេង
08, Oct 2021 , 7:59 am        
រូបភាព
ដោយ:
រដ្ឋបាលខេត្តពោធិ៍សាត់ កំពុងបង្កើនផលិតផលទេសចរណ៍នៅតាមបណ្ដាស្រុកផ្សេងៗទៀត ខណៈស្រុកវាលវែងកំពុងមានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវទេសចរជិតឆ្ងាយ។ បើតាមលោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ក្នុងពេលយ៉ាងខ្លីខាងមុខ កន្លែងទេសចរណ៍ធម្មជាតិមួយចំនួនទៀត នឹងបើកទទួលទេសចរ។



សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសតាមទូរស័ព្ទ រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ដូចតទៅ៖ 
 
 
ខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍ជាង ៣០កន្លែង ចែកចេញជា ៣ប្រភេទគឺ ទេសចរណ៍ទន្លេសាប ទេសចរណ៍វប្បធម៌ និងសហគមន៍ទេសចរណ៍។ ចាប់តាំងពីបើករមណីយដ្ឋានទទួលភ្ញៀវទេសចរឡើងវិញ ខេត្តពោធិ៍សាត់ត្រូវបានផ្ទុះការគាំទ្រជាថ្មីពីភ្ញៀវជាតិ។ បច្ចុប្បន្ន ទេសចរនិយមទៅកម្សាន្តនៅស្រុកវាលវែង ដែលមានសក្តានុពលសំខាន់ៗដូចជា ទឹកធ្លាក់ថ្មដា ភ្នំ១៥០០ ផ្លូវបុប្ផាលាក់ខ្លួន និងសហគមន៍អេកូទេសចរណ៍អូរសោម។
 
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានបង្ហាញការភ្ញាក់ផ្អើល និងរំភើប ចំពោះការកើនឡើងនៃចំនួនភ្ញៀវទេសចរ ក្រោយបើកដំណើរការឡើងវិញ។ កំណើនភ្ញៀវទេសចរនេះ ត្រូវបានអភិបាលរងខេត្តពោធិ៍សាត់កត់សម្គាល់ថា ទេសចរនិយមទៅកម្សាន្ត និងទស្សនានៅភ្នំ១៥០០ ព្រោះរដូវវស្សាធ្វើឱ្យទេសភាពតាមដងផ្លូវឡើងលើភ្នំខៀវស្រងាត់ និងមានអាកាសធាតុត្រជាក់។
 
ទន្ទឹមនឹងកំណើនភ្ញៀវទេសចរក្នុងស្រុកវាលវែង អភិបាលរងខេត្តរូបនេះ បានលើកឡើងថា រដ្ឋបាលខេត្តកំពុងពង្រឹងវិធានសុខាភិបាល និងអនាម័យ ក៏ដូចជាពង្រីកកន្លែងកម្សាន្តផ្សេងទៀតសម្រាប់ទទួលទេសចរ។ « យើងមានបឹងព្រះពន្លៃថ្មីមួយ ដែលយើងកំពុងរៀបចំ។ បឹងនោះធំ និងអាចឱ្យទេសចរជិះទូកកម្សាន្តបាន។ តំបន់បឹងទន្លេសាបក៏យើងចាំផ្ដើមរៀបចំឡើងវិញ។ ចំណែកតំបន់ព្រំប្រទល់ខេត្តត្រាត យើងមានទឹកជ្រោះ ៧ជាន់ថែមមួយទៀត។ តំបន់រាំងខ្វាវ ផ្លូវរៀងលំបាកបន្តិច តែនៅទីនោះមានទេសភាពស្អាត ជួរភ្នំយ៉ាងវែងអន្លាយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៊ឹង គឹមលាង។
 
ក្រៅពីកំណើនរមណីយដ្ឋាន រីសតតូចៗ ហាងកាហ្វេ កន្លែងស្នាក់នៅក៏បន្តរីកដុះដាលក្នុងខេត្តពោធិ៍សាត់ផងដែរ។ ជាមួយគ្នានេះ អភិបាលរងខេត្តរូបនេះ បានអំពាវនាវឱ្យភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តពោធិ៍សាត់រក្សាអនាម័យ ជាពិសេសអនុវត្តវិធានសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕
 
 

Tag:
 ពោធិ៍សាត់
  ThmeyThmey25
  សម្ភាស
  វីដេអូ
  អ៊ឹង គឹមលាង
© រក្សាសិទ្ធិដោយ thmeythmey.com