ជាតិ
​​​ន​យោ​បាយ​ជាតិ​
The Guardian ប្តូរពីសម្តេច ហ៊ុន សែន ទៅជាមនុស្សក្បែរខ្លួនសម្តេចវិញដែលបានលិខិតឆ្លងដែនស៊ីប
07, Oct 2021 , 4:41 pm        
រូបភាព
ដោយ: រួបរួម
បីថ្ងៃក្រោយការចុះផ្សាយថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលទទួលបានលិខិតឆ្លងដែនស៊ីប កាសែត The Guardian របស់អង់គ្លេស បានកែតម្រូវខ្លឹមសាររបស់ខ្លួនឡើងវិញ ដោយប្តូរពីបុគ្គលសម្តេច ហ៊ុន សែន ទៅជាអ្នកសិ្នទ្ធក្បែរខ្លួនសម្តេចវិញ។

 
ខ្លឹមសារដំបូងនៃអត្ថបទ [ចុះកាលពីថ្ងៃទី៣ ខែតុលា] ក្រោមចំណងជើងថា «ក្រុមហ៊ុនច្បាប់របស់ប្រធានាធិបតីស៊ីប រងការចោទប្រកាន់ពីបទលាក់ទ្រព្យសម្បត្តិនិរទេសជនរុស្ស៊ី» (Law firm founded by Cypriot president accused of hiding assets of Russian exile)  បានលើកឡើងមិនត្រឹមត្រូវ ដែលថា មេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលទទួលបានលិខិតឆ្លងដែនស៊ីប»។ នៅថ្ងៃទី៦ ខែតុលា The Guardian បានកែតម្រូវឡើងវិញ ដោយសរសេរថា៖ «បុគ្គលមួយចំនួនដែលស្និទ្ធជុំវិញមេដឹកនាំកម្ពុជា ស្ថិតក្នុងចំណោមមនុស្សមិនមែនជនជាតិអឺរ៉ុប រាប់ពាន់អ្នកដែលទទួលបានលិខិតឆ្លងដែនស៊ីប»។
 
ការកែតម្រូវរបស់កាសែតដ៏ធំរបស់អង់គ្លេសនេះ កើតឡើង ក្រោយរលកនៃការតវ៉ាពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា។ ភ្លាមៗ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើលិខិតជូនទៅអ្នកស្រី ស្ទេហ្វ៊ី ដ្រាកូស (Stephie Dracos) រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសណ្ឋាប់ធ្នាប់នៃសាធារណរដ្ឋស៊ីប (Cyprus) ដើម្បីសុំឲ្យមានការស៊ើបអង្កេត រីឯលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសរសេរទៅកាន់លោកស្រី Katherine Viner និពន្ធនាយិកា The Guardian ឲ្យផ្ទៀងផ្ទាត់ និងកែតម្រូវខ្លឹមសារផងដែរ។
 
មន្ត្រីកម្ពុជា សុទ្ធបានច្រានចោលការផ្សាយពីសម្តេច ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ជាតិស៊ីប ដោយចាត់ទុកថាជាការបំផ្លើសការពិត ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សម្តេច។ «សម្តេច ហ៊ុន សែន មានសញ្ញាតិខ្មែរតែមួយគត់» និងធ្លាប់ប្រកាសជាសាធារណៈថា ដាច់ខាតមិនរត់ចោលប្រជាជនកម្ពុជាឡើយ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ»។ នេះជាអំណះអំណាងរបស់លោក កើត រិទ្ធ ទៅកាន់សមភាគីស៊ីប។
 
សូមរំលឹកថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ The Guardian បានចុះផ្សាយថា សម្តេច ហ៊ុន សែន ទទួលបានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។ សារព័ត៌មាននេះ ចុះផ្សាយតាមរបាយការណ៍មួយ ដែលបញ្ចេញដោយក្រុមស៊ើបអង្កេតអន្តរជាតិ ហៅថា The Pandora Papers Investigation។
 
ការផ្សាយរបស់សារព័ត៌មាន The Guardian ត្រូវបានក្រុមប្រឆាំង ចែករំលែកយ៉ាងផុសផុស។ លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំងនៅក្រៅប្រទេស មិនត្រឹមតែផ្សាយបន្តពីសារព័ត៌មាន The Guardian ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីបនោះទេ តែលោក ថែមទាំងអះអាងថា សម្តេច បានទិញសញ្ជាតិស៊ីបផងដែរ។ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៊ី ប្រកាសប្រាប់ប្រជាជនថា រដ្ឋាភិបាលរបស់សម្តេច ហ៊ុន សែន ជិតដល់ទីបញ្ចប់ហើយ ទើបសម្តេច ទិញលិខិតឆ្លងដែន និងសញ្ជាតិស៊ីប ដោយប្រុងនាំគ្រួសាររត់ចេញពីប្រទេសកម្ពុជា។
 
រំលងបានតែ១ថ្ងៃ ក្រោយការបំផុសបំផុលព័ត៌មានពីសំណាក់លោក សម រង្ស៊ី សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ក៏ប្រកាសលើទំព័រហ្វេសប៊ុកវិញ ពីការសម្រេចចិត្តរបស់សម្តេច ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យមេដឹកនាំកំពូល៤រូបរបស់កម្ពុជា រួមមាន ប្រធានក្រុមក្រុមប្រឹក្សាធម្មនុញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង ប្រធានអង្គនីតិប្រតិបត្តិ (នាយករដ្ឋមន្រ្តី) មានសញ្ជាតិខ្មែរតែមួយ ដោយមិនត្រូវមានសញ្ញាតិផ្សេងឡើយ។ កិច្ចការពិភាក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ សម្តេច បានប្រគល់ទៅឲ្យលោក កើត រិទ្ធ។ 
 
«បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ២ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តីត្រូវការសំឡេង២ភាគ៣ ទើបអាចអនុម័តបាន»។ នេះជាសាររបស់សម្តេច ហ៊ុន សែន ដែលមិនសំដៅចំឈ្មោះបុគ្គលណាម្នាក់។ យ៉ាងណា សារនេះ ហាក់ចង់សំដៅទៅក្រុមប្រឆាំង ពិសេសលោក សម រង្ស៊ី ដែលមានបំណងចង់ដឹកនាំប្រទេសក្នុងតំណែងជានាយករដ្ឋមន្រ្តី ខណៈលោក មានសញ្ជាតិបារាំង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com